សហគ្រិនវ័យក្មេងឆ្នើមទាំង១៥រូប នឹង​ទៅ​ប្រកួត​វគ្គ​ផ្ដាច់​ព្រ័ត្រ​ដណ្ដើម «ពាន​រង្វាន់​សហគ្រិនវ័យ​ក្មេង​ឆ្នាំ​២០១៧

  • 2017-06-19 09:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១៥រូប ត្រូវ​បាន​ប្រកាស​ឲ្យ​ចូល​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​ថ្ងៃ​ទី២៩ ខែ​កក្កដា​ខាង​មុខ​នេះ ដើម្បី​ម្ចាស់​គ្រប់គ្រង​ក្រុមហ៊ុន និង​អាជីវកម្ម​ដ៏​ល្បី​នៅ​កម្ពុជា បន្ទាប់​ត្រូវ​បាន​ជ្រើស​រើស​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែ​មិថុនា ឆ្នាំ​២០១៧​នេះ ដែល​រៀបចំ​ដោយ សភា​យុវ​ពាណិជ្ជករ​អន្ដរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) ។

កម្មវិធី​ប្រកួត​ប្រជែង​ពានរង្វាន់ សហគ្រិន​វ័យ​ក្មេង​កម្ពុជា (CYEA) នឹង​ជ្រើសរើស​សហគ្រិន​ឆ្នើម​ចំនួន​៥​រូប ប្រចាំ​ឆ្នាំ​២០១៧។ សហគ្រិន​ជ័យ​លាភី​ទាំង​៥​នាក់នេះ នឹង​ទទួល​បាន​ពាន់​រង្វាន់​ចំនួន៥​ផ្សេងៗ​គ្នា​រួមមាន៖ ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៧, ពាន់​រង្វាន់​សហគ្រិន​ឆ្នើម​ផ្នែក​សង្គម, ពាន​រង្វាន់​សហគ្រិន​ឆ្នើម​ស្រ្ដី,​ ពាន​រង្វាន់​សហគ្រិន​វៃ​ឆ្លាត​ផ្នែក​បច្ចេកវិទ្យា និង​ពាន​រង្វាន់​អ្នក​ដែល​ទើប នឹង​ចាប់​ផ្ដើម​អាជីវកម្ម (Start Up Award)។

លោក​ជំទាវ​ តឹករ៉េត កំរង រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម បាន​ឲ្យ​ដឹង​ថា កម្មវិធី​ពាន​រង្វាន់​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ឆ្នាំ២០១៧ (Cambodian Young Entrepreneur Awards ២០១៧)នេះ គឺ​ជា​កម្មវិធី​ពិសេស ដែល​អាច​ឲ្យ​យើង​បាន​ជួបជុំ​គ្នា និង​ជាពិសេស​ជាង​នេះ​ទៀត យើង​បាន​មើល​ឃើញ​ពី​សក្ដានុពល​កម្ពុជា ដែល​បាន​បង្កើត​ឲ្យ​មាន​នូវ​សហគ្រិន​វ័យក្មេង​ជា​បន្ដ​បន្ទាប់។

ជា​ការ​កត់​សម្គាល់ កម្មវិធី​ប្រកាស​សហគ្រិន​វ័យ​ក្មេង​ឆ្នើម​ទាំង​១៥​រូប​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​កម្មាការ​ទាំង​អស់​ បាន​ធ្វើ​ការ​វាយតម្លៃ និង​ដាក់​ពិន្ទុ​យ៉ាង​សុក្រឹត ជាទី​បំផុត ដោយ​ផ្អែក​ទៅ​លើ​លក្ខខ័ណ្ឌ​នៃ​ការ​ប្រកួត​ប្រជែង ព្រម​ទាំង​លក្ខណៈ​ពិសេស របស់​បេក្ខជន​នីមួយៗ ដែល​រួមមាន៖ ភាព​ឆ្លាតវៃ ភាព​ច្នៃ​ប្រឌិត ថែម​ទាំង​សមត្ថភាព​ពិត​ប្រាកដ របស់​បេក្ខជន​ក្នុង​ការ​វិវត្តន៍ មុខ​ជំនួញ​ឲ្យ​មាន​ការ​រីក​ចម្រើន លឿន​នៅ​ក្នុង​រយៈ​ពេល​ខ្លី​ផង​ដែរ។

សូម​បញ្ជាក់​ថា នេះ​គឺ​ជា​លើក​ទី៣​ហើយ ដែល​សភា​យុវ​ពាណិជ្ជករ​អន្តរជាតិ​កម្ពុជា (JCI) សាខា​មេគង្គ និង​សមាគម​សហគ្រិន​វ័យ​ក្មេង​កម្ពុជា (YEAC) បាន​រៀបចំ​ការ​ប្រកួត​ប្រជែង​ពានរង្វាន់ សហគ្រិន​វ័យ​ក្មេង​កម្ពុជា​នេះ​ឡើង។ កម្មវិធីនេះ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ទទួល​ស្គាល់ និង​លើក​ទឹកចិត្ត​ដល់​បណ្ដា​សហគ្រិន​វ័យ​ក្មេង​កម្ពុជា ​ឲ្យ​មាន​ការ​ចូលរួម​បង្ហាញ​សមត្ថភាព ចែក​រំលែក​នូវ​ជោគជ័យ​ជា​លក្ខណៈ​ថ្នាក់​ជាតិ៕  

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម