កន្ធាយក្បាលកង្កែប សត្វកម្របំផុតលើពិភពលោក មាននៅកម្ពុជា ជិតផុតពូជហើយព្រោះ.....

  • 2017-06-23 02:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សត្វ​កន្ធាយ​ក្បាល​កង្កែប នៅ​ខេត្ត​ក្រចេះ កំពុង​តែ​ប្រឈម​មុខ​នឹង​ការ​បាត់បង់ ដោយសារ​តែ​នាំ​ចេញ​ទៅ​លក់​នៅ​វៀតណាម​និង​ចិន។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រុម​អ្នក​អភិរក្ស​សត្វ​ព្រៃ​ WCS។

កន្ធាយ​ក្បាល​កង្កែប ឬ​រមិច ជា​ប្រភេទ​សត្វ​កម្រ​រង​គ្រោះ​ជិត​ដាច់​ពូជ ដែល​ត្រូវ​បាន​ដាក់​ចូល​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​អន្តរ​ជាតិ​ខាង​អភិរក្ស​សត្វ​ព្រៃ​ពិភពលោក IUCN។ នៅ​ស្រុក​ខ្មែរ សត្វ​ប្រភេទ​នេះ មាន​នៅ​សល់​មួយ​ចំនួន ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង ប៉ុន្តែ​កំពុង​ប្រឈម​នឹង​កាត់​តែ​ផុត​ពូជ​ថែម​ទៀត។

បើ​ទោះ​បី សត្វ​កន្ធាយ​ក្បាល​កង្កែប ជា​សត្វ​កម្រ ហើយ​គេ​មិន​ងាយ​នឹង​នេសាទ​បាន​ក៏​ដោយ តែ​សត្វ​នេះ ត្រូវ​អ្នក​អភិរក្ស​សត្វ រាយការណ៍​ថា វា​កំពុង​តែ​ត្រូវ​ប៉ាន់​សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ចិន និង​វៀត​ណាម សម្រាប់​ការ​ចម្អិន​ធ្វើ​ម្ហូប​នៅ​តាម​ភោជនីយដ្ឋាន។ នៅ​ក្នុង​ទីផ្សារ​ងងឹត កន្ធាយ​ប្រភេទ​នេះ លក់​បាន​កម្រិត​ថ្លៃ​គួរ​សម គឺ ក្នុង​មួយ​គី​ឡូក្រាម តម្លៃ​ជាង​១០ដុល្លារ។ ហើយ​កន្ធាយ​ក្បាល​កង្កែប ដែល​ធំ​បំផុត ក៏​អាច​មាន​ទម្ងន់ រហូត​ដល់​ប្រមាណ​ជិត​៥០​គីឡូ​ក្រាម​ឯណោះ។

សត្វ​កន្ធាយ​ក្បាល​កង្កែប អ្នក​នៅ​ស្រុកខ្មែរ​មួយ​ចំនួន ច្រើន​ហៅ​ថា ល្មិច ឬ​រមិច តែ​ដោយសារ​​តែ​សត្វ​កន្ធាយ​នេះ មាន​ក្បាល​ទម្រង់​ដូច​សត្វ​កង្កែប ទើប​គេ​ច្រើន​តែ​ហៅ​ឈ្មោះ​វា​ម្យ៉ាង​ទៀត ថា សត្វ​កន្ធាយ​ក្បាល​កង្កែប ទៅវិញ។ សត្វ​នេះ មាន​ទំហំ​ធំ​និង​រាងរូវ​ ស្រដៀង​ដូច​សត្វ​អណ្តើក​ដែរ គ្រាន់​តែ​ស្នូក​វា​ទន់។

សព្វ​ថ្ងៃ​នេះ ក្រៅ​ពី​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ដោយសារ​តែ​ការ​នាំចេញ​ទៅ​លក់​នៅ​បរទេស សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ ក៏​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​មនុស្ស នេសាទ និង​ចាប់​យក​ពង​កូន​របស់​វា ហើយ​កត្តា​ធម្មជាតិ​ប្រែប្រួល​អាកាស​ធាតុ ក៏​ធ្វើ​ឲ្យ​ពង​កូន​របស់​វា​ងាប់ ឬ​មិន​ញាស់​ថ្មី ព្រម​ទាំង​ប្រឈម​មុខ​នឹង​សត្វ​ដទៃ​ផ្សេងៗ​ទៀត ស៊ី​ពង​កូន​របស់​វា​ផង​ដែរ។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹងពី​លោក ស៊ុន យឿន មន្ត្រី​សម្រប​សម្រួល​គម្រោង​អភិរក្ស​សត្វ​កន្ធាយ​ក្បាល​កង្កែប​របស់​អង្គការ WCS។

បើ​តាម​មន្ត្រី​ជំនាញ ប្រភេទ​សត្វ​កន្ធាយ​ក្បាល​កង្កែប​នេះ មាន​វត្ត​មាន​ភាគ​ច្រើន​នៅ​អាស៊ី​អាគ្នេយ៍ តួ​យ៉ាង នៅ​កម្ពុជា​ដែល​មាន​ចំនួន​ច្រើន​ជាង​ប្រទេស​ជិត​ខាង ដូចជា ថៃ ឡាវ វៀតណាម ភូមា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ហ្វីលីពីន ហើយ​ក្រៅ​ពីនេះ មាន​មួយ​ចំនួន នៅ​ចិន ឥណ្ឌា បង់​ក្លាដែស និង​ប៉ាពូអាស៊ីហ្គីណេ។

យ៉ាងណា​ក្ដី​អង្គការ​អភិរក្ស​អន្តរជាតិ CI បាន​ធ្វើ​កិច្ចការ​ថែ​រក្សា​អភិរក្ស​សត្វ​នេះ នៅ​ក្នុង​ខេត្ត​ក្រចេះ​និង​ស្ទឹង​ត្រែង អស់​ជាង​១០​ឆ្នាំ​មក​ហើយ។ ទើប​តែ​ឆ្នាំ​២០១៧​នេះ ត្រូវ​អង្គការ​សមាគម​អភិរក្ស​សត្វ​ព្រៃ WCS ត្រូវ​បន្ត​កាន់​គម្រោង​អភិរក្ស​នេះ​បន្ត។ ចំណែក មន្ទីរ​រដ្ឋបាល​ជលផល​ខេត្ត និង​អាជ្ញាធរ​មូលដ្ឋាន ក៏​បាន​ផ្ដើម​ចាប់​អារម្មណ៍​យក​ចិត្ត​ទុកដាក់ ដោយ​បាន​ចូលរួម​ព្រលែង​សត្វ​កន្ធាយ​នេះ ប្រមាណ​១៥០​ក្បាល​ឲ្យ​ចូល​ទៅ​នៅ​ក្នុង​ធម្មជាតិ​វិញ នៅ​ថ្ងៃ​ទៅ​២១មិថុនា កន្លង​ទៅ៕

អត្ថបទ៖ ថោ ច័ន្ទឬទ្ធិ

ប្រភព៖ វិទ្យុបារាំងអន្តរជាតិ