កត្តា​ប្រឈម​រវាង​ធន​ធាន​មនុស្ស និង​ដំណើរ​អាជីវកម្ម​ថ្មី​ ត្រូវ​បាន​បកស្រាយ​ ដើម្បី...

  • 2017-06-20 09:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ការ​ចាប់​ផ្តើម​អាជីវកម្ម​ថ្មី ​គឺ​វា​មិន​ងាយស្រួល​នោះ​ទេ ជាក់ស្ដែង​អាជីវកម្ម​មួយ​អាច​ទទួល​ជោគ​ជ័យ​ទៅ​បាន​ គឺ​អាស្រ័យ​លើ​កត្តា​ជាច្រើន​ដែល​មាន​តាំងពី​កត្តា​ហិ​រញ្ញ​វត្ថុ កត្តា​ធន​ធាន​មនុស្ស កត្តា​ទំនុកទុកចិត្ត​ក្នុង​ការ​វិ​និ​យោគ កត្តា​ជំនាញ កត្តា​ទីផ្សារ​និង​កត្តា​ផ្សេងៗ មួយ​ចំនួន​ទៀត​។ ចំពោះ​ផ្នែក​ធន​ធាន​មនុស្ស​វិ​ញ​ពិតជា​មាន​សារៈ​សំ​ខាន់​ណាស់​ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការ​របស់​ក្រុមហ៊ុន​ថ្មី​នោះ។

ទ​ន្ទឹ​ម​នឹង​នេះ​ក៏​មាន​កត្តា​ប្រ​ឈម​ជាច្រើន​សម្រាប់​កិច្ចការ​ផ្នែក​ធន​ធាន​មនុស្ស​ ដើម្បី​អាច​គាំទ្រ​ដំណើរ​ការ​នៃ​អាជីវកម្ម​ថ្មី​នោះ​បាន​ជោគជ័យ​។ ដោយ​មើល​ឃើញ​ពី​ចំណោទ​បញ្ហា​នេះ ផាក​កាហ្វេ​សហការ​​ជាមួយ​វិទ្យាស្ថាន​អភិ​វ​ឌ្ឍ​ន៍​វិស័​យ​អប់​រំ​បាន​ធ្វើការ​រៀ​ប​ចំ​ឡើង​នូ​វ​កម្មវិធី​សន្ទនា​ពាណិជ្ជកម្ម​ ដែល​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​ ១២ មិថុនា​ថ្មីៗ​នេះ នៅ​ផាក​កាហ្វេ​បឹង​កេងកង​ត្រសក់​ផ្អែម ដោយ​ផ្តោត​លើ​ប្រធានបទ “​ធន​ធាន​មនុស្ស និង​ការ​ចាប់ផ្តើម​អាជីវកម្ម​” ។

បើ​តាម​ប្រធាន​ផ្នែក​ទីផ្សារ​ នៃ​ផាក​កាហ្វេ​បាន​បញ្ជាក់​ថា ​កម្មវិធី​នេះ​មាន​ការ​ចូលរួ​មពី​វាគ្មិន​ល្បីៗ​ចំនួន​ពី​រ​រូប​ដែល​ជា​ម្ចាស់​សហគ្រិន​ជោគ​ជ័​យ និង​បុគ្គលិក​កំពូល​នៃ​ស្ថា​ប័ន ដែល​មាន​លោក Ken Lo អគ្គនាយក និង​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ Centrury21 Imperial Realty និង​លោក Sar Kinal អគ្គនាយក​នៃ​ក្រុមហ៊ុន Aplus Consulting ដោយ​មាន​ការសម្របសម្រួល​កម្មវិធី​ពី​សំណាក់ កញ្ញា Prak Thida អ្នក​គ្រប់​គ្រង​ទូរ​ទៅ​នៃ​វិទ្យុ Lotus ។

​បើ​តាម​គន្លឹះ​ខ្លះៗ​ដែល​យើង​អាច​សង្ខេប​បាន​ពី​កម្មវិធី​នេះ​មាន​ដូចជា​៖​ ​

-ទី​១ គឺ​ទាក់ទង​ជាមួយ​បញ្ហា​ក្នុង​ការ​ស្វែង​រក​បុគ្គលិក​សម្រាប់​អ្នក​ដែល​ទើប​ចាប​ផ្តើម​អាជីវកម្ម​ថ្មី​គួរ​ស្វែក​រក​បុគ្គលិក​ដែល​មាន​លក្ខណៈ​ល្អ​គ្រប់​គ្រាន់​ទាំង​ចំ​នេះ​ដឹង បទពិសោធន៍ មាន​ការ​តាំង​ចិត្ត​ខ្ពស់​ដើម្បី​សម្រេច​គោលដៅ​របស់​ក្រុមហ៊ុន និង​ជាពិសេស​មាន​ទស្សនៈ​វិស័យ​រួម​។​ ​

-​ទី​២ គឺ​ការ​គ្រប់​គ្រង និង​ការ​អភិវឌ្ឍ​​ធនធាន​មនុស្ស​របស់​ក្រុមហ៊ុន​អោយ​ដើរ​ទាន់​នឹង​ការលូតលាស់​របស់​ក្រុមហ៊ុន និង​ទីផ្សារ​គឺ​ត្រូវ​ធ្វើ​យ៉ាងណា​ផ្ដល់​នូវ​វគ្គ​បំប៉ន​សំខាន់ៗ ​ដែល​ឆ្លើយតប​នឹង​តម្រូ​វ​ការ​ជាក់ស្តែង​របស់​ក្រុមហ៊ុន​។​ ​

-ទី​៣ គឺ​វិធីសាស្ត្រ​ក្នុង​ការ​រក្សា​ក្រុមការងារ​អោយ​បាន​ល្អ​ប្រសើរ​សម្រាប់​អាជីវកម្ម​អាជីវកម្ម​ថ្មី ក្រុមហ៊ុន​គួរ​ផ្តល់​នូ​វ​បរិយាកាស​ការងារ​ដែរ​​ល្អៗ និង​ធ្វើឲ្យ​បុគ្គលិក​មាន​អារម្មណ៍​ស្មើ​ភាព​ក្នុង​កន្លែង​ការងារ​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ​កម្មវិធី​នេះ​មាន​គោល​បំណង​លើក​កម្ពស់​​សហគ្រិនភាព​កម្ពុជា និង​ផ្តល់​ឱកាស​ដល់​សហគ្រិន ម្ចាស់​អាជីវកម្ម​ផ្សេងៗ បុគ្គលិក​ស្ថាប័ន និង​អ្នក​ដែល​មាន​បំណង​ក្នុង​ការ​ធ្វើ​អាជីវកម្ម​ក៏ដូចជា​និស្សិត​ដែល​ត្រៀម​ខ្លួន​ប្រឡូក​ក្នុង​ស​ង្គ​ម​ការងារ​ផ្សេងៗ បាន​ស្វែង​យល់ និង​ទទួល​បាន​ពិសោធ​ពី​បុគ្គល​ល្បីៗ​ក្នុង​វិស័យ​អាជីវកម្ម ក៏ដូចជា​តិចនិក​ក្នុង​ការ​ធ្វើ​អាជីវកម្ម និង​បង្កើន​ឱកាស​ក្នុង​ការ​ជូ​ប​ផ្ទាល់​ជាមួយ​សហគ្រិន​នានា​។ ក្នុង​នោះ​ផងដែរ ​កិច្ច​សន្ទនា​ពាណិជ្ជកម្ម​នេះ​នេះ​ក៏​ត្រូវបាន​បង្កើត​ឡើង​ក្នុង​គោលដៅ​មួយ​ដែល​មិនមែន​ស្វែង​រក​ប្រាក់​ចំ​ណេ​ញ ហើយ​អនុញ្ញាត អោយ​អ្នក​ដែល​មាន​បំណង​ស្វែងយល់​អាច​ចូលរួម​បាន​ដោយ​ចំ​ណា​យតិ​ច​តូច​បំ​ផុត​។

កម្មវិធី​នេះ​ ក៏​ទទួល​បាន​ការ​គាំទ្រ​ពី ស្ថាប័ន​ដែល​មាន​អ្នក​ជំ​នា​ញ​ខាង​ចំ​រុះ​វិស័យ​ក្នុង​ប្រតិបត្តិការ​អាជីវកម្ម​ផ្សេង ដូចជា ក្លឹប​អ្នក​វិនិយោគ​កម្ពុជា (CIC) សមា​គម​សហគ្រិន​វ័យក្មេង​កម្ពុជា​ (YEAC) សមា​គម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចល​ន​វត្ថុ​កម្ពុជា​(C.V.E.A) និង JCI កម្ពុជា៕

​ ​

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទថ្មី