បុរសថៃបំផ្ទុះគ្រាប់បែកក្នុងមន្ទីរពេទ្យកក្រើក​ក្រុង​បាងកក ព្រោះ​ចង់​សងសឹកកងទ័ព

  • 2017-06-21 00:55:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជនសង្ស័យ​ជា​បុរស​ជនជាតិ​ថៃ​​ ​បាន​សារភាព​​ជា​សាធារណៈ​កាល​ពី​ថ្ងៃ​អង្គារ ទី ២០ ​មិថុនា​ម្សិលមិញ​ថា ​ការ​បំផ្ទុះ​គ្រាប់​បែក​មួយ​គ្រាប់​ក្នុង​មន្ទីរពេទ្យ​កាល​ពី​ខែ​មុន ព្រោះ​តែ​ចង់​​សង​សឹក​លើ​យោធា​ដែល​តែងតែ​ធ្វើ​រដ្ឋប្រហារ​​ញឹកញាប់។

ការ​បំផ្ទុះ​បាន​កើត​ឡើង​ចំ​ពេល​គម្រប់​ខួប ៣​ឆ្នាំ នៃ​រដ្ឋប្រហារ​របស់​រដ្ឋាភិបាល​ថ្ងៃ​ទី ២២​ឧសភា ដោយ​វាយ​ប្រហារ​លើ​បន្ទប់​រង់ចាំ​ពិសេស VIP ​ក្នុង​មន្ទីរពេទ្យ​គ្រប់​គ្រង​ដោយ​យោធា​ក្នុង​​ទីក្រុង​បាងកក ​និង​​បណ្ដាល​ឲ្យ​របួស​មនុស្ស ២១​នាក់។

លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ប្រាក់យុទ្ធ ចាន់អូឆា ​ធ្លាប់​សង្ស័យ​ថា ​ប្រហែល​​ជា​ជន​បំផ្ទុះ​ខឹង​សម្បារ​នឹង​ការ​ក្ដោប​អំណាច​​របស់​ខ្លួន។

ជន​សង្ស័យ​មាន​ឈ្មោះ Wattana Phumret អាយុ ៦២​ឆ្នាំ បាន​រៀប​រាប់​ប្រាប់​អាជ្ញាធរ​​ពី​របៀប​បង្កើត​គ្រាប់​បែក​ច្នៃ​យ៉ាង​លម្អិត​​​ដែល​បាន​​ទុក​ចោល​ក្នុង​ថូផ្កា​នៅ​មន្ទីរពេទ្យ​​ឃីងមង្គុត។

លោក​សារភាព​ថា ខ្លួន​​បាន​ទទួល​ការ​លើក​ទឹក​ចិត្ត​ពី​ក្រុម​អ្នក​ស្អប់​រដ្ឋាភិបាល​ជា​ច្រើន​ទៀត ព្រោះ​រដ្ឋប្រហារ​ធ្វើ​ឲ្យ​មហន្តរាយ​ដល់​សេដ្ឋកិច្ច និង​បាន​រឹត​បន្តឹង​ដល់​សិទ្ធិ​របស់​ប្រជាជន"។ តែ​លោក​បាន​សុំ​​ទោស​​​​ដល់​ជន​រងគ្រោះ​ទាំង​អស់​ផង​ដែរ។

គួរ​រម្លឹក​​ថា ​ចាប់​តាំង​ពី​​ឆ្នាំ​ ១៩៣២​ យោធា​ថៃ​បាន​ធ្វើ​រដ្ឋប្រហារ​ដោយ​ជោគជ័យ​ចំនួន ១២​លើក ដោយ​​បាន​ធ្វើ​ឲ្យ​មាន​ការ​តវ៉ា​បង្ហូរ​ឈាម និង​ស្លាប់​មនុស្ស​មួយ​ចំនួន៕

ប្រភព៖ Channelnewsasia   ប្រែ​សម្រួល៖ ឡេង ភារុណ