ឈឿន​ ឆៃដែន​ ប្រឡូក​ប្រដាល់​វិញ​ក្រោយ​ របួសជង្គង់បាត់​មុខ​​ជាង​កន្លះ​ឆ្នាំ

  • 2017-06-16 02:34:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​ដើម​កំណើត​មក​ពី​ខេត្ត​បាត់ដំបង​ ឈឿន​ ឆៃដែន​ សម្រេច​ចូល​ប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ឡើង​វិញ​ក្រោយ​របួស​ជង្គង់​ធូរស្រាល​និង​ជា​សះស្បើយ​ស្ទើរ​១០០​ភាគរយ​ ដើម្បី​ជីវភាព​គ្រួសារ​និង​ចិត្ត​គំនិត​នៅ​តែ​ស្រឡាញ់​ប្រដាល់។​

កីឡាករ​ ឈឿន​ ឆៃដែន​

កីឡាករ​ ឈឿន​ ឆៃដែន​ បាន​និយាយ​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​គេ​ចូល​ក្លឹប​ហ្វឹកហាត់​ប្រដាល់​ឡើង​វិញ​ហើយ​ បន្ទាប់​ពី​ឈប់​ប្រកួត​អស់​រយៈ​ពេល​ប្រហែល​ជាង​កន្លះ​ឆ្នាំ​កន្លង​ទៅ។​ ក្រោយ​ចំណាយ​ពេល​ព្យាបាល​ជង្គង់​អស់​មួយ​រយៈ​ពេល​កន្លង​មក ​ហើយ​ធូរ​ស្រាល​អាច​ឡើង​ប្រកួត​វិញ​បាន ទើប​គេ​សម្រេច​ចូល​សង្វៀន​វិញ​តែ​​ម្ដង ជើង​ខ្លាំង​រូប​នេះ​ទម្លាក់​ទម្ងន់​មក​ត្រឹម​ ៦០គីឡក្រាម​វិញ​ម្ដង។​

អ្នក​ប្រដាល់​រូប​នេះ​បន្ថែម​ទៀត​ថា​ ហេតុ​តែ​ខ្លួន​ទម្លាក់​ទម្ងន់​ដូច​នេះ​ដោយ​សារ​ថា​ របួស​របស់​ខ្លួន​នៅ​មិន​ទាន់​ជា​ស្រួលបួល​នៅ​ឡើយ​ ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម​នេះ​មិន​សូវ​ជា​មាន​កីឡាករ​ខ្លាំង​ហួស​សមត្ថភាព​ខ្លួន​នោះ​ឡើយ​ គេ​អាច​នឹង​ទប់ទល់​បាន​ទាំង​កម្លាំង​និង​ស្នៀត​ប្រយុទ្ធ។​ បើ​និយាយ​ពី​ទម្ងន់​ចាស់​ ៦៣.៥​ វិញ​គឺ​សំបូរ​កីឡាករ​ល្អៗ​ច្រើន​ ហើយ​គេ​ចាញ់​កម្លាំង​កីឡាករ​ទាំង​នោះ​ ទោះ​ជា​មាន​ក្បាច់​ប្រយុទ្ធ​ប្រហាក់ប្រហែល​គ្នា​ក៏​ដោយ​ឲ្យ​តែ​ចាញ់​កម្លាំង​ដៃ​គូ​ហើយ​ពិបាក​នឹង​ប្រកួត​ឈ្នះ​គេ​ណាស់។​

កីឡាករ​ ឈឿន​ ឆៃដែន​ រាប់​ពី​ឆ្វេងទី៣

ឈឿន​ ឆៃដែន​ ជា​កីឡាករ​មក​ពី​ក្លឹប​និរោធមានជ័យ​ គេ​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​តាំង​ពី​ចាញ់​ការ​ប្រកួត​នា​កម្មវិធី​ជម្រុះ​ដណ្ដើម​ខ្សែក្រវាត់​ គូបូតា​ រដូវ​ការ​ទី៦​ តាំង​ពី​ឆ្នាំ​២០១៦​មក​ម្ល៉េះ។​ ដោយ​ឡែក​នៅ​ចុង​សប្ដាហ៍​នេះ​ ជើង​ខ្លាំង​រូប​នេះ​ត្រូវ​ឡើង​ប្រកួត​មិត្តភាព​ជា​មួយ​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ប្រទេស​ថៃ​ តែ​ដោយ​សារ​មាន​ជំងឺ​ផ្ដាសាយ​ធំ​ធ្វើ​ឲ្យ​អាក់ខាន​វិញ៕​

អត្ថបទ៖ នួន ស៊ីណា​