ជ្រូក​​រត់​ពន្ធ​ចូល​មក​កម្ពុជា​ក្រៅ​កូតា​ប្រមាណ ១ម៉ឺន​ក្បាល ក្នុង​មួយ​ថ្ងៃ​

  • 2017-06-21 03:05:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រៅពី​កូតា ​ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាត​ឲ្យ​វៀតណាម​​នាំ​ចូល​ជ្រូក​ ១ ២៥០​​ ក្បាល​ ក្នុង​មួយ​ថ្ងៃ ក្នុង​នោះ​មាន​ជ្រូក​​នាំ​ចូល​មក​កម្ពុជា​ គ្មាន​ការអនុញ្ញាត​ប្រមាណ​ជា ១ម៉ឺន​ក្បាល​ជា​រៀល​រាល់​ថ្ងៃ​។ ការ​ហូរ​ចូល​ជ្រូក​ដ៏​ច្រើន​នេះ ដោយ​សារ​ចិន​បិទ​ទីផ្សារ​មិន​ឲ្យ​នាំ​ចូល​នោះ ក៏​បាន​ធ្វើ​ទីផ្សារ​ជ្រូក​វៀតណាម​នៅ​សល់​​លើស​លប់ ដូច្នេះ​ទោះ​ក្នុង​តម្លៃ​ណា​ក៏​ដោយ ក៏​ឈ្មួញ​វៀតណាម​ត្រូវ​តែ​លក់​ឲ្យ​កម្ពុជា​ដែរ។ នេះ​បើ​តាម​ប្រសាសន៍ ​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា។

-ចុចអាន៖ គម្រោង​ផ្សារ​បណ្ដែត​ទឹក​ នឹង​រចនា​លំនាំ​តាម​សម័យ​បន្ទាយ​លង្វែក​​

ជាមួយ​គ្នា​នេះ ​លោក ​ស្រ៊ុន ​ពៅ​ ប្រធាន​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​នៅ​កម្ពុជា ​បាន​ឲ្យ​ដឹង​ដែរ​ថា​ ការ​ផ្គត់ផ្គង់​ជ្រូក​នៅ​កម្ពុជា​នៅ​តែ​កើន​ឡើង ​ខណៈ​អ្នក​ចិញ្ចឹម ក្នុង​ស្រុក​គ្មាន​សមត្ថភាព​ធ្វើ​បន្ត។ លោក​បន្ថែម​ថា ក្នុង​មួយ​ថ្ងៃ ​កម្ពុជា​មាន​តម្រូវ​ការ​ជ្រូក​ដល់​ ៨​ពាន់​ក្បាល ​ទូទាំង​ប្រទេស តែ​ចំនួន​នៃ​អ្នក​ផ្គត់​ផ្គង់​ក្នុង​ស្រុក​មាន​តិច​តួច។

ស្របគ្នា​នេះ លោក លី ឡាវីល ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា និង​ជា​អ្នក​គ្រប់​គ្រង​ទូទៅ ​នៃ​ក្រុមហ៊ុន​ M’s Pig បាន​ឲ្យ​ដឹង​ថា គិត​មក​ទល់​ពេល​នេះ​​អត្រា​អ្នក​បោះបង់​របរ​ចិញ្ចឹម​ដែល​ជា​សមាជិក​ក្នុង​សមាគម​បាន​កើន​​ដល់​ ៤០​ភាគរយ ​ស្របគ្នា​នឹង​តម្លៃ​ក៏​ធ្លាក់​ចុះ​ និង​ទាប​ជាង​ថ្លៃ​ដើម​ ​ហើយ​នៅ​តែ​គ្មាន​អ្នក​ទិញ​ទៀត​។

​​ «បច្ចុប្បន្ន​រដ្ឋាភិបាល​នៅ​មិន​ទាន់​​មាន​ដំណោះស្រាយ​ថ្មី​ ដល់​ប្រជា​កសិករ​នៅឡើយ​។ ខាង​ក្រសួងកសិកម្ម​គ្រាន់​តែ​ប្រាប់​ថា​ឲ្យ​កសិករ​រង់​ចាំ​​ នៅ​ពេល​ជ្រូក​វៀតណាម ​ដែល​ចិន​មិន​ទិញ​ហ្នឹង​អស់ ​តម្លៃ​នឹង​អាច​ឡើង​វិញ។ ម្យ៉ាង​រដ្ឋាភិបាល​មិន​អាច​បិទ​មិន​ឲ្យ​ជ្រូក​បរទេស​ចូល​បាន​ឡើយ​ ដោយសារ​តែ​កម្ពុជា​ប្រើ​សេដ្ឋកិច្ច​ទីផ្សារ​សេរី» ​មានន័យថា ​កសិករ​អ្នក​ចិញ្ចឹម​ជ្រូក​ក្នុងស្រុក​ចាំ​បាច់​ត្រូវ​ប្រកួតប្រជែង​រក​ម៉ូយ​ខ្លួន​ឯង»។ លោក ​លី ឡាវីល​ និយាយ។ ​

-ចុចអាន៖ ម្រេច​កំពត​មាន​តម្រូវ​ការ​ខ្ពស់ ខណៈ​ការ​ផ្គត់​ផ្គង់​មិនទាន់​តម្រូវ​ការ​​

លោក​បន្ត​ថា ៖ «​​កសិករ​ខ្មែរ​មិន​អាច​ប្រកួត​ជាមួយ​អ្នក​នាំ​ចូល​ជ្រូក​ដែល​គេ​បោះ​ចោល​ ឬ​ជ្រូក​ដែល​សល់​ និង​គ្មាន​គុណភាព​បាន​ឡើយ​» ។ ​តួយ៉ាង​ជ្រូក​វៀត​ណាម​មួយ​ចំនួន​ ​គឺ​នៅ​សល់​ ហើយ​ខូច​សាច់​អស់​ ​យក​មក​ឲ្យ​អាជីវករ​ខ្មែរ​ក្នុង​តម្លៃ​ទាប​ជាង​ទីផ្សារ ប្រហែល ៥ពាន់រៀល​ ​ដែល​វា​មិន​ត្រឹម​តែ​ផ្ដួល​តម្លៃ​អ្នក​ចិញ្ចឹម​ក្នុង​ស្រុក​ឲ្យ​ដួល​ទាំង​ស្រុង​ ​ថែម​ទាំង​​ខូច​សុខភាព​ប្រជាជន​ទៀត​។ ​ត្រង់​ចំនុច​នេះ រដ្ឋាភិបាល​មិន​ត្រូវ​លើក​ឡើងថា ​ទីផ្សារ​សេរី​ ​ត្រូវតែ​ឲ្យគេ​នាំចូល​ដោយ​សេរីនោះទេ ព្រោះ​វា​បាន​ធ្វើ​ឲ្យ​ខ្មែរ​ខាត​បង់​នូវ​សមិទ្ធផល​ដែល​បាន​កសាង​រយៈពេល​ ៣០ឆ្នាំ​ទាំង​ស្រុង។

យ៉ាង​ណា​មិញ ​តំណាង​សមាគម​ខាង​លើ​បាន​លើក​ឡើងថា នៅ​ចំពោះ​មុខ ​ប្រជា​កសិករ​ដែល​ចិញ្ចឹម​ជ្រូក​ចាប់ពី ១០ ទៅ ៣០ក្បាល ​គួរតែ​ផ្អាក​សិន​ ព្រោះ​តម្លៃ​ជ្រូក​មិន​អាច​ឡើង​ក្នុង​រយៈ​ពេល​ ១ ឬ ២ឆ្នាំ​បាន​ឡើយ ​ហើយ​បើ​បន្ត​មាន​តែ​ធ្លាក់​ជ្រោះ។ ដោយ​ឡែក​សម្រាប់​ម្ចាស់​កសិដ្ឋាន​ធំៗ​ មិន​អាច​បញ្ឍប់​បាន​ ក៏​ព្រោះ​តែ​ដើម​ទុនធំ​ ​មាន​តែ​បន្ត​ខាត។

ទន្ទឹម​គ្នា​នេះ​ ​ក្រុមហ៊ុន​M’s Pig ​របស់​ឧកញ៉ា​ ម៉ុង​ ឫទ្ធី​ ក៏​ប្រឈម​នឹង​ការ​ផ្លាស់​ប្ដូរ​ការងារ​កម្មករ ​ពី​អ្នក​ថែ​ជ្រូក​ ​ឲ្យ​ទៅ​ធ្វើការ​នៅ​ចម្ការ​កៅស៊ូ​វិញ​។ ​បើ​សិន​កម្មករ​មិនព្រម​ ​ពួកគាត់​មាន​តែ​អត់​ការងារ​ធ្វើ​។ នេះ​បើ​តាម​ប្រសាសន៍​ លោក ​ឡាវីល​ អ្នក​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​នេះ។

-ចុចអាន៖ ឧកញ៉ា ម៉ុង ឫទ្ធី សម្រេច​កិច្ច​សន្យា​នាំចេញ​ស្វាយ​និង​ម្រេច ទៅ​កាន់​ទីផ្សារ​ប្រទេស​ប៉ូឡូញ​​

ទាក់ទង​នឹង​បញ្ហា​ខាង​លើ​នេះ ក្រុម​ការងារ​បាន​ព្យាយាម​ទាក់ទង​មន្រ្តី​ក្រសួង​កសិកម្ម​ដើម្បី​ឆ្លើយ​តប​ ប៉ុន្ដែ ពុំ​មាន​អ្នក​លើក​ទូរសព្ទ ដូច្នេះ ប្រសិន​បើ​មាន​ព័ត៌មាន​ការឆ្លើយ​តប​ណាមួយ Sabay នឹង​ធ្វើ​ការ​ចុះផ្សាយ​ជុំវិញអំពី​ផែន​ការ ក៏ដូចជា ការ​ប្រតិកម្ម​ពី​ក្រសួង​​កសិកម្ម​ពាក់​ព័ន្ធ​នឹង​ការ​នាំ​ចូល​ជ្រូក​គ្មាន​ការ​អនុញ្ញាត ឬ នាំចូល​លើ​សការ​កំណត់​របស់​ក្រសួង​នោះ។

អត្ថបទ៖ ស៊ិន សាវ៉េត

អត្ថបទពេញនិយម
អត្ថបទថ្មី