ស្ទើរមិនជឿ! រកឃើញវត្ថុបុរាណមានតម្លៃ របស់ Nazi ជាច្រើន លាក់នៅក្រោយ ទ្វារ​សម្ងាត់មួយ

  • 2017-06-21 01:51:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ​នេះ ប៉ូលិស​បាន​រក​ឃើញ វត្ថុ​បុរាណ​មាន​តម្លៃ​ជា​ច្រើន របស់​ពួក​ណាស៊ី (Nazi) ដែល​ត្រូវ​បាន​គេ​លាក់ នៅ​ខាងក្រោយ​ទូ​សៀវភៅ និង​ទ្វារ​សម្ងាត់​មួយ នៅ​ក្នុង​ទីក្រុង Buenos Aires ប្រទេស​អាហ្សង់ទីន។

វត្ថុ​បុរាណ​ត្រូវ​បាន​គេ​រក​ឃើញ សរុប​ចំនួន ៧៥ នៅ​ទីកន្លែង​ខាងលើ ដែល​ជា​សារមន្ទីរ​ផ្ទាល់ខ្លួន​មួយ ហើយ​វត្ថុ​ទាំងនោះ​មាន​ដូចជា កាំភ្លើងខ្លី មាន​ស្លាក​សញ្ញា​ណាស៊ី (Nazi) , កូន​កាំបិតស្នៀត , មេដាយ​សង្គ្រាម , ពានរង្វាន់ , រូប​មេដឹកនាំ​ណាស៊ី Adolf Hitler , បន្ទាត់ , ត្រីវិស័យ , ឧបករណ៍​សម្រាប់​វាស់​ទំហំ​ខួរក្បាល​មនុស្ស និង វត្ថុ​ជា​ច្រើន​ទៀត។

វត្ថុ​បុរាណ​មួយ​ចំនួន នៅ​ស្ថិត​ក្នុង​ប្រអប់​ដើម​នៅ​ឡើយ ដូចជា គ្រឿង​ភ្លេង​ផ្លុំ​អារម៉ូនីកា (Harmonica) និង​ប្រដាប់​ផ្គុំ​សម្រាប់​ក្មេង​លេង ជាដើម។ ទោះ​បី​ជា​យ៉ាង​ណា ក្រុម​អាជ្ញាធរ​មិន​បាន​បញ្ចេញ​ព័ត៌មាន​លម្អិត អំពី​ទីកន្លែង​ដែល​ធ្វើ​ការ​រឹបអូស ឬ អត្តសញ្ញាណ​របស់​ម្ចាស់​វត្ថុ​បុរាណ​ទាំង​នោះ​ឡើយ ហើយ​ក៏​មិន​បាន​បង្ហាញ​ពី វិធី​ដែល​ធ្វើ​ឲ្យ​ពួកគេ​ដឹង​ពី​កន្លែង​លាក់​វត្ថុ​បុរាណ​ទាំង​នោះ​ដែរ។ ប៉ុន្តែ ពួកគេ​បាន​ឲ្យ​ដឹង​ថា ពួកគេ​បាន​ឆ្មក់​ចូល​ទីតាំង​ចំនួន ៣ កន្លែង។

ក្រៅ​ពី​វត្ថុ​បុរាណ​ខាងលើ សាកសព​សត្វ​មិន​រលួយ និង សិល្បៈ​ចិន​មួយ​ចំនួន ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ផង​ដែរ។ ក្រុម​អាជ្ញាធរ បាន​និយាយ​ថា វា​ទំនង​ជា​ទុក​សម្រាប់​លក់​នៅ​លើ​ទីផ្សារ​ងងឹត។

គួរ​ឲ្យ​ដឹង​ថា បន្ទាប់​ពី​សង្គ្រាម​លោក​លើក​ទី ២ បាន​បញ្ចប់​ទៅ ពួក​ណាស៊ី បាន​រួច​ខ្លួន​ពី​ការ​កាត់​ទោស នៅ​ឯ​ប្រទេស​អាហ្សង់ទីន ដោយ​ប្រធានាធិបតី លោក Juan Perón បាន​ផ្ដល់​ឲ្យ​ពួកគេ​នូវ​ឱកាស ដើម្បី​ចាប់ផ្ដើម​កសាង​ជីវិត​ថ្មី។ បច្ចុប្បន្ន កូន​ចៅ​អាល្លឺម៉ង់ ជាង ៣,៥ លាន​នាក់ កំពុង​រស់នៅ​ក្នុង​ប្រទេស​អាមេរិក​ខាងត្បូង៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម