សេង ពិសិដ្ឋ៖ ឱ្យ​កូន​រៀន​សាលា​ថ្លៃ មិន​មែន​ជា​ការ​ផ្ដល់​ភាព​កក់​ក្ដៅ​ដល់កូន​ទេ

  • 2017-06-13 07:05:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ ការ​រៀបចំ​ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី​៤​ នេះ​ លោក​ សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍​ បាន​និយាយ​យ៉ាង​ដូច្នេះ​ថា៖ "តាម​ពិត​ទៅ​ការ​បញ្ជូន​កូន​ឱ្យ​ទៅ​រៀន​សាលា​ថ្លៃ មិន​មែន​ជា​ផ្ដល់​ភាព​កក់​ក្ដៅ​ឱ្យ​កូន​ ដូច​ដែល​ឪពុក​ម្ដាយ​មួយ​ចំនួន​យល់​ឃើញ​នោះ​ទេ​។ ប៉ុន្តែ​ការ​ចំណាយ​ពេល​វេលា​ជាមួយ​កូន បង្កើត​ឱ្យ​មាន​ភាព​ស្និទ្ធស្នាល​ជាមួយ​កូន​ ទើប​ជា​ការ​ផ្ដល់​ភាព​កក់​ក្ដៅ និង​សុភមង្គល​ដ៏​ពិត​ប្រាកដ​ឱ្យ​កូន​។"

នាយក​ប្រតិបត្តិ​វ័យ​ក្មេង​រូប​សង្ហារ​នេះ បន្ត​ទៀត​ថា ឪពុក​ម្ដាយ​ភាគ​ច្រើន​រវល់​ជាមួយ​នឹង​ការ​រកស៊ី ធ្វើ​ការ​ខ្លាំង​ពេក រហូត​ដល់​ថ្នាក់​គ្មាន​ពេល​វេលា​ឱ្យ​កូន​ទាល់​តែ​សោះ ហើយ​កូន​ក៏​ខ្វះ​ភាព​កក់​ក្ដៅ​ ការ​ថែ​ទាំ​ពី​ឪពុក​ម្ដាយ​។ លោក​លើក​ទៀត​ថា ការ​ផ្ដល់​ពេល​វេលា​ខ្លះ​ឱ្យ​កូន​ដូចជា​ការ​និទាន​រឿង​ឱ្យ​កូន​ស្ដាប់ បណ្ដុះ​កូន​ឱ្យ​មាន​ទម្លាប់​អាន​សៀវភៅ ជា​ដើម​។ ទាំង​នេះ​ហើយ​ជា​អ្វី​ដែល​ឪពុក​ម្ដាយ​គ្រប់​រូប​គួរ​ពិចារណា​។

ដោយ​មាន​ការ​យល់​ឃើញ​បែប​នេះ​ហើយ ទើប​ក្រុម​ហ៊ុន​របស់​លោក​បាន​បង្កើត​នូវ​កម្មវិធី​ពិព័រណ៍​កុមារ និង​គ្រួសារ​នេះ​ឡើង​ គឺ​ដើម្បី​ឱ្យ​កូន​ៗ និង​ឪពុក​ម្ដាយ​បាន​ជុំ​គ្នា មាន​ភាព​ស្និទ្ធស្នាល​នឹង​គ្នា ​មាន​ឱកាស​បង្កើត​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​កូន​។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​លោក សេង ពិសិដ្ឋ​ ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី ៤​នេះ មាន​កម្ម​វិធី​ជា​ច្រើន​គួរ​ឱ្យ​ចាប់​អារម្មណ៍ និង​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​មុន​ ក្នុង​នោះ​រួម​មាន​៖ ការ​ប្រឡង​ក្រង​សក់​របស់​ប្អូនៗ​កុមារី ការ​ប្រកួត​វារ​ម៉ារ៉ាតុង​ចំពោះ​ក្មេង​តូចៗ​មិន​ទាន់​ចេះ​ដើរ ការ​ប្រកួត​ផ្នែក​អក្សរសាស្ត្រ​មាន​ជា​ការ​សូត្រ​កំណាព្យ និទាន​រឿង ​ប្រកួត​សូត្រ​មេលេខ និង​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ទៀត​ មាន​ច្រៀង​ រាំ បង្ហាញ​ម៉ូត​ជា​ដើម​។

តាម​ការ​បញ្ជាក់​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​អនុស្សា​រៀបចំ​ពិព័រណ៍ បាន​ឱ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​កម្មវិធី​ក៏​មាន​ការ​ចូល​រួម​ពី​បណ្ដា​ក្រុមហ៊ុន​ជា​ច្រើន រហូត​ដល់​ជិត​ ២០០​ក្រុមហ៊ុន ព្រម​ជាមួយ​នឹង​ការ​បញ្ចុះ​តម្លៃ​យ៉ាង​ពិសេស​ក្នុង​ថ្ងៃ​នោះ​ផ្ទាល់​តែ​ម្ដង​ ចាប់​ពី ៥០​%​ឡើង​ទៅ​។ ​លោក​រំពឹង​ថា​ក្នុង​ឆ្នាំ​នេះ នឹង​មាន​ការ​ចូលរួម​ប្រមាណ​ជាង​ ២​ម៉ឺន​នាក់​ពី​សំណាក់​ឪពុក​ម្ដាយ និង​កុមារ​កម្ពុជា​ទាំង​អស់​។

គួរ​បញ្ជាក់​ដែរ​ថា ពិព័រណ៍​កុមារ និង​គ្រួសារ​លើក​ទី​៤ នឹង​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី ១៧ ១៨ ខែ​មិថុនា ឆ្នាំ ២០១៧ ចាប់​ពី​ម៉ោង ៨​ព្រឹក​រហូត​​ដល់​ម៉ោង ៨​យប់ នៅ​អគារ​ពិព័រណ៍​កោះ​ពេជ្រ​ខាង​មុខ​នេះ៕​​​​

អត្ថបទ៖ វឌ្ឍនៈ