ដើម្បី​បង្កើន​ការ​គាំ​ទ្រ ពៅ ពេជ្រ ចាប់​យក​អាជីព​ថ្មី​មួយ​ទៀត​ក្រៅ​ពី​ចម្រៀង

  • 2017-06-18 07:22:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​ពិធី​សម្ពោធ​ហាង​ថ្មី​ EDAMAME របស់​ជន​ជាតិ​ជប៉ុន​​ល្ងាច​មិញ​នៅ​ទល់​មុខ​ផ្សារ​ទំនើប​ Aeon Mall តារា​ចម្រៀង​ ពៅ ពេជ្រ បាន​លើក​ឡើង​ថា​លោក​គ្រោង​នឹង​បន្ថែម​អាជីព​ថ្មី​មួយ​ទៀត​ក្រៅ​ពី​ចម្រៀង​ដើម្បី​ពង្រីក​ទី​ផ្សារ​សិល្បៈ​។​

​ពៅ​ ពេជ្រ បន្ត​ថា​រហូត​មក​ដល់​ពេល​នេះ​លោក​បាន​ចូល​ជ្រក​ក្រោម​ដំបូល​ផលិត​កម្ម​Rock បាន​រយៈ​​ពេល​មួយ​ឆ្នាំ​មក​ហើយ​តែ​​ទី​ផ្សារ​​​នៅ​មាន​កម្រិត​នៅ​ឡើយ​​។ ​ដូច្នេះ​ដើម្បី​ពង្រីក​ទី​ផ្សារ​សិល្បៈ​តារា​ចម្រៀង​រូប​នេះ​បាន​ឈោង​ចាប់​អា​ជីព​សម្ដែង​មួយ​ទៀត​​​នា​ពេល​ខាង​មុខ​នេះ​។

“​ថ្មីៗ​មាន​ផលិត​កម្ម​ចំនួន​៣​បាន​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​ខ្សែ​ភាព​យន្ត​​ ។ រឿង​ដែល​ពួក​គាត់​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​គឺ​ទទួល​តំណែង​ជា​តួ​ឯក​ទាំង​អស់​បង​ ហើយ​ខ្ញុំ​ជឿ​ថា​ពេល​ដែល​ខ្ញុំ​ចេញ​ថត​រឿង​ ​ទីផ្សារ​សិល្បៈ​ខ្ញុំ​នឹង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ជាង​មុន​ពី​ទស្សនិកជន​"។ ម្ចាស់​បទ​ "អូន​ប្រពន្ធ​" រៀប​រាប់​។

នៅ​ក្នុង​ឱកាស​សម្ពោធ​បើក​ហាង​ EDAMAME របស់​ជន​ជាតិ​ជប៉ុន​នេះ​ដែរ​ ពៅ ពេជ្រ ក៏បាន​ថ្លែង​អំណរ​គុណ​ដល់​ម្ចាស់​ហាង​ជន​​ជាតិ​ជប៉ុន​ដែល​បាន​ដាក់​ទុន​មក​ស្រុក​ខ្មែរ​ហើយ​ បាន​អញ្ជើញ​លោក​ និង​តារា​ចម្រៀង​ជា​ច្រើន​ទៀត​នៅ​ក្នុង​Rock Music ឲ្យ​​មក​ចូល​រួម​។​

ដោយ​ឡែក​ម្ចាស់​ហាង​ជន​ជាតិ​ជប៉ុន​បាន​មាន​ប្រសាសន៍​ថា មូល​ហេតុ​ដែល​សម្រេច​ចិត្ត​បើក​ភោជនដ្ឋាន EDAMAME នៅ​កម្ពុជា​ដោយ​សារ​តែ​លោក​បាន​សាក​សួ​ជន​ជាតិ​កម្ពុជា​ជា​ច្រើន​ ទាក់​ទង​អាហារ​ជប៉ុន​ជា​ច្រើន​នៅ​កម្ពុជា​តែ​អាហា​រ​ជប៉ុន​​ទាំង​អស់​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃ​។

“អញ្ចឹង​ហើយ​ជន​ជាតិ​កម្ពុជា​ក៏​បាន​ប្រាប់​ខ្ញុំ​ ឲ្យ​ខ្ញុំ​ហ្នឹង​បង្កើត​ហាង​នេះ​ឡើង​ដោយ​មាន​តម្លៃ​សម​រម្យ​ ចំណែក​ឯ​រស់​ជាតិ​បែប​ជប៉ុន​សុទ្ធ​សាត​តែម្ដង​"។ នេះ​បើ​តាម​ម្ចាស់​ហាង​ជប៉ុន​រូប​នេះ​អះ​អាង៕

អត្ថបទ៖ ឆុង ស៊ីណាន