ម្ចាស់ហាងចិត្តធម៌ ផ្តល់គុយទាវដល់ចាស់ៗ ឥតគិតថ្លៃ ជាង៧ឆ្នាំ ក្រោយជួបរឿង ភ្ញាក់ផ្អើលមួយ

  • 2017-06-22 07:45:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អស់​រយៈពេល​ជាង ៧ ឆ្នាំ​មក​ហើយ ដែល​ហាង​គុយទាវ​មួយ នៅ​ក្នុង​ខេត្ត Henan ទីក្រុង Anyang ប្រទេស​ចិន បាន​ផ្ដល់​អាហារ​ដល់​មនុស្ស​ចាស់ ដោយ​ឥតគិតថ្លៃ ដែល​វា​គឺ​ជា​ទង្វើ​ដ៏​គួរ​ឲ្យ​កោតសរសើរ។

រាល់​ពេល​ដែល​អតិថិជន អាយុ​លើស​ពី ៧០ ឆ្នាំ ចូល​ទៅ ថៅកែ​ហាង​គុយទាវ​ខាងលើ លោក Wang Xiaojun តែង​រៀបចំ​គុយទាវ​ឲ្យ​ពួកគេ ដោយ​ចំណាយ​ពេល​ធ្វើ​វា​ឲ្យ​ស្ដើង និង​ទន់​បន្តិច ដើម្បី​ផ្ដល់​ភាព​ងាយស្រួល ដល់​ចាស់ៗ​ទទួល​ទាន។

លោក Wang បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ក្នុង​ស្រុក​ថា គំនិត​ផ្ដួចផ្ដើម​ផ្ដល់​គុយទាវ​ឥតគិតថ្លៃ នេះ ត្រូវ​បាន​បំផុស​គំនិត​ឡើង ដោយសារ​តែ​ការ​ចំណាយ​ពេល​ធ្វើ​ជា​ទាហាន ១២ ឆ្នាំ នៅ​ភាគ​ខាងលិច ខេត្ត Qinghai របស់​លោក ហើយ​បាន​ជួប​អ្នក​ស្រុក​វ័យ​ចំណាស់​ចិត្ត​ល្អ​ជាច្រើន ដែល​តែង​ជួយ​ថែរក្សា​រូប​លោក បើ​ទោះ​បី​ជា​ពួកគេ​ទាំង​នោះ កំពុង​មាន​ការ​លំបាក​ផ្ទាល់ខ្លួន​ក៏​ដោយ។

«ខ្ញុំ​បាន​ប្រាប់​ខ្លួនឯង​ថា នៅ​ពេល​ដែល​ខ្ញុំ​មាន​ឱកាស ខ្ញុំ​នឹង​ជួយ​ពួក​គាត់»។ នេះ​បើ​តាម​សម្ដី​របស់​លោក Wang។

បច្ចុប្បន្ន លោក Wang តែង​ផ្ដល់​គុយទាវ​ដល់​ចាស់ៗ​ដោយ​ឥតគិតថ្លៃ ប្រហែល ១០ ចាន​ក្នុង​មួយ​ថ្ងៃ ប៉ុន្តែ​ថ្ងៃ​ខ្លះ​កើន​ដល់ ២០ ឬ ៣០ ចាន ក៏​មាន​ដែរ។ ស្ត្រី​ចំណាស់​ម្នាក់ បាន​កោត​សរសើរ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​លោក Wang ប៉ុន្តែ​ងឿងឆ្ងល់ និង​ព្រួយបារម្ភ​ពី​ជំនួញ​របស់​លោក ដោយ​លើក​ហេតុផល​ថា លោក Wang គួរ​ផ្តល់​ការ​បញ្ចុះតម្លៃ​ដល់​មនុស្ស​ចាស់ ជា​ជាង​ផ្ដល់​អាហារ​ដោយ​ឥតគិតថ្លៃ​បែប​នេះ។

ផ្ទុយទៅវិញ លុយ វា​មិនមែន​ជា​បញ្ហា​ចោទ​សម្រាប់​លោក Wang ឡើយ។ លោក Wang បាន​និយាយ​លើក​ទឹក​ចិត្ត ឲ្យ​យុវវ័យ​បង្ហាញ​ការ​គោរព​ចំពោះ​ចាស់ទុំ​ថា «មនុស្ស​គ្រប់គ្នា​នឹង​ចាស់​នៅ​ថ្ងៃ​ណា​មួយ។ ខណៈ​ពេល​យើង​នៅ​ក្មេង យើង​គួរតែ​ជួយ​មនុស្ស​ចាស់»៕

ប្រភព៖ Shanghaiist   ប្រែ​សម្រួល៖ សេង ឡុង