កែ​ប្រែ​ការ​មើល​ងាយ ទៅ​ជា​កម្លាំង​ចិត្ត (រឿង​ពិត​របស់​និស្សិត IT)

  • 2017-06-23 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​នៅ​រៀន​វិទ្យាល័យ យុវជន ហ.រ.ត ជា​សិស្ស​ម្នាក់​ដែល​រៀន​ខ្សោយ​មែនទែន​សឹង​តែ​ថា​សិស្ស ៥០ នាក់ គេ​ទទួល​លេខ ៤៩ ទៅ​ហើយ ថែម​ទាំង​មាន​ការ​ឌឺ​ដង​ពី​មិត្ត​រួម​ថ្នាក់​ទៀត ប៉ុន្តែ​ក្រោយ​មក​មាន​រឿង​ដែល​នឹក​ស្មាន​មិន​ដល់។

រូប​តំណាង

យុវជន ហ.រ.ត មាន​ចំណូល​ចិត្ត​ផ្នែក​វិទ្យាសាស្ត្រ ច្រើន​ជាង​មុខវិជ្ជា​ចំណេះដឹង​ទូទៅ​កាល​នៅ​រៀន​វិទ្យាល័យ ជា​ពិសេស​ជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ឬ​ហៅ​តាម​ការ​និយម​ថា IT។ ដោយសារ​ចូលចិត្ត​ការស្រាវជ្រា​វ​​ គេ​​ហ៊ាន​ដាក់​ពាក្យ​ចូល​ធ្វើការ​បុគ្គលិក​ហាត់ការ​ផ្នែក Web Developer(អ្នក​អភិវឌ្ឍន៍​វិបសាយ) នៅ​ក្នុង​ក្រុមហ៊ុន​មួយ​កន្លែង​នៅ​រាជធានី​ភ្នំពេញ តាំង​ពី​ថ្នាក់​ទី ១១ មក​ម្ល៉េះ។

រឿង​ដែល​មិន​នឹក​ស្មាន​គឺ អ្នក​ដែល​ស្គាល់ ហ.រ.ត ដែល​រៀន​ជាមួយ​នៅ​ថ្នាក់​វិទ្យាល័យ​ទាំង​ប៉ុន្មាន ពួក​គេ​មិន​ដែល​ចាប់​អារម្មណ៍​និង​ជំនាញ​របស់ ហ.រ.ត ផ្ទុយ​ទៅ​វិញ ពួក​គេ​តែង​តែ​មើល​ងាយ​នឹង​មិន​សូវ​និយាយ​រក​គេ​ឡើយ ពួកគេ​តែង​តែ​ឌឺ​ដង​ថា ហ.រ.ត ជា​មនុស្ស​មិន​បាន​ការ គ្មាន​កំណើត​ទៅ​រៀន​អាយធី​និង​រៀន​ធ្វើអី រៀន​ហើយ​មក​បញ្ចូល​បទ​ចម្រៀង​ទៅ វា​គ្មាន​បាន​ការ​អី​ទេ

ដោយ​សារ​សម្ដី​ដែល​ពួកគេ​និយាយ​ធ្វើ​ឲ្យ យុវជន ហ.រ.ត ខឹង​ខ្លាំង​មែន​ទែន​ពេលខ្លះ​គេ​អង្គុយ​គិត​តែ​ឯង​ថា ហេតុអ្វី​បាន​ជា​គេ​មើល​ងាយ មិន​ឲ្យ​តម្លៃ​លើ​ជំនាញ​នេះ​សោះ ទាំងដែល​ការ​រស់​នៅ​របស់​គេ ៩០ ភាគ​រយ​ត្រូវការ IT ទៅ​ហើយ

តាំង​ពី​ពេល​នោះ​មក យុវជន ហ.រ.ត មិន​ដែល​រវល់​នឹង​សម្ដី​របស់​ពួកគេ​ឡើយ​ព្រោះ​យុវជន ហ.រ.ត ដឹង​ថា​ពួក​គេ​ប្រាកដ​ជា​មិន​ស្គាល់ ថា​អ្វី​ទៅ​ដែល​ហៅ​ថា IT នោះ​ទេ ដូចនេះ​យុវជន ហ.រ.ត មាន​តែ​ខំ​សិក្សា​បន្ថែម​លើ​ជំនាញ​មួយ​នេះ ឲ្យ​កាន់​តែ​រីក​ចម្រើន។

រហូត​មក​ដល់​ពេលនេះ​អ្វី​ដែល​ចេញ​មក​ពី​ការ​ខិត​ខំ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ យុវជន ហ.រ.ត បាន​ជោគជ័យ​ក្នុង​ជំហ៊ាន​ទី​មួយ​ហើយ។ សព្វ​ថ្ងៃ​យុវជន ហ.រ.ត ជា​និស្សិត IT ឆ្នាំ​ទី​២ នៃ​សកលវិទ្យាល័យ​មួយ ហើយ​ក៏​កំពុង​បម្រើ​ការ​ជា​បុគ្គលិក​ផ្នែក Network Administrator នៅ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ​ផង​ដែរ​ ទោះ​បី​យុវជន ហ.រ.ត រៀន​មិន​ទាន់​ចប់​ក្ដី​ តែ​បទពិសោធន៍​និង​អ្វី​ដែល​គេ​ចេះ​ក៏​មិន​ចាញ់​អ្នក​ដែល​រៀន​បាន​លេខ​មួយ​ក្នុង​ថ្នាក់​ដែរ។

ជា​ចុង​ក្រោយ យុវជន ហ.រ.ត បាន​ផ្ដាំ​អរគុណ​ចំពោះ​អ្នក​ដែល​ធ្លាប់​មើល​ងាយ​គេ​កន្លង​មក ដែល​បាន​ឲ្យ​វា​ក្លាយ​ទៅ​ការ​ផ្ដល់​ជា​កម្លាំង​ចិត្ត​ឲ្យ​រូប​គេ ដើរ​​មក​ដល់​ពេល​នេះ។

តម្លៃ​អប់​រំ៖

មនុស្ស​ម្នាក់ៗ មាន​ចំណូលចិត្ត​ខុស​គ្នា មាន​ជំនាញ​ផ្សេង​គ្នា បើ​យើង​ធ្វើ​មិន​បាន​មាន​គេ​ធ្វើ​បាន ដូចនេះ​កុំ​វាយ​តម្លៃ​មនុស្ស​តាម​សំបក​ក្រៅ៕

អាន​បន្ត៖

អត្ថបទ៖ ហ.រ.ត

អត្ថបទថ្មី