តុលាការអាមេរិក​កាត់ទោសខុស​ជាប់គុក ១៧ឆ្នាំ ព្រោះ​មុខមាត់​ដូចជនសង្ស័យ

  • 2017-06-13 07:59:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Richard Jones ​ជា​ជនជាតិ​អាមេរិក បាន​ជាប់​ពន្ធនាគារ​រយៈពេល ១៧​ឆ្នាំ​ ក្រោម​បទ​ចោទ​ថា​បាន​ប្រព្រឹត្តិ​បទ​​ឧក្រិដ្ឋ តែ​លោក​តែង​តែ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត។

Ricky Amos (ខាងឆ្វេង), Richard Jones (ស្ដាំ)

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន លោក​ Jones ​ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ឡើង​វិញ ​ក្រោយ​​សាក្សី​ជា​ច្រើន​នាក់​ប្រាប់​ថា ​ពួក​គេ​បាន​ឃើញ​បុរស​​​ម្នាក់​​មាន​មុខ​មាត់​ដូច​គ្នា​​ទៅ​នឹង​លោក​​ Jones។ មេធាវី​​របស់​លោក​ក៏​​រក​ឃើញ​ថា​ គាត់​មាន​មុខ​មាត់​ស្ទើរ​​តែ​ដូច​​ជនសង្ស័យ​​បេះបិទ ​ហើយ​ឈ្មោះ​ក៏​ស្រដៀង​គ្នា​ទៀត។

លោក Jones ​​ប្រាប់​ថា ​នៅ​ពេល​ឃើញ​រូបថត លោក​មាន​អារម្មណ៍​ភ្ញាក់ផ្អើល​​ខ្លាំង​ដោយ​សារ​តែ​មុខ​មាត់​ដូច​ខ្លួន​ពេក​ ធ្វើ​ឲ្យ​គេ​​ងាយ​យល់​ច្រឡំ។ លោក​ Jones ​រស់​នៅ​ទីក្រុង Kansas ​រដ្ឋ Missouri ​សហរដ្ឋ​អាមេរិក ត្រូវ​បាន​ចោទប្រកាន់​​ករណី​ប្លន់​ក្នុង​ឆ្នាំ ១៩៩៩។

ប៉ុន្តែ Jones បាន​ស្បថ​ថា ​​ខ្លួន​មិន​បាន​ប្រព្រឹត្តិ​​រឿង​ទាំង​នេះ​ឡើយ ព្រោះ​ពេល​កើត​ហេតុ ​ខ្លួន​​ស្នាក់​នៅ​ក្នុង​ផ្ទះ​។ ​ទោះ​យ៉ាង​ណា តុលាការ​បាន​សម្រេច​​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​ ១៩​ឆ្នាំ ​ទាំង​​​គាត់​មាន​កូន​​តូច​អាយុ​ពីរ​បី​ខែ​ម្នាក់​ផង។

ការ​​ទើប​បែក​ធ្លាយ គឺ​នៅ​ក្នុង​ឆ្នាំ ២០១៥ លោក Jones បាន​ទទួល​ដំណឹង​​ពី​អ្នក​ទោស​​ផ្សេង​ទៀត​ក្នុង​ពន្ធនាគារ Lansing Correctional Facility ​ថា​មាន​បុរស​ម្នាក់​មាន​មុខ​មាត់​ដូច​លោក​ខ្លាំង​ណាស់ និង​ឈ្មោះ​​ស្រដៀង​គ្នា គឺ​ឈ្មោះ Ricky ហើយ​សកម្ម​ក្នុង​អំពើ​ឆក់​ប្លន់។ ​ក្រោយ​មក​ លោក Jones បាន​ទាក់​ទង​ទៅ​មេធាវី​នៅ​សាលា​ច្បាប់ University of Kansas Law School ឲ្យ​ជួយ​រក​យុត្តិធម៌។

​​ក្រុម​មេធាវី​បាន​​តាម​ដាន​បុរស​ជា​ជន​សង្ស័យ Ricky Amos ​ដែល​រស់​នៅ​ទីក្រុង Kansas ដូច​គ្នា។ ​បន្ថែម​លើ​នេះ Ricky ​មាន​កម្ពស់ និង​ទម្ងន់​ប្រហាក់​ប្រហែល​គ្នា​ទៀត​ជាមួយ​លោក Jones​ និង​មាន​​​អាយុ​ប្អូន​​មួយ​ឆ្នាំ។ ​ប៉ុន្តែ Ricky ​បាន​បដិសេធ​ការ​ជាប់​ពាក់​ព័ន្ធ​នានា។ ​យ៉ាង​ណាក្ដី​ បច្ចុប្បន្ន Ricky ​កំពុង​​ជាប់​ពន្ធនាគារ​ស្រាប់​ជាមួយ​​បទ​ល្មើស​ផ្លូវ​ភេទ ប្លន់ ​និង​លាក់​ទុក​គ្រឿង​ញៀន​ជា​ដើម។ ដោយ​សារ​តែ​ការ​ប្រមូល​ភស្តុតាង​ជាង ២ឆ្នាំ មេធាវី​ថ្មី​របស់​លោក គឺ​អ្នក​ស្រី Alice Craig ​បាន​ជួយ​ឲ្យ​លោក​​ចេញ​ផុត​ពី​ការ​ចោទ​ប្រកាន់​ដោយ​ជោគជ័យ។

ក្រោយ​ដោះ​លែង សប្បុរស​​ជន​បាន​រៃអង្គាស​ប្រាក់​តាម​អនឡាញ​​បាន​ប្រមាណ ១ម៉ឺន​ដុល្លារ​ត្រឹម​រយៈ​ពេល​ ២​ថ្ងៃ ហើយ​លោក​ក៏​គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ប្ដឹង​បក​វិញ​ផង​ដែរ៕

ប្រភព៖ CNBC   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម