ព្រះរាជជីវប្រវត្តិសង្ខេប សម្តេច​ព្រះមហាក្សត្រី​ នរោត្តម​មុនិនាថ សីហនុ

  • 2017-06-18 09:55:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ថ្ងៃ​អាទិត្យ ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ នេះ​ជា​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម​គម្រប់ ​៨១ យាង​ចូល ៨២​ព្រះវស្សា របស់​សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​។

សម្តេច​ព្រះមហាក្សត្រី​នរោត្តម​មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល មាន​ព្រះនាម​ដើម​ថា ប៉ូល មូនីក អ៊ី​ហ្សី​។​សម្តេចម៉ែ​ទ្រង់​ប្រសូត​នៅ​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​១៩៣៦ ដោយ​មាន​ព្រះបិតា​ជា​ជនជាតិ​បារាំង​ដើមកំណើត​អ៊ីតាលី និង​មាន​ព្រះ​មាតា​ជា​ជនជាតិ​ខ្មែរ​។​

កាល​ពី​កុមារភាព​ទ្រង់​បាន​សិក្សា​នៅ​សាលាបឋមសិក្សា​ព្រះ​នរោត្តម មធ្យមសិក្សា នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ និង​នៅ​លី​សេដេ​កាត ក្រុងភ្នំពេញ​។​សម្តេច​​ម៉ែ អាច​មានបន្ទូល​ជា​ភាសា​បារាំង និង​អង់គ្លេស ក្រៅពី​ភាសា​កំណើត​។ ព្រះអង្គ​បាន​រៀប​អភិសេក​ជាមួយ​ព្រះករុណា ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ខែ​មេសា ឆ្នាំ​១៩៥២​។​សម្តេច​ព្រះមហា ក្សត្រី ព្រះអង្គ​មាន​ព្រះរាជបុត្រ​ពីរ​អង្គ​គឺ សម្តេចព្រះ​បរមនាថ​នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះអង្គម្ចាស់​នរោត្តម​នរិន្ទ្រ​ពង្ស ។​ប៉ុន្តែ​ព្រះអង្គម្ចាស់​នរោត្តម នរិន្ទ្រ​ពង្ស ទ្រង់​បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​ ២០០៣ ដោយ​ជំងឺ​បេះដូង​។

នៅ​ចុងឆ្នាំ​១៩៦០ ព្រះអង្គ​ជា​ព្រះប្រធាន​កាកបាទក្រហមកម្ពុជា និង​បច្ចុប្បន្ននេះ​ទ្រង់​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា​។ ​សម្តេចម៉ែ ទ្រង់​ជា​មហេសី​សំណព្វ របស់​ព្រះបាទ​សម្តេច​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​បាន​ទទួល​ព្រះ​ស្រីង្គា​រ ក្តីស្រឡាញ់ មេត្តា​ប្រោសប្រណី យ៉ាង​ខ្លាំងក្លា​ពី​ព្រះ​ស្វាមី ក្នុង​រយៈពេល​ដ៏​យូរលង់​ជាង​កន្លះ​សតវត្សរ៍​កន្លងទៅនេះ​។

​សម្តេច​ព្រះវររាជ​មាតា​ជាតិខ្មែរ ព្រះអង្គ​បាន​យាង​តាម​ព្រះករុណា ព្រះមហាវីរក្សត្រ ស្ទើរ​គ្រប់​ទិស​ទី​ក្នុង​គ្រប់​កាលៈទេសៈ មិន​ថា​ក្នុងសម័យ​តស៊ូ​ក្រោយ​រដ្ឋប្រហារ​ថ្ងៃ​ទី​១៨ ខែ​មីនា ឆ្នាំ​១៩៧០ សម័យ​កម្ពុជា​ប្រជាធិបតេយ្យ សម័យ​ការតស៊ូ​ត្រី​ភាគី​នៅ​តំបន់​ជាយ​ដែន​ខាងលិច ឬ​សម័យ​ព្រះរាជាណាចក្រ​កម្ពុជា​ទី​២​នោះឡើយ​។

នៅ​ឆ្នាំ​១៩៩២ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម​សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះអង្គ​បាន​ប្រទាន​គោរមងារ​ព្រះអង្គ​ពី​អ្នក​ម្នាង ជា​សម្តេច​ព្រះ​ជាយា​នៅ​ឆ្នាំ​១៩៩៣ ទ្រង់​បាន​ទទួល​គោរមងារ​ជា សម្តេច​ព្រះរាជអគ្គមហេសី ហើយ​នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០០៤ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម​សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​បាន​ប្រកាស​អោយប្រើ​ច្បាប់​ស្តីពី​ការរៀបចំ ព្រះ​បរម​ងារ​ថ្វាយ​ព្រះ​រាជមាតា ដោយ​ថ្វាយព្រះប​រម​ងារ​ថា សម្តេច​ព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល​៕

ផ្ដល់សិទ្ធិដោយ៖ Vayofm

អត្ថបទពេញនិយម