ឃើញ​ក្មេង​មិន​ដឹង​ខ្លួន​ក្នុង​អាង​ហែល​ទឹក លោត​ទៅ​ជួយ ឆក់​ស្លាប់​ទាំងអស់

  • 2017-06-24 08:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហេតុការណ៍​ឆក់​ដោយ​ចរន្ត​អគ្គិសនី​មួយ បាន​កើតឡើង​កាល​ពី​ថ្ងៃ​ទី២៣ ខែ​មិថុនា ឆ្នាំ​២០១៧ នៅ​ក្នុង​សួន​ទឹក​កម្សាន្ត​មួយ​កន្លែង នៅ​ទីក្រុង Akyazi ខេត្ត Sakarya ប្រទេស​តួកគី ដែល​បណ្ដាល​ឲ្យ​ក្មេង​ចំនួន ៣​នាក់ និង​មនុស្ស​ធំ​ពេញ​វ័យ ២នាក់​ទៀត បាត់​បង់​ជីវិត។

យោង​តាម​ប្រភព​ក្នុង​ស្រុក NTV បាន​ឲ្យដឹង​ថា ដោយ​មិន​បាន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់ មនុស្ស​ធំ​ពេញ​វ័យ​ទាំង ២នាក់​បាន​លោត​ចូល​ទឹក​ក្នុង​អាង​ដើម្បី​ជួយ​ក្មេង​ទាំង ៣​នាក់ ក្រោយពី​ឃើញ​ពួកគេ​បាន​បាត់បង់​ស្មារតី​ស្ដូកស្ដឹង​ក្នុង​ទឹក។ ក្មេង ៣​នាក់​ដែល​ត្រូវ​ឆក់​ស្លាប់ មាន​អាយុ ១២, ១៥ និង ១៧ឆ្នាំ។ ចំណែក ពីរ​នាក់​ដែល​ស្លាប់​ក្រោយ​ព្យាយាម​សង្គ្រោះ​ពួកគេ ជា​ឪពុក​និង​កូន មាន​អាយុ ៥៨ឆ្នាំ ជា​ម្ចាស់​សួន​ទឹក និង អាយុ ៣០​ឆ្នាំ។

ក្រោយ​ស្រង់​ចេញ​ពី​ទឹក ជនរងគ្រោះ​ទាំងអស់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ តែ​ក្រុម​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ពួកគេ​បាន​ឡើយ។ មនុស្ស ២​នាក់​ផ្សេង​ទៀត បាន​រង​របួស បន្ទាប់ពី​ប៉ះ​នឹង​របង​ខណ្ឌ​ចែក​ធ្វើ​ពី​ដែក ដែល​ស្ថិតនៅ​ជ្រុង​នៃ​អាង​ហែលទឹក។

ប៉ូលិស​កំពុង​ស៊ើប​អង្កេត​រក​ប្រភព​ដែល​បណ្ដាល​ឲ្យ​ឆ្លង​ចរន្ត​អគ្គិសនី នៅ​ក្នុង​អាង​ហែល​ទឹក​នេះ៕

អត្ថបទពេញនិយម