ចាន់​ រតនា​ និយាយ​អ្វី​ខ្លះ​មុន​ប៉ះ​ជើង​ខ្លាំង​ថៃ​ល្ងាច​នេះ​?

  • 2017-06-23 02:45:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ល្បី​ឈ្មោះ​ខាង​ប្រកួត​ក្បាច់​គុន​ចម្រុះ​នា​ពេល​បច្ចុប្បន្ន​ និង​ជា​អតីត​ជើង​​គុន​ខ្មែរ​ខ្លាំង​តាំង​ពី​ ៣-៤​ ឆ្នាំ​មុន​ ចាន់​ រតនា​ លើក​ឡើង​ពី​ចំណុច​ខ្លាំង​មួយ​ចំនួន​របស់​អ្នក​ប្រដាល់​ឆ្លង​ដែន​មក​ពី​ថៃ​ Kaophong Chaipum​ ដែល​ជា​ដៃ​គូ​ត្រូវ​ប៉ះ​គ្នា​ល្ងាច​នេះ។​

កីឡការ ចាន់​ រតនា​

ចាន់​ រតនា​ បាន​ឲ្យ​ដឹង​ថា​ ការ​ជួប​ជា​មួយ​ Kaophong Chaipum​ អាច​ថា​ជា​ការ​ប៉ះ​គ្នា​ដើម្បី​ស្ទាបស្ទង់​ឲ្យ​ដឹង​ពី​កម្រិត​វិជ្ជា​គុន ​មុន​ការ​ប្រកួត​ខ្សែក្រវាត់​ឈាន​មក​ដល់​នៅ​ខែ​ក្រោយ។​ ការ​ប្រកួត​ល្ងាច​នេះ​ គេ​ចាត់​ទុក​ថា​ជា​ការ​ប្រកួត​ដ៏​សំខាន់​មួយ​ ព្រោះ​កីឡាករ​ថៃ​រូប​នេះ​ខ្លាំង​និង​ធ្លាប់​ជួប​ជា​មួយ​អ្នក​ប្រដាល់​ល្បី​ឈ្មោះ​ជួរមុខ​របស់​កម្ពុជា​ច្រើន​នាក់​មក​ហើយ។​

កីឡការ ចាន់​ រតនា​

ជើង​ខ្លាំង​ទើប​ប្រឡូក​គុន​ខ្មែរ​សារ​ជា​ថ្មី​រូប​នេះ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ចំណុច​ល្អ​ៗ​និង​ស្នៀត​វិញ​កីឡាករ​ថៃ​ម្នាក់​នេះ​ គេ​មាន​បទពិសោធ​ច្រើន​ កម្លាំង​ស៊ុហ្វ​ល្អ​ និង​ចូល​ចិត្ត​ប្រើ​ជើង​ទាត់​កាត់​ក្រោម​ រី​ឯ​ដៃ​វ៉ៃ​ខាង​និង​ឆក់​លើ​ ហើយ​គេ​មិន​សូវ​ចូល​វ៉ៃ​កៀក​នោះ​ឡើយ។​ ចំពោះ​តិចនិក​ប្រកួត​របស់​កីឡាករ​ថៃ​ម្នាក់​នេះ​ រតនា​ ហាក់​មិន​បារម្ភ​នោះ​ទេ​ព្រោះ​បាន​ហាត់​សម្រាប់​ទប់​ទល​និង​វាយ​បក​រួច​ស្រេច​ហើយ។​ តែ​អ្វី​ដែល​លោក​បារម្ភ​នោះ​គឺ​កម្លាំង​ស៊ុហ្វ​របស់​ខ្លួន​តែ​ម្ដង ​ដោយ​សារ​វ័យ​របស់​ខ្លួន​ចាស់​បន្តិច​ទៅ​ហើយ​អាច​និង​មិន​ដល់​កីឡាករ​ថៃ​ម្នាក់​នេះ។​

កីឡការ ចាន់​ រតនា​

ចាន់​ រតនា​ នឹង​ត្រូវ​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​កីឡាករ​ Kaophong Chaipum​ ខណៈ​ជើង​ខ្លាំង​ ផល​ សោភ័ណ្ឌ​ ក៏​ឡើង​ប្រឈម​ជា​មួយ​កីឡាករ​ថៃ​ ខេម​ ចាន់​ ផង​ដែរ​ នៅ​សង្វៀន​ បាយ័ន​ស្ទឹងមានជ័យ​ចាប់​ពី​ម៉ោង​ ៧យប់​តទៅ៕

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម