លេច​ចេញ​ សេវា​ទូទាត់​តាម​ទូរ​សព្ទ​មួយ​ដោយ​មិន​ប្រើ​សាច់ប្រាក់

  • 2017-06-26 04:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​មក​នេះ អ្នកដើរ​ទិញ​ទំនិ​ញ ក្នុង​រាជធានី​ភ្នំពេញ ប្រហែលជា​បាន​កត់​សម្គាល់​ឃើញ​ស្តង់​ប្លែក​ជាច្រើន​កន្លែង ដែល​មាន​ចំនួន​កាន់តែ​ច្រើនឡើងៗ ស្ថិតនៅ​ជាប់​នឹង​កន្លែង​គិតលុយ​ក្នុង​ហាង​ទំនិញ ភោជនីយដ្ឋាន និង​ទី​កម្សាន្ត​នានា​ជាច្រើន ទូទាំង​រាជធានី ។​ ប្រិយ​មិត្ត​មាន​ឆ្ងល់​ទេ​ថា​ ជា​អ្វី?

ឡូហ្គោ ពណ៌​ផ្កាឈូក ជាមួយ​នឹង​ពាក្យ​ថា ផា​យ ផេ (Pi Pay) និង​បុគ្គលិក​វ័យក្មេង​ដែល​រួសរាយ​រាក់ទាក់ ស្ថិត​ក្នុង​ឯកសណ្ឋាន​អាវយឺត មាន​រចនា​ឡូហ្គោ​របស់​ក្រុមហ៊ុន​ផង​នោះ មាន​ន័យ​ថា ទីតាំង​ខាងលើ​នោះ ជា​ទីកន្លែង​នាំ​មុខ​គេ​ក្នុង​ការ​ចាប់ផ្ដើម​ប្រើប្រាស់​កម្មវិធី​ទូទាត់​ការ​ចំណាយ ដោយ​មិន​ប្រើ​សាច់ប្រាក់ ដែល​ក្រុមហ៊ុន ផា​យ ផេ មាន​បំណង​កែប្រែ​របៀបរបប​ក្នុង​ការ​ទូទាត់​ប្រាក់ និង​ការផ្ទេរ​ប្រាក់​នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​យើង​នេះ ។

កញ្ញា ហូ​យ ហាក់​ណែ​ត ដែល​ឈ​រ​ជើង​នៅ​ឯ​សាខា​មហាវិថី​ព្រះ​មុនី​វ​ង្ស ក្នុង​ហាង Tous les Jours បាន​ថ្លែង​ថា​៖ “​ខ្ញុំ​កំពុង​ទ​ន្ទឹ​ង​រង់ចាំ​យ៉ាង​អន្ទះសា​ចង់ឃើញ​កម្មវិធី​នេះ​នេះ​រួចរាល់​សម្រាប់​សាធារណ​ជន​ប្រើប្រាស់ ។ ខ្ញុំ​បាន​ប្រើប្រាស់​កម្មវិធី​នេះ​មួយ​សប្ដាហ៍​មកហើយ ដើម្បី​ទទួលបាន​ការ​ប​ញ្ចុះ​តម្លៃ​នៅតាម​ភោជនីយដ្ឋាន​មួយ​ចំ​នួន​ដែល​ខ្ញុំ​និ​យម​ចូលចិត្ត ហើយ​កម្មវិធី​នេះ​ងាយស្រួល​ក្នុង​ការប្រើប្រាស់​ខ្លាំងណាស់​” ។

កម្មវិធី ផា​យ ផេ នេះ ត្រូវបាន​ប្រើប្រាស់​សាកល្បង ដោយ​មនុស្ស​ជាង ១០០០ នាក់ តាម​រយៈ​កូដ​អញ្ជើញ​ឲ្យ​ប្រើ​ជាពិសេស ។ នាពេល​នេះ កម្មវិធី ផា​យ ផេ អាច​ឲ្យ​មនុស្ស​គ្រប់គ្នា​ទាញ​យក​ដោយ​សេរី​ពី App Store ឬ Google Play បាន​ហើយ ។ ក្រុមហ៊ុន​បាន​ឲ្យ​ដឹងថា នៅពេលដែល​ទាញ​យក​កម្មវិធី​នេះ​រួចហើយ ការ​ចុះឈ្មោះ​ដើម្បី​បើក​គណនី​ផាយ ផេ និង​បញ្ចូល​ឥណទាន មាន​ភាព​សម​ញ្ញ និង​ឆាប់រ​ហ័​ស ថ្វីដ្បិតតែ​មាន​លក្ខខណ្ឌ​ត​ម្រូ​វ​ឲ្យ​អតិ​ថិ​ជន​ថ្មី​ចាំបាច់​ត្រូវមាន​អត្តសញ្ញាណ​បណ្ណ ឬ​លិខិតឆ្លងដែន​តាម​ខ្លួន នៅពេល​ចុះ​ឈ្មោះក្តី ។

ផា​យ ផេ គឺជា​កម្មវិធី​ដែល​បង្កើត​ឡើង​ដោយ​កម្ពុជា ក្រោម​ការគាំទ្រ​ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​ទូទាត់​ប្រាក់​ឈានមុខ​គេ​នៅលើ​សកលលោក ឈ្មោះថា Wirecard និង​គាំទ្រ​ដោយ​ធនាគារ ស៊ី អា​យ អិម ប៊ី (CIMB) និង​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ធនាគារជាតិ​នៃ​កម្ពុជា ថែម​ទៀតផង ។

​លោក ម៉ៃ​ឃើ​ល ឆាយ (Michael Chai) នាយក​ផ្នែក​ទីផ្សារ របស់​រោងកុន Legend ដែល​ទើប​បើក​បញ្ចាំង​ខ្សែ​ភាព​យ​ន្ត​ល្បី​របស់​ហូលីវូដ​មាន​ចំ​ណង​ជើង​ថា “Transformers: The Last Knight” បាន​ឲ្យ​ដឹង​ថា​៖ “​ការចាប់​ដៃគូ​ជាមួយនឹង​ក្រុមហ៊ុន ផា​យ ផេ គឺជា​ឱកាស​ថ្មី​ដ៏​អស្ចារ្យ​មួយ​ទៀត​សម្រាប់​ពួកយើង ដែល​អាច​នាំ​អ្នក​ចូលចិត្ត​មើល​កុន​មក​រីករាយ​ទស្សនា​ខ្សែ​ភាព​យ​ន្ត​ល្បីៗ​របស់​យើង​នៅតាម​បណ្ដា​គ្រប់​រោងកុន Legend ទាំងអស់​ជាមួយនឹង​ការ​ប​ញ្ចុះ​តម្លៃ​រហូត​ដល់ទៅ ៥០%” ។

លោក ថូ​ម៉ាស់ ផូកូ​នី នាយក​ប្រតិបត្តិ ក្រុមហ៊ុន ផា​យ ផេ បាន​ពន្យល់ថា​៖ “​អ្វី​ដែល​អតិ​ថិ​ជន​ត្រូវ​ធ្វើគឺ​គ្រាន់តែ​ទាញ​យក​កម្មវិធី​នេះ ហើយ​អនុវត្ត​តាម​លក្ខខណ្ឌ​ចុះឈ្មោះ ដែល​កំណត់​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា និង​បញ្ចូល​ប្រាក់​ចូល​ទៅ ក្នុង​គណនី​គឺជា​ការ​ស្រេច​។ អតិ​ថិ​ជន​អាច​បញ្ចូល​ទឹកប្រាក់​តាម​ទូរ Pay&Go ឬ​នៅ​តាម​សាខា​របស់ ផា​យ ផេ ដែល​ឈ​រ​ជើង​ជាមួយ​ដៃគូ​ពាណិជ្ជករ​របស់​យើង​”​។

​លោក ផូកូ​នី បន្ថែម​ទៀតថា ក្រុមហ៊ុន ផា​យ ផេ ស្វា​គមន៍​រាល់​មតិយោបល់​ពី​អ្នកប្រើប្រាស់​ទាំងអស់ ក្នុង​អំឡុងពេល​ធ្វើតេស្ត​សាកល្បង​នេះ ដើម្បី​ធានាថា កម្មវិធី​នេះ​នឹង​ផ្ដល់នូ​វ​បទពិសោធន៍​ប្រើប្រាស់​ល្អ​បំ​ផុត​តាម​ដែល​អាច​ធ្វើបាន៕

ដោយ៖ ថា ម៉ាលីដា