និស្សិតអាមេរិកដែលកូរ៉េខាងជើងឃុំខ្លួន ត្រូវគ្រូពេទ្យ​រកឃើញមាន​របួសខួរក្បាលធ្ងន់ធ្ងរ

  • 2017-06-16 02:21:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និស្សិត​អាមេរិក​លោក​ Otto Warmbier ​ត្រូវ​​​បាន​កូរ៉េ​ខាង​ជើង​ចាប់​ខ្លួន​ដោយ​ចោទ​ថា​ បាន​លួច​បដា​ឃោសនា​​ផ្សព្វផ្សាយ​​កាល​ពី​ឆ្នាំ​ ២០១៦ ​រួច​​កាត់​ទោស​ឲ្យ​ជាប់​​ពន្ធនាគារ​រយៈពេល ១៥​ឆ្នាំ តែ​ត្រូវ​បាន​ដោះ​លែង​វិញ។

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

បន្ទាប់​ពី​បញ្ជូន​ទៅ​ប្រទេស​​កំណើត​វិញ ​កាល​ពី​ថ្ងៃ​អង្គារ ​ក្រុម​គ្រូពេទ្យ​អាមេរិក​​បាន​​រក​ឃើញ​ថា ​និស្សិត​វ័យ​ ២២​ឆ្នាំ​រូប​នេះ មាន​របួស​​ផ្នែក​ខួរ​ក្បាល​ធ្ងន់ធ្ងរ​ដោយ​បាត់បង់​កោសិកា​ខួរ​ក្បាល​​យ៉ាង​ច្រើន​គ្រប់​ផ្នែក​នានា​ក្នុង​ខួរ​ក្បាល។ នេះ​បើ​តាម​​ការ​អះអាង​របស់​គ្រូពេទ្យ​សាកលវិទ្យាល័យ Cincinnati Medical Center ។

ទីក្រុង​ព្យុងយ៉ាង​​ ធ្លាប់​បញ្ជាក់​ថា និស្សិត Otto Warmbier ​មាន​សភាព​​សឺ​ៗ​​ ភ្នែក​ធ្មេច​បើក​ៗ ដោយ​សារ​​រូប​គេ​ហូប​អាហារ​ខូច​ និង​លេប​ថ្នាំ​​ងងុយ​ដេក​ ក្រោយ​កាត់​​ទោស។ ​ប៉ុន្តែ​គ្រូពេទ្យ​មិន​បាន​រក​ឃើញ​សញ្ញា​​នៃ​ការ​ហូប​អាហារ​ខូច ​និង​ការ​ធ្វើ​ទារុណកម្ម​លើ​រាង​កាយ​ឡើយ​។ ​ប្រភព​ដដែល​​ជឿ​ថា ​អាច​បណ្ដាល​មក​ពី​ការ​ខ្វះ​​អុកស៊ីហ្សែន និង​ឈាម ដែល​ធ្វើ​ឲ្យ​ខួរ​ក្បាល​ទៅ​ជា​យ៉ាង​នេះ។

ការ​​ដោះលែង​និស្សិត​ខាង​លើ​ធ្វើ​ឡើង ក្រោយ​ពី​​អតីត​តារា​បាល់បោះ​អាមេរិក លោក Dennis Rodman បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ប្រទេស​កូរ៉េខាងជើង កាលពី​ថ្ងៃ​ទី១៣ មិថុនា។ លោក Dennis Rodman គឺ​ជា​មនុស្ស​ម្នាក់ ក្នុង​ចំណោម​ក្រុម​ការងារ ដែល​បាន​ជួប​ទាំង​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុនអ៊ុន។

ចំណែក​រដ្ឋមន្ត្រី​ការបរទេស​អាមេរិក លោក Rex Tillerson បាន​បញ្ជាក់​ថា ក្រសួង​ការបរទេស​បាន​​ជួយ​ឲ្យ​មាន​ការ​ដោះលែង​និស្សិត Otto Warmbier គឺ​ជា​គោលដៅ​របស់​ប្រធានាធិបតី​អាមេរិក។ ពេល Warmbier ​បាន​ទៅ​ជួបជុំ​​គ្រួសារ​វិញ​នៅ​រដ្ឋ​ Ohio ​​​​គេ​មិន​អាច​​និយាយ​ដូច​ធម្មតា​​បាន​ឡើយ៕

រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters
រូបភាព​ផ្ដល់សិទ្ធិ​ដោយ Reuters

ចុចអាន៖ កុមារី ៥ឆ្នាំ បរិច្ចាគប្រាក់ ៧៥០ដុល្លារតាមរយៈគូរគំនូរ​លក់ និងធ្លាប់បរិច្ចាគមកកម្ពុជាដែរ

ចុចអាន៖ តម្លៃស្រូវប្រទេសថៃ កើនឡើង​ដល់​ជាង ៧០០​ដុល្លារ​ក្នុង​មួយ​តោន

ប្រភព៖ BBC | CNN   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម