ផ្ទុះយ៉ាងសាហាវ នៅក្បែរសាលាមត្តេយ្យមួយ ស្លាប់និងរបួស ជាង៧០នាក់

  • 2017-06-16 01:06:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស​ចំនួន ៨ នាក់​បាន​ស្លាប់ និង ៦៥ នាក់​ផ្សេង​ទៀត​រង​របួស ដោយ​ក្នុង​នោះ​រួម​មាន​កុមារ​ផង​ដែរ បន្ទាប់​ពី​មាន​ហេតុការណ៍​បំផ្ទុះ​យ៉ាង​សាហាវ​មួយ នៅ​ក្បែរ​សាលាមត្តេយ្យ​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ស្រុក Fengxian ភាគ​ខាងកើត​ប្រទេស​ចិន កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ម្សិលមិញ​នេះ។

បើ​យោង​តាម​សារព័ត៌មាន CCTV របស់​ប្រទេស​ចិន បាន​ឲ្យ​ដឹង​ថា ជន​រងគ្រោះ​ចំនួន ២ នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ ៦ នាក់​ផ្សេង​ទៀត បាន​ស្លាប់​នៅ​មន្ទីរពេទ្យ ហើយ​មាន​មនុស្ស ៩ នាក់​កំពុង​ស្ថិត​ក្នុង​អាការៈ​ធ្ងន់ធ្ងរ។

ទោះ​បី​ជា​យ៉ាង​ណា មិន​មាន​កូន​សិស្ស ឬ​គ្រូ​បង្រៀន នៅ​ឯ​សាលាមត្តេយ្យ​ខាងលើ​បាត់បង់​ជីវិត​ឡើយ ដោយសារ​តែ​ពេល​នោះ ពួកគេ​កំពុង​រៀន។ នេះ​បើ​យោង​តាម​រដ្ឋាភិបាល​ស្រុក Fengxian ប្រាប់​ឲ្យ​ដឹង នៅ​លើ​បណ្ដាញ​សង្គម Weibo។

ប៉ូលិស​ស្រុក Fengxian បាន​ឲ្យ​ដឹង​ថា ហេតុការណ៍​ផ្ទុះ​ខាងលើ​បាន​កើត​ឡើង នៅ​ចំ​ពី​មុខ​ក្លោង​ទ្វា​នៃ​សាលាមត្តេយ្យ Chuangxin Kindergarten នៅ​វេលា​ម៉ោង ៤ និង ៥០ នាទី​ល្ងាច។

យ៉ាងណាមិញ គេ​បាន​កំណត់​មុខ​សញ្ញា​ជនសង្ស័យ​ម្នាក់ នៅ​ក្នុង​ហេតុការណ៍​ដ៏​គួរ​ឲ្យ​រន្ធត់​ខាង​លើ បើ​ទោះ​បី​ជា​គេ​មិន​ទាន់​ដឹង​ពី​មូលហេតុ នៃ​ការ​បំផ្ទុះ​នោះ​ពិតប្រាកដ​ក៏​ដោយ។ នេះ​បើ​យោង​តាម​សារព័ត៌មាន ABCNews៕

សូម​ទស្សនា​វីដេអូ​ទាំង​អស់​គ្នា៖

ប្រភព៖ CNN | ABC News   ប្រែ​សម្រួល៖ សេង ឡុង