ធ្លាយ​ឈ្មោះ​តារា​ខ្មែរ ៨រូប ​កំពុង​រៀបចំ​ឯក​សារ​ចូល​ទូត​អាមេរិក

  • 2017-06-26 03:41:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច​មាន​សិល្បករ​សិល្បៈ​ការិនី​ខ្មែរ​ចំនួន​៨រូប​ដែល​​សុទ្ធសឹងតែ​ជា​តារា​ចម្រៀង កំពុង​​​ត្រូវ​បាន​Sponser ​នៅ​ប្រទេស​​សហរដ្ឋ​អាមេរិក រៀបចំ​ឯកសារ​ចូល​ស្ថាន​ទូត​ដើម្បី​ធ្វើ​ការ​សម្ភាស នេះ​បើ​តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​លោក ជាង លីម ប្រធាន​ក្រុមហ៊ុន Khmer Entertainment of America,Inc ដែល​ជា​អ្នក​ធានា តារា​ចម្រៀង​ទាំង​​នោះ​ចេញ​ទៅ។​

លោក ជាង លីម បាន​រៀបរាប់​ឲ្យ​ដឹង​ថា សិល្បករ​សិល្បៈ​ការិនី​ខ្មែរ​ចំនួន​៨រូប​នោះ​មាន លោក នៅ ស៊ីនឿន កញ្ញា ផាត់ ស្រីពេជ្រ (ហៅ អាម៉ៅ) កញ្ញា ឆោម ច័ន្ទនេត (ហៅ សូដាណេ) លោក ពិន សេកមាស លោក រ័ត្ន សុភ័ក្ត្រា (ហៅ រ័ត្ន មករា ) កញ្ញា ម៉ុក អានិត ​កញ្ញា កែវ សៀងហៃ និង លោក នាង សំណាង។ " ឥឡូវហ្នឹង​ឯកសារ​យើង​​រៀបចំ​រួច​ហើយ អាច​ដាក់​ចូល​​​ស្ថាន​ទូត​នៅ​ចុង​ខែ ៩ ឬ ដើម​ខែ១០​​នេះ ហើយ​ចង់​ឲ្យ​ពួក​គាត់​​មក​ច្រៀង​នៅ រដូវ​ភ្ជុំបិណ្ឌ និង អុំទូក​អកអំបុក​​ខាង​​មុខ​នេះ" ប្រធាន​ក្រុមហ៊ុន Khmer Entertainment of America,Inc ​ខាង​លើ​ថ្លែង​តាម​ទូរសព្ទ​ពី​អាមេរិក​ប្រាប់ Sabay។

តារា​ចម្រៀង​ទាំង​៨រូប​ខាង​លើ អាចទៅ​រយៈពេល​៣ទៅ៦ខែ អាស្រ័យ​លើ​សន្ទុះ​​នៃ​ការ​គាំទ្រ របស់​ប្រជាជន​ខ្មែរ​​នៅ​ទី​នោះ ។ លោក ជាង លីម បន្តថា ក្រុមហ៊ុន​របស់​លោក មាន​ផែនការ​ រៀបចំ​តារា​ចម្រៀង​ទាំង​អស់​នោះ ​ដើរ​​ច្រៀង​ស្ទើរ​គ្រប់​រដ្ឋ​ទាំង​អស់ ក្នុង​សហរដ្ឋ​អាមេរិក ពិសេស​រដ្ឋ​ដែល​មាន​ប្រជាជន​​ខ្មែរ​យើង​រស់​នៅ​ច្រើន​ជាង​គេ។

តាម​​​ការ​វាយ​តម្លៃ​ពី​មហាជន​មួយ​ចំនួន​តារា​ចម្រៀង​ទាំង​៨រូប​​ដែល​បាន​បង្ហាញ​ខាង​​លើ ហាក់​ដូច​ជា​មិន​សូវ​ជា​មាន​ប្រជា​ប្រិយភាព​ខ្លាំង​ប៉ុន្មាន​នោះ​ឡើយ​សម្រាប់​ទីផ្សារ​ក្នុង​ស្រុក ដូច​នេះ​ការ​យក​ពូក​គាត់​ទៅ​អាច​ម្ចាស់ ​Sponser មិន​ចំណេញ​ច្រើន ចំណុច​នេះ​លោក ជាង លីម បញ្ជាក់​ថា ក្រុមហ៊ុន​របស់​លោក​ចង់​ផ្ដល់​ឱកាស​ឲ្យ​តារា​ចម្រៀង​ថ្មី​មាន​ឱកាស​ចេញ​ទៅ​ច្រៀង​នៅ​ក្រៅ​ប្រទេស កុំ​ឲ្យ​ចេញ​ទៅ​តែ​តារា​ដដែល ម្យ៉ាង​នៅ​​ខ្មែរ​នៅ​អាមេរិក​​ចូល​ចិត្ត​ស្ដាប់​បទ​ចម្រៀង​ពី​ដើមៗ​ច្រើន អីចឹង​តារា​ចម្រៀង​​ទាំង​នោះ​ចេះ​​ច្រៀង​​បទ​ចម្រៀង​ទាំង​អស់​នោះ​ឲ្យ​បាន​ច្រើន​គឺ គ្រប់គ្រាន់​ហើយ។

លោក ជាង លីម បច្ចុប្បន្ន​លោក​បាន​ឲ្យ​តារា​ចម្រៀង​ទាំង៨រូប​​ខាង​លើ ហាត់​សម​ឲ្យ​បាន​ច្រើន​មុន​នឹង​ចេញ​ទៅ នៅ​បទ​​រាំ​វង្ស រាំ​ក្បាច់ សារ៉ាវ៉ាន់ ជា​ដើម ដើម្បី​ច្រៀង បម្រើ​​អារម្មណ៍​បងប្អូន​ខ្មែរ​នៅ​​ទី​នោះ ។

ម៉ុក អានីត

ចំពោះ​ថា តើ​អាច​ចេញ​​ទៅ​បាន​ដូច​បំណង​ឬ​យ៉ាង​ណា​? លោក ជាង លីម មិន​មាន​ការ​បារម្ភ​ឡើយ ដោយ​លោក​បាន​លើក​ឡើង​ថា ក្រុមហ៊ុន Khmer Entertainment of America,Inc ដែល​បង្កើត​ឡើង​តាំង​ពី​ឆ្នាំ ២០០៥ ​មក ធ្លាប់​បាន​ធានា​តារា​ចម្រៀង​ទៅ​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​ច្រើន​លើក​ណាស់ មិន​ដែល​មាន​បញ្ហា​ឡើយ។

លោក​បាន​រៀប​រាប់​បន្ថែម​ថា តារា​ចម្រៀង​ដែល​ធ្លាប់​​ធានា​ទៅ​ច្រៀង​កន្លង​ទៅ មាន​ដូច​ជា លោក ឆន សុវណ្ណារាជ កញ្ញា សុគន្ធ និសា អ្នក​នាង ឈួន សុវណ្ណឆៃ អ្នក​នាង ឈួន ស្រីម៉ៅ អ្នក​នាង​ ទូច ស្រីល័ក្ខ នាយ ប្លាក​ទិន នាយ​ក្រិន អ្នក​នាង ​ប្រិមប្រិយ អ្នក​នាង យ៉ុង ចន្ទ័សុធារី អ្នក​នាង និង លោក ប្រាក់ អរុណ ជា​ដើម។ ដោយ​ពួក​គេ​មួយ​ចំនួន​​បច្ចុប្បន្ន​កំពុង​​ច្រៀង​នៅ​សហរដ្ឋ​អាមេរិក​នៅ​ឡើយ។ លោក ជាង លីម សង្ឃឹម​យ៉ាង​មុតមាំ​ថា តារា​ទាំង ៨ រូប​ខាង​លើ ច្បាស់​ជា​បាន​ចេញ​ទៅ​ឆាប់ៗ​នេះ តាម​ការ​គ្រោង​ទុក ជាក់​ជា​មិន​ខាន ព្រោះ​បង​ប្អូន​ខ្មែរ​នៅ​អាមេរិក​​កំពុងតែ​ទន្ទឹង​រង់ចាំ៕

ចុចអាន

ពិន សេកមាស
នាង សំណាង
កែវ សៀងហៃ
រ័ត្ន សុភ័ក្រ្តា
ឆោម ច័ន្ទ នេត

អត្ថបទ៖ ស៊ុន ហួត

អត្ថបទពេញនិយម