ឃីម ឌីម៉ា សរសើរពីទឹកចិត្តមោះមុតរបស់ ឆៃ សារ៉ា
- 2017-06-26 08:44:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឃីម ឌីម៉ា សរសើរពីទឹកចិត្តមោះមុតរបស់ ឆៃ សារ៉ា
ចន្លោះមិនឃើញ
អ្នកប្រដាល់សម្បុរខ្មៅស្រអែម និងកំពុងល្បីឈ្មោះខ្លាំងនាបច្ចុប្បន្ន ឃីម ឌីម៉ា សរសើរពីទឹកចិត្តក្លាហាន និងមោះមុតរបស់កីឡាករ ឆៃ សារ៉ា មកពីក្លឹបសមាគមប្រដាល់ក្រសួងការពារជាតិ នាពេលប្រកួតដណ្ដើមខ្សែក្រវាត់គោជល់នៅវគ្គផ្ដាច់ព្រ័ត្រសង្វៀន CNC។ កីឡាករ ឃីម ឌីម៉ា
កីឡាករ ឃីម ឌីម៉ា បានឲ្យដឹងថា សម្រាប់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រនេះ ពិបាកជាងរាល់ដង ការប្រកួតតឹងតែងនិងស្វិតស្វាញមែនទែន ហើយគេហាក់ចាញ់កម្លាំងដៃគូទៀតផង។ ឌីម៉ា បន្ថែមទៀតថា ដៃគូរបស់ខ្លួន(ឆៃ សារ៉ា) គេល្អនិងមានកម្លាំងស៊ុហ្វខ្លាំង សមត្ថភាពមិនធម្មតាទេ។
ម្ចាស់ខ្សែក្រវាត់គោជល់រដូវការទី៧របស់សង្វៀន CNC រូបនេះបន្តទៀតថា គេពិតជាសរសើរ ពីទឹកចិត្តក្លាហាននិងតស៊ូប្រកួតរហូតចប់៥ទឹក គេព្យាយាមរហូតនិងហ៊ានប្ដូរ ដើម្បីរកជ័យជម្នះទៀតផង ឯក្បាច់និងស្នៀតផ្សេងៗនោះ ឌីម៉ា មើលឃើញថា ឆៃ សារ៉ា ខ្លាំងប្រហាក់ប្រហែលគ្នា ដូចជាដៃ ជើង កែងជាដើមមិនលើសគ្នានោះទេ។
នេះជាលើកទី១ហើយចំពោះការប៉ះប្រកួតគ្នារវាងអ្នកទាំងពីរ ឃីម ឌីម៉ា និង ឆៃ សារ៉ា។ អ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ ឌីម៉ា ជាអ្នកគ្រងខ្សែក្រវាត់គោជល់ទម្ងន់ ៦៣.៥ គីឡូក្រាម របស់សង្វៀន CNC ក្រោយឈ្នះពិន្ទុ ឆៃ សារ៉ា កាលពីថ្ងៃសៅរ៍ ទី២៤ កន្លងទៅនេះ៕