គ្រូពេទ្យចិត្តធម៌បរិច្ចាគឈាមអស់ ២៦លីត្រ ដើម្បី​ជួយ​សង្គ្រោះ​អ្នកជំងឺ​មិនធ្លាប់​ស្គាល់គ្នាសោះ

  • 2017-06-16 04:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​គ្រូពេទ្យ​ម្នាក់​បម្រើ​ការ​នៅ​មន្ទីរពេទ្យ Tongji ទីក្រុង​វូហាន ខេត្ត​ហ៊ូបេ ប្រទេស​ចិន បាន​បរិច្ចាគ​ឈាម​អស់​​ប្រមាណ ២៦ ៩០០​មីលីលីត្រ ឬ​ស្មើ​នឹង ២៦,៩​លីត្រ ​រយៈពេល ២៣​ឆ្នាំ កំពុង​ទទួល​ការ​កោត​សរសើរ និង​ភ្ញាក់ផ្អើល​ពី​មហាជន។

លោកគ្រូពេទ្យ​ Zheng Kai កំពុងធ្វើការ

អំពើ​ល្អ​របស់​គ្រូពេទ្យ​រូប​នេះ​ បាន​រក្សា​ទុក​ជា​រឿង​អាថ៌កំបាំង​ពុំ​មាន​មិត្ត​​រួម​ការ​ងារ​ណា​ម្នាក់​ដឹង​ឡើយ​ រហូត​មន្ទីរពេទ្យ​របស់​លោក​បាន​ទទួល​លិខិត​សរសើរ​​ពី​មជ្ឈមណ្ឌល​ផ្ដល់​ឈាម Wuhan Blood Center (WBC) កាល​ពី​ថ្ងៃ​ទី ១៤​មិថុនា​កន្លង​ទៅ​​ ដែល​ជា​ទិវា​បរិច្ចាគ​ឈាម​ពិភព​លោក World Blood Donor Day ។

លោក​គ្រូពេទ្យ​មាន​ឈ្មោះ Zheng Kai ​បាន​ចាប់​ផ្ដើម​បរិច្ចាគ​​លើក​ដំបូង​ក្នុង​​ឆ្នាំ​ ១៩៩៤ ពោល​គឺ​ចាប់​តាំង​ពី​ជា​និស្សិត​ពេទ្យ​​ឆ្នាំ​ទី​ ១។ ​គាត់​បាន​បរិច្ចាគ​លើក​ទី​មួយ​ចំនួន ៤០០​មីលីលីត្រ ​តាម​ការ​ស្នើ​របស់​មិត្ត​ម្នាក់។ បន្ទាប់​ពី​បរិច្ចាគ​ឈាម​លើក​ទី ២ ​នៅ​​ឆ្នាំ​បន្ទាប់ ​លោក Zheng ​ដឹង​ថា​ខ្លួន​ពិបាក​​នឹង​បញ្ឈប់​ការ​បរិច្ចាគ​ឈាម​ខ្លាំង​​ណាស់ ព្រោះ​ធ្វើ​ឲ្យ​លោក​សប្បាយ​រីករាយ​នឹង​ជួយ​អ្នក​ដទៃ។

នៅ​​ឆ្នាំ​​​​បន្តបន្ទាប់ ​​លោក​​បាន​បរិច្ចាគ​ឈាម​ជា​មធ្យម​ ៣​ដង​ក្នុង​មួយ​ឆ្នាំ និង​មិន​ដែល​ខាន​ឡើយ​រយៈពេល​ ២៣​ឆ្នាំ​មក​នេះ​។ បើ​យោង​​ទៅ​តាម​មជ្ឈមណ្ឌល WBC ​រៀប​រាប់​ថា គ្រូពេទ្យ Zheng ​បរិច្ចាគ​ឈាម​ម្ដង​ៗ​​បាន​ចំនួន​យ៉ាង​ច្រើន​អតិបរមា ទោះ​បី​ជា​​ពេល​ខ្លះ​គាត់​មាន​សុខភាព​មិន​សូវ​ល្អ​ក៏​ដោយ​។

លោក Zheng និយាយ​ថា "​ជួន​កាល​អ្នក​ជំងឺ​​​បាត់​បង់​ជីវិត​ ព្រោះ​មិន​មាន​ឈាម​ជួយ​សង្គ្រោះ​ទាន់​ពេល​វេលា​​"។ លោក​តែង​តែ​ទទួល​បាន​លិខិត​សរសើរ​ជាច្រើន​ពី​មជ្ឈមណ្ឌល។ លោក​បន្ត​ថា "ការ​បរិច្ចាគ​ឈាម ​តម្រូវ​ឲ្យ​យើង​មាន​សុខភាព​ល្អ ហើយ​ខ្ញុំ​សម្រេច​ដើរ​ទៅ​ធ្វើការ ​៨​គីឡូម៉ែត្រ​រៀង​រាល់​ថ្ងៃ"។ ពេល​សម្រាក​ពី​ការ​ងារ ​​លោក​​ទៅ​ហាត់​ប្រាណ​សាច់​ដុំ​បន្ថែម​ទៀត រហូត​ទទួល​បាន​សាច់​ដុំ​ពោះ​ ៦​កង់។

លោក​បាន​បង្ហាញ​ក្ដី​សង្ឃឹម​ថា ​នឹង​មាន​មនុស្ស​​កាន់​តែ​ច្រើន​​ចូល​រួម​ជួយ​បរិច្ចាគ​ឈាម​​ដើម្បី​សង្គ្រោះ​អ្នក​ដែល​ត្រូវ​ការ "ការ​បរិច្ចាគ​ឈាម​មិន​មាន​គ្រោះ​ថ្នាក់​ឡើយ ថែម​ទាំង​​ជួយ​សម្អាត​ឈាម​​​ក្នុង​ខ្លួន​​បាន​ទៀត​ផង"៕

ចុចអាន​៖ តើ​រឿងរ៉ាវ នៃ​ការ​បរិច្ចាគ​ឈាម កើតឡើង​ដូចម្តេច​ខ្លះ?

ចុចអាន៖ មាន​អ្វី​កើតឡើង​ខ្លះ ចំពោះ​រាងកាយ​អ្នក ក្រោយ​ទទួលទាន​ស្រាបៀ​រួច?

ចុចអាន៖ ស៊ុបឈាមជ្រូកស្រស់​នៅវៀតណាម ល្បីថា​ឆ្ងាញ់ខ្លាំង តែ​កុំចង់សាក ប្រយ័ត្ន...

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ