ជឿ​អត់ថា​មាន​​​ឪពុក​​​ល្អ ​​​កូន​​​ស្រី​​​កម្រ​​​យក​​​ប្តី​​​ខុស​​​ណាស់​

  • 2017-06-15 09:08:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ស្ត្រី​​​ម្នាក់​​​​រាប់​​​ទុក​​​ថា​​​មាន​សំណាង​​​​មួយ​ជីវិត​​​​បើ​​​​បាន​​​​កើត​ក្នុង​​​គ្រួសារ​​​ដែល​ពោរពេញ​ដោយ​​​ភាព​កក់​ក្តៅ ពិសេស​​​គឺ​មាន​​​ឪពុក​​​ដ៏​ល្អ ​ ដែល​​​មាន​​​ការ​ទទួលខុស​​​ត្រូវ​ខ្ពស់ និង យកចិត្ត​​​ទុកដាក់​ខ្លាំង​ចំពោះ​គ្រួសារ​។

​រៀបរាប់​​​ទាំង​មោទនភាព​និង​ក្តី​ស្រលាញ់​​​ពី​​​ឪពុក​ខ្លួន​​ កូនស្រី​វ័យ ២៧​ឆ្នាំ​​​ម្នាក់ ឈ្មោះ នី​តា​​ បាន​ប្រាប់ ​Sabay ថា​៖ «​ខ្ញុំ​ចាប់​​​ទុក​ប៉ា​​​ដូចជា​​​វីរបុរស​ម្នាក់ ជា​ស្នេហា​គ្រា​ដំបូង ជា​​​ឧត្ដម​ឪពុក​ ជា​​​កំពូល​បុរស​​ ព្រោះ​តាំងពី​តូច​រហូតដល់​​​ធំ​​​ប៉ា​ស្រលាញ់​មើលថែ​ខ្ញុំ​និង​បងស្រី​​​ដោយ​ក្តី​ស្រលាញ់​​ និង​យកចិត្តទុកដាក់​បំផុត​។​​ នៅ​ជាមួយ​ប៉ា​ទាំង​​​ពី​តូច​ដល់​ធំ​ធ្វើឲ្យ​​​ខ្ញុំ​បាន​ដៅ​​​ច្បាស់​ថា​បុរស​បែប​ណា​​​ដែល​គួរ​​​យក​ជា​គូ​អនាគត​​ »។​​

កញ្ញា​​​បន្ត​​​ថា​​៖ «ខ្ញុំ​ចេះតែ​គិត​ច្រើន​​​ម្នាក់​ឯង​ថា​ តើ​ខ្ញុំ​អាច​មាន​សំ​ណា​ង​ដូច​ម៉ាក់​ខ្ញុំ​​​ឬ​អត់​ទេ​​​ដែល​មាន​ប្តី​ល្អ​បែបនេះ​។​​ ប៉ា គឺជា​បុរស​​​ម្នាក់​​​​មាន​​​សមត្ថភាព ចំណេះ ជំនាញ​​​​អាច​ទំនុក​បម្រុង​គ្រួសារ​​​ឲ្យ​រស់នៅ​​​បាន​ស្រួល ចេះ​ផ្ដល់​ភាព​កក់​ក្ដៅ និង លេង​ជាមួយ​កូន​។ ពិសេស​​​ប៉ា​តែង​ផ្ដល់​អាទិភាព​ដល់​​​គ្រួសារ និង​ចំណាយ​យ៉ាង​ច្រើន​អប់​រំ​ប្រដៅ​កូន​ដោយ​ផ្ទាល់​​» ។​

(រូបតំណាង​)

ក្នុង​​​លោក​​​នេះ​​​គ្មាន​អ្វី​ដែល​សម​ប្រាថ្នា​គ្រប់​យ៉ាង​​​ឡើយ​​ ទោះ​ទីបំផុត​នីតា​បាន​​​រក​ឃើញ​បុរស​ដ៏​ល្អ​ម្នាក់​​​​តាម​​​បំណង ​ តែ​​​គួរ​​​ឲ្យ​​​ស្ដាយ​លោក​ឪពុក​​​មិន​បាន​នៅ​​​ឃើញ​ថ្ងៃ​ជ័យ​របស់​កូន​ស្រី​សំណព្វ​ចិត្ត​នេះ​ឡើយ។ នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៤​ ឪពុក​នីតា​បាន​លាចាក​លោក​ដោយ​ជំងឺ ទាំង​នីតា​មិន​ទាន់​បាន​ណែនាំ​បុរស​ដែល​ខ្លួន​ប៉ង​រៀបការ​​ជាមួយ​ឲ្យ​លោក​ឪពុក​បាន​ស្គាល់​ផង។​

ក្នុង​ឆ្នាំ២០១៥​​ នីតា​បាន​សម្រេច​ចិត្ត​រៀបការ​ ហើយ​​បច្ចុប្បន្ន​នាង​បាន​ក្លាយ​ជា​ម្ដាយ​ក្មេង​ស្រី​គួរ​ឲ្យ​ស្រលាញ់​អាយុ​​៦និង​មាន​ជីវិត​គ្រួសារ​ដ៏​កក់​ក្ដៅ​មួយ​។

នី​តា​បាន​រៀប​រាប់​ទាំង​ក្តុកក្តួល​​ចិត្ត​ថា​៖ ​«​ខ្ញុំ​​​​​ចង់​​​ឲ្យ​ប៉ា​​​ដឹង​​​ថា​​​ពេល​នេះ​​​ខ្ញុំ​​​​ពិតជា​អាច​​​​រក​ឃើញ​បុរស​​ម្នាក់​​​ដែល​ល្អ​ដូច​ប៉ា​​​អីចឹង។ ​សកម្មភាព​​​របស់​​​ប្ដី​ខ្ញុំ​​ជា​ច្រើន​តែង​ធ្វើ​ឲ្យ​​​ខ្ញុំ​​នឹកឃើញ​ប៉ា​​​។​​ ពិសេស​​​ក្រោយពេល​​​យើង​​​ក្លាយ​ជា​​​ឪពុក​ម្ដាយ​គេ ខ្ញុំ​​​​កាន់​តែ​ច្បាស់​​​ថា​​​ខ្ញុំ​​សម្រេចចិត្ត​​​មិន​ខុស​​​។ គាត់​​​តែង​ជួយ​មើល​ថែ​កូន​ គាត់ងើប​កណ្ដាល​​​​​យប់​​ឆុង​ទឹកដោះ​គោ​ឲ្យ​​​កូន ងូតទឹកឲ្យកូន និង មិន​ដែល​បណ្ដោយ​ឲ្យខ្ញុំ​​ធ្វើ​ការងារ​​​ធ្ងន់​ឡើយក្រោយ​សម្រាល​កូន»​។​

​នី​តា​ក៏​​​​​ចង់​​​ផ្ដាំ​ផ្ញើ​ពាក្យ​​​ពេចន៍​ខ្លះ​ទៅកាន់​​​មិត្ត​អ្នកអាន​៖ «​​ខ្ញុំ​​​ជឿជាក់​​​ថា​​​គ្រួសារ​​​ទាំង​អស់​​​​មាន​ស្ថានភាព​មិន​ដូចគ្នា​ទេ​។ តែ​​​សូម​​​ចងចាំ​ថា បើ​ទោះជា​​​ឪពុក​អ្នក​មិន​​​បាន​ផ្តល់​​​​ភាព​កក់​ក្ដៅ​ដែល​អ្នក​ចង់​​​បាន​​​ក៏ដោយ​​ អ្នក​គួរ​ធ្វើ​​​ជា​​​ឪពុក​​​ម្ដាយ​​​ដ៏​ល្អជា​ចំពោះ​កូន​។ ហើយ​​​កុំ​ភ្លេច​​​ថា​ត្រូវ​ធ្វើ​បុណ្យ​ទាន់​ខែ​ភ្លឺ​​​​ អំពើ​ល្អ​របស់​អ្នក​ចំ​ពោះ​ម្ដាយ​​​ឪពុក​​ថ្ងៃ​នេះ ជា​​​គំរូ​​​ល្អ​ដល់​កូន​របស់​អ្នក​ទៅ​ថ្ងៃក្រោយ​​​»​៕ ​

អត្ថបទ៖ លីដា