ដុំថ្មជាប់ត្បូងមរកតកម្ពស់​ជាង ១ម៉ែត្រដ៏កម្រ​ជួបប្រទះ មានតម្លៃ​មហាសាល

  • 2017-06-18 07:39:53
  • ចំនួនមតិ

ចន្លោះមិនឃើញ

ថ្ម​ដុះ​ត្បូង​មរកត​មួយ​ដុំ​ធំ ត្រូវ​បាន​គេ​ជីក ​រក​ឃើញ​ក្នុង​ប្រទេស​ប្រេស៊ីល​ គួរ​ឲ្យ​​ភ្ញាក់​ផ្អើល ​និង​ត្រូវ​គេ​ប៉ាន់​ប្រមាណ​ថា ​មាន​តម្លៃ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់។

​​បន្ទាប់​ពី​ជីក​បាន ​ថ្ម​ជាប់​ត្បូង​មរកត​កម្ពស់ ១,៣ម៉ែត្រ​នេះ ​ត្រូវ​បាន​គេ​រក្សា​ទុក​ក្នុង​បន្ទប់​សម្ងាត់ និង​មាន​ឆ្មាំ​យាម​ប្រដាប់​ដោយ​អាវុធ​ធន់​ធ្ងន់​ជា​ច្រើន​នាក់​ការ​ពារ​នៅ​ខាង​ក្រៅ ព្រោះ​ម្ចាស់​ខ្លាច​ចោរ​ប្លន់។

ម្ចាស់​ត្បូង​សុំ​មិន​បញ្ចេញ​អត្តសញ្ញាណ​​​​ប្រាប់​ថា​ ថ្ម​នេះ​​ពិត​ជា​កម្រ​ខ្លាំង​ណាស់​ដោយ​សារ​តែ​ទំហំ​ធំ និង​គុណភាព​ត្បូង​ប្រភេទ​គ្រីស្តាល់​យក្ស។ វា​មាន​ទម្ងន់ ៣៦០​គីឡូក្រាម ជីក​បាន​ពី​ក្រោម​ដី​នៅ​តំបន់ Carnaiba រដ្ឋ Bahia ភាគ​ឦសាន ប្រទេស​ប្រេស៊ីល​ កាល​ពី​ពេល​ថ្មី​ៗ​នេះ។

អ្នក​ជំនាញ​ខាង​ត្បូង​ប៉ាន់​ស្មាន​ថា វា​អាច​តម្លៃ​ប្រមាណ​ដល់​ទី​ ៣០៤​លាន​ដុល្លារ​​អាមេរិក​។ ម្ចាស់​ត្បូង​មាន​វ័យ ៥០​ឆ្នាំ​ ខាង​លើ​​អះអាង​​ថា ខ្លួន​មាន​អ្នក​ចាប់​អារម្មណ៍​ចង់​ទិញ​ជា​ច្រើន​នាក់​ដូច​ជា​​​​មក​ពី ​​អឺរ៉ុប អារ៉ាប់រួម ឥណ្ឌា និង​ចិន តែ​លោក​មិន​ទាន់​សម្រេច។

​ត្បូង​នេះ​រក​ឃើញ​ដោយ​កម្មករ​របស់​ក្រុមហ៊ុន​លោក​ឈ្មោះ Bahia Mineral Cooperative ដែល​ទទួល​សិទ្ធិ​ស្រប​ច្បាប់​ក្នុង​ការ​រុក​រក​ត្បូង​ក្នុង​តំបន់​​។ លោក​បន្ត​ថា ការ​ដក​យក​ត្បូង​មាន​ការ​លំបាក​ណាស់ ​ព្រោះ​ត្រូវ​ចំណាយ​កម្លាំង​កម្មករ ១០​នាក់ និង​រយៈពេល​ជាមួយ​សប្ដាហ៍​ ព្រោះ​ស្ថិត​ក្នុង​ជម្រៅ​ដី ២០០​ម៉ែត្រ​ឯណោះ៕


ប្រភព៖ Metro ប្រែ​សម្រួល៖ ឡេង ភារុណ