ផ្អើលអស់អ្នកស្រុក ក្រោយសត្វចៀមមួយក្បាល កើតបានកូនចៀមកាត់មនុស្ស

  • 2017-06-23 02:50:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នក​ស្រុក​នៅ​ឯ​ខេត្ត Eastern Cape នៃ​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ថា​បាន​ធ្វើ​អំពើ​អាបធ្មប់ បន្ទាប់​ពី​មេ​ចៀម​មួយ​ក្បាល កើត​បាន​កូន​ចៀម​កាត់​មនុស្ស​ដ៏​ចម្លែក នៅ​សប្ដាហ៍​នេះ។

ជា​មួយ​គ្នា​នេះ​ដែរ អ្នក​ស្រុក​មួយ​ចំនួន​ជឿជាក់​ថា មេ​ចៀម​នោះ​កើត​បាន​កូន​បិសាច ដោយសារ​តែ​វា​មាន​រូបរាង​ចម្លែក ខុស​ពី​សត្វ​ចៀម​ធម្មតា ហើយ​មាន​ក្រញាំ​ជើង​ស្រួច​វែង និង​មាន​ស្បែក​ពណ៌​ផ្កាឈូក ទៀត​ផង។ ទោះ​បី​ជា​យ៉ាង​ណា មនុស្ស​មួយ​ចំនួន​ជឿជាក់​ថា រូប​ថត​កូន​ចៀម​នោះ ជា​រូប​កុហក​បោកប្រាស់ ខណៈ​ខ្លះ​ទៀត​និយាយ​ថា វា​ជា​លទ្ធផល​នៃ​ការ​ចាក់​បញ្ចូល មេ​ជីវិត​មនុស្ស​ចូល​ទៅ​ក្នុង​សត្វ​ចៀម។

ផ្ទុយទៅវិញ មន្ត្រី​កសិកម្ម​មកពី​មន្ទីរ​អភិវឌ្ឍន៍​ជនបទ របស់​ប្រទេស​អាហ្វ្រិក​ខាងត្បូង បាន​បញ្ជាក់​ថា កូន​ចៀម​ចម្លែក និង​រូបថត​នោះ សុទ្ធ​តែ​ពិត​ប្រាកដ​ទាំង​អស់។ នាយក​នៃ​សេវា​ពេទ្យសត្វ លោក​វេជ្ជបណ្ឌិត Lubabalo Mrwebi ក៏​បាន​បន្ថែម​ទៀត​ថា ការ​ធ្វើ​តេស្ត​បាន​អះអាង​ថា វា​គឺ​ជា​កូន​ចៀម​ពិត​ប្រាកដ​មែន បើ​ទោះ​បី​ជា​វា​មាន​រូបរាង​ចម្លែក​ក្ដី។

លោក​វេជ្ជបណ្ឌិត​ខាង​លើ បាន​បញ្ជាក់​បន្ថែម​ថា «វា​មិន​មែន​មនុស្ស​ឡើយ ប៉ុន្តែ​ជា​សត្វ​ចៀម ដែល​បាន​ឆ្លង​មេរោគ​គ្រុន Rift Valley Fever នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ផើម។ វា​មិនមែន​ជា​រឿង​ចម្លែក​ឡើយ សម្រាប់​សត្វ​ដែល​ឆ្លង​មេរោគ នៅ​ដំណាក់កាល​ដំបូង​នៃ​ការ​ផើម។ យើង​អាច​បញ្ជាក់​ថា វា​ជា​សត្វ​ចៀម ហើយ​ក៏​មិន​មែន​ជា​កូន​ចៀម ដែល​បង្ក​កំណើត​តាម​រយៈ​មេ​ជីវិត​របស់​មនុស្ស​ដែរ»៕

ប្រភព៖ Metro   ប្រែ​សម្រួល៖ សេង ឡុង