ចិញ្ចឹម​ទា​យក​ពង​លក់​ចំណូល​កប់​ អ្នក​ធ្វើ​ការ​សុំ​ខ្មាស

  • 2017-06-26 04:46:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ ខឹម​ សារឿន​ កសិករ​ចិញ្ចឹម​ទា​យក​ពង​លក់​ រស់​នៅ​ភូមិ​ក្រាំង​ធ្នង់​ ឃុំ​រវៀង​ ស្រុក​សំរោង​ ខេត្ត​តាកែវ​ បាន​ប្រាប់​ថា ​ចំណូល​ពី​ការ​លក់​ពង​ទា​ក្នុង​មួយ​ខែៗ​គឺ​ទទួល​បាន​ច្រើន​ ដែល​ជួយ​ឱ្យ​គ្រួសារ​លោក​មាន​ជីវភាព​ធូរធារ​ជាង​មុន។

លោក​ ខឹម​ សារឿន​

កសិករ​សម្បុរ​ស្រអែម​ខាង​លើ​បាន​លើក​ឡើង​ថា​ លោក​ចិញ្ចឹម​ទា​យក​ពង​លក់​នេះ​គឺ​ចិញ្ចឹម​តាម​បែប​ធម្មជាតិ​សុទ្ធសាធ​អស់​រយៈ​ពេល​៧​ឆ្នាំ​មក​ហើយ​ ដោយ​ធ្វើ​ការ​បម្លាស់​ទី​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត​ជា​បន្ត​បន្ទាប់​តាម​រដូវ​ ដើម្បី​ឱ្យ​ទា​រក​ចំណី​ស៊ី​ ដែល​ពេល​ខ្លះ​ទៅ​ដល់​សៀមរាប​ ប៉ោយប៉ែត​ តំបន់ប្រាំ​ បន្ទាយ​មាន​ជ័យ​ក៏​មាន។

លោក​ សារឿន​ ថ្លែង​ដូច្នេះ "ខ្ញុំ​ចិញ្ចឹម​ហ្នឹង​ ចិញ្ចឹម​តាម​ធម្មជាតិ​សុទ្ធ​ អត់​មាន​ប្រើ​ចំណី​ទេ​ អីចឹង​ហើយ​គេ​ចូល​ចិត្ត​មក​ទិញ​ច្រើន​ តាំង​ពី​អ្នក​នៅ​ភ្នំពេញ​ អស់​លោក​ ឯកឧត្ដម​អី​ក៏​មាន​ដែរ​ ព្រោះ​គេ​ចូល​ចិត្ត​របស់​ធម្មជាតិ។"

កសិករ​វ័យ​៤៨​ឆ្នាំ​បន្ថែម​ថា​ "ឥលូវ​ហ្នឹង...​ខ្ញុំ​ចិញ្ចឹម​ទា​មេ ​១ ៩០០ ​ក្បាល​ ហើយ​ក្នុង​ម៉ា​ង៉ៃៗ(មួយ​ថ្ងៃៗ)...​ អាច​ប្រមូល​ពង​បាន​ពី​ ១ ៦០០ ទៅ​ ១ ៧០០​ពង​ ព្រោះ​ឥលូវ​វា​ខ្សត់​ចំណី​ធម្មជាតិ​ ប៉ុន្តែ​បើ​សំបូរ​ចំណី​វិញ​អាច​ប្រមូល​បាន​ជាង ​១ ៨០០ ​ពង​អី​នោះ​ បាត់​តែ​២០​ទៅ​៣០​ពង​អី​ទេ។"

ចំពោះ​តម្លៃ​វិញ​នៅ​រដូវ​សំបូរ​ពង​ទា​ ពង​១​គ្រាប់​អាច​លក់​បាន​ត្រឹម​២៧០​ទៅ​២៨០​រៀល​ប៉ុណ្ណោះ​ ដោយ​ឡែក​រដូវ​ខ្សត់​ពង​ទា​ ចាប់​ពី​ខែ​៧​ដល់​ដើម​ខែ​១១​ ពង​១​គ្រាប់​អាច​លក់​បាន​រហូត​ដល់​៤០០​រៀល។​ ជា​មធ្យម​ក្នុង​មួយ​ថ្ងៃ​ លោក​អាច​ទទួល​បាន​ចំណួល​ចន្លោះ​ពី​ ៦០​ម៉ឺន​រៀល ​ទៅ​៨០​ម៉ឺន​រៀល​ ដែល​ចំណូល​សរុប​នៅ​ក្នុង​មួយ​ខែ​ជាង​២០​លាន​រៀល​ឬ​ប្រហែល​៥ពាន់​ដុល្លារ។

ថ្វី​ត្បិត​តែ​របរ​នេះ ​ផ្ដល់​ចំណូល​ខ្ពស់​ក៏​ពិត​មែន​ ប៉ុន្តែ​លោក​ពុំ​បាន​នៅ​ផ្ទះ​ជួប​ជុំ​គ្រួសារ​ដូច​គេ​ទេ។ ពី​ទៅ​បី​ខែ​ទើប​លោក​អាច​ឆ្លៀត​ទៅ​សម្រាក​នៅ​ផ្ទះ​បាន​មួយ​យប់​ នេះ​ក៏​ព្រោះ​តែ​ខ្លាច​ទា​ដើរ​វង្វេង​ចូល​វ៉ូង​គេ​ផ្សេង​ ឬ​មាន​គេ​លួច​ទាក់​ចាប់​យក៕

ចុចអាន៖

អត្ថបទ៖ សូទ្រី