បែកធ្លាយ សាច់ឆ្កែ ត្រូវគេបន្លំជា សាច់មាន់ លក់ពេញលើកោះបាលី ឲ្យភ្ញៀវទេសចរ

  • 2017-06-22 04:03:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្ញៀវ​ទេសចរ​ជា​ច្រើន នៅ​លើ​កោះ​បាលី (Bali) របស់​ប្រទេស​ឥណ្ឌូនេស៊ី បាន​ទទួលទាន​សាច់​ឆ្កែ និង​គាំទ្រ​ការ​ជួញ​ដូរ​ដ៏​ឃោរឃៅ​នេះ ទាំង​មិន​ដឹង​ខ្លួន បន្ទាប់​ពី​អ្នក​លក់​នៅ​ទី​នោះ បាន​យក​សាច់​ឆ្កែ បន្លំ​ថា​ជា​សាច់​មាន់​អាំង​ដោត​ចង្កាក់ លក់​ព្រោងព្រាត​នៅ​លើ​កោះ​នោះ។ នេះ​បើ​យោង​តាម​សារព័ត៌មាន Dailymail ដែល​បាន​ចុះផ្សាយ កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ។

ខ្សែ​វីដេអូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ ដែល​ប្រមាញ់​បាន​ដោយ ក្រុម​អ្នក​ស្រលាញ់​សត្វ​អូស្ត្រាលី Animals Australia នៅ​លើ​កោះ​ដ៏​មាន​ប្រជាប្រិយភាព​នោះ បាន​បង្ហាញ​ឲ្យ​ឃើញ សត្វ​ឆ្កែ​ជា​ច្រើន​ក្បាល ត្រូវ​គេ​ចាប់​ចង​មាត់ និង​ធ្វើ​បាប​យ៉ាង​ឃោរឃៅ មុន​ពេល​កាប់​សម្លាប់​ពួក​វា យក​មក​បន្លំ​លក់​ជា​សាច់​មាន់ ឲ្យ​ភ្ញៀវ​ទេសចរ​នៅ​ទី​នោះ។

វីដេអូ​ខាងលើ​ត្រូវ​បាន​ចាក់​ផ្សាយ​បន្ត​ផ្ទាល់ នៅ​ក្នុង​កម្មវិធី 7.30 របស់​ទូរទស្សន៍ ABC កាល​ពី​យប់​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ ដោយ​បង្ហាញ​ឲ្យ​ឃើញ​ពី​សកម្មភាព អ្នក​លក់​ដើរ​សំដៅ​ទៅ​រក​ភ្ញៀវ​ទេសចរ​មួយ​ក្រុម នៅ​លើ​ឆ្នេរ Double Six Beach នៃ​កោះ​បាលី។

«តម្លៃ ១ ដុល្លារ... សាច់​មាន់​អាំង​ដោត​ចង្កាក់... មិនមែន​សាច់​ឆ្កែ​ទេ»។ អ្នក​លក់​ស្រែក​ហៅ​ឲ្យ​ពួក​គេ​ជួយ​ទិញ ដោយ​បង្ហាញ​សាច់​ដោត​ចង្កាក់​ជា​ច្រើន នៅ​ក្នុង​ប្រអប់​មួយ ដែល​មាន​សរសេរ​អក្សរ​អង់គ្លេស​ថា «Sate»។

គួរ​បញ្ជាក់​ថា Sate (ឥណ្ឌូនេស៊ី) ឬ Satai (ម៉ាឡេស៊ី) ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា Satay គឺ​ជា​អាហារ​បែប​អាស៊ីអាគ្នេយ៍​មួយ​ប្រភេទ ដែល​មាន​បំណែក​សាច់​តូចៗ ដោត​ចង្កាក់​ឈើ​អាំង ហើយ​គេ​ទទួលទាន​ជាមួយ​ទឹកជ្រលក់។

Sate (ឥណ្ឌូនេស៊ី) ឬ Satai (ម៉ាឡេស៊ី) ឬ​អាច​ហៅ​ម្យ៉ាង​ទៀត​ថា Satay

ផ្ទុយទៅវិញ នៅ​ពេល​ដែល​អ្នក​ស៊ើបអង្កេត​របស់ ក្រុម Animals Australia ដើរ​ចូល​ទៅ​សួរ​អ្នក​លក់​នោះ រូប​គេ​ក៏​បាន​សារភាព និង​ឆ្លើយ​ថា «វា​ជា​សាច់​ឆ្កែ»។

ទោះ​បី​ជា​យ៉ាង​ណា មនុស្ស​មួយ​ចំនួន​នៅ​លើ​កោះ​បាលី ជឿជាក់​ថា សត្វ​ឆ្កែ គឺ​ជា​ជម្រើស​អាហារ​ដ៏​មាន​សុខភាព​មួយ និង​បង្កើន​ភាព​អង់អាច​សម្រាប់​បុរស ហើយ​មាន​តម្លៃ​ថោក​ទៀត​ផង៕

សូម​ទស្សនា​វិដេអូ​ខាង​ក្រោម៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី