ធ្លាប់​ដឹង​អត់​ថា ប្រាសាទ​មេបុណ្យ​ខាង​លិច មាន​កន្លែង​វាស់​ទឹក​ដ៏​សុក្រឹត​ មិន​ចាញ់​សម័យ​ឥឡូវ? ​

  • 2017-06-29 03:10:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ ​ដែល​ទៅលេង​កម្សាន្ត​នៅ​បារាយណ៍​ខាង​លិច ក្នុង​ទឹកដី​អង្គរ​សៀមរាប រមែង​ចោល​កន្ទុយភ្នែក​ទៅ​ដី​ទួល​មួយ ដែល​ប្រជា​ពល​រដ្ឋ​នៅ​ក្នុង​តំបន់​តែង​ហៅថា​កោះ​មេបុណ្យ​។ តាមពិត​នៅ​លើ​កោះ​នេះ ដូនតា​ខ្មែរ​បាន​សាងសង់​សំណង់​ប្រាសាទ​ដ៏​អស្ចារ្យ​មួយ​នោះ​ គឺ​ប្រាសាទ​មេបុណ្យ​ខាង​លិច ដើម្បី​ឧទ្ទិស​ដល់​ព្រះ​វិស្ណុ ក្នុង​ព្រហ្មញ្ញសាសនា​។

-​ ចុចអាន៖ ប្រាសាទ​មេ​បុណ្យ​ខាង​លិច ​ជួសជុល​ឡើង​វិញ ​ក្រោយ​ជំនួយ​ពី​មូលនិធិ​តូតាល់

បារាយណ៍ ខេត្តសៀមរាប

លោក ហង្ស ពៅ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា ទទួលបន្ទុក​ធន​ធាន​ទឹក និង​ការងារ​ជួសជុល​ប្រាសាទ​មេ​បុណ្យ បាន​ឲ្យ​ដឹង​ថា ក្រៅពី​ឧទ្ទិស​ដល់​សាសនា ប្រាសាទ​មេបុណ្យ​ត្រូវ​បាន​ដូនតា​ខ្មែរ​សាងសង់​ឡើង​ដើម្បី​តាមដាន​បម្រែបម្រួល​ទឹក​ក្នុង​បារាយណ៍​ ដែល​មាន​វិសាលភាព​រហូតដល់ ៥៦​លាន​ម៉ែត្រគីប។

លោក ហង្ស ពៅ អគ្គនាយក​រង​អាជ្ញាធរ​អប្សរា

“​បើ​ប្រៀបធៀប​នឹង​សម័យ​ទំនើប​នា​ពេល​បច្ចុប្បន្ន ប្រាសាទ​មេបុណ្យ​ បាន​ប្រើប្រាស់​បច្ចេកទេស​ដូចជា​សម័យនេះ​ដែរ គឺ​ដូនតា​ខ្មែរ​បាន​ជីក​អណ្ដូង​ដើម្បី​វាស់​ទឹក​ឲ្យ​បាន​សុក្រឹត ព្រោះ​បើ​វាស់​ទឹក​ខាងក្រៅ សូម្បី​តែ​រលក​ក៏​អាច​ធ្វើ​ឲ្យ​ខុស​ដែរ។ ដូចជា​បារាយណ៍​ខាង​លិច​នេះ មាន​បណ្ដោយ​ដល់​ទៅ​៨ ​គីឡូម៉ែត្រ និង​ ទទឹង ២,២ គីឡូម៉ែត្រ ដូច្នេះ​បើ​វាស់​ខុស​តែ ២ ឬ​៣​លី ក៏​អាច​នឹង​ខុស​ចំនួន​ទឹក​ដល់​ទៅ​រាប់​សិប​ម៉ឺន​ម៉ែត្រគីប​ឯ​ណោះ​។ តែ​បើ​យើង​វាស់​ទឹក ដែល​មាន​ក្នុង​អណ្ដូង​នៃ​ប្រាសាទ​មេបុណ្យ​វិញ គឺ​វា​មិន​មាន​រ​លក​ទេ ហើយ​មាន​ភាព​សុ​ក្រឹត្យ​បំផុត​។​” ​

​តាម​ការ​បញ្ជាក់​ពី​លោក ហង្ស ពៅ បច្ចុប្បន្ន​អាជ្ញាធរ​អប្សរា និង​សាលា​បារាំង​ចុង​បូព៌ា កំពុង​ជួសជុល និង ​រៀបចំឡើង​វិញ​នូវ​ប្រាសាទ​មេ​បុណ្យ​។ គិត​មកទល់​ពេល​នេះ ការដ្ឋាន​ជួសជុល​ធ្វើឡើង​បាន​រយៈពេល ៥​ឆ្នាំ​មក​ហើយ និង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ឆ្នាំ ២០១៩​ ខាងមុខ​។

មេបុណ្យ​ខាង​លិច ជា​សំណង់​ប្រាសាទ​ផ្សំ​ឡើង​ដោយ​កំពែង​មួយ​ជាន់​ធ្វើ​អំពី​ថ្ម​ភក់ ហ៊ុមព័ទ្ធ​ដោយ​ស្រះ​ទឹកធំ​មួយ ដែល​គេ​ជីក​នៅ​លើ​ដី​ទួល​នោះ​។ កំពែង​ខាង​កើត​ត្រូវ​បាន​រចនា​ជា​ថែវ​ មាន​បង្អួច​ធំ​ល្មម​ស្ថិតនៅ​ដាច់​ៗ​ពី​គ្នា និង​មាន​គោបុរៈ​ចូល​ចំ​នួន​បី មួយ​នៅ​ចំ​កណ្ដាល និង​ ពីរ​ទៀត​នៅ​ចុង​សងខាង​ថែវ​។

នៅ​ចំ​កណ្ដាល​ស្រះ​ទឹក​ខាងក្នុង​មាន​សំ​ណង់​ប្រាសាទ​ធ្វើ​ពី​ថ្ម​ភក់​មាន​រាង​មូល​ប្រៀប​ដូចជា​អណ្ដូងទឹក មាន​អង្កត់ផ្ចិត​ប្រមាណ ៣​ម៉ែត្រ​។ ភ្ញៀវ​ទេសចរ​អាច​នឹង​ទៅ​ទស្សនា​កម្សាន្ត​នៅ​ប្រាសាទ​មេបុណ្យ​ខាង​លិច​ដោយ​មធ្យោបាយ​យាន​យន្ត​នៅ​ក្នុង​រដូវប្រាំង និង​ត្រូវ​ប្រើប្រាស់​កាណូត​ចម្លង​នៅ​រដូវ​វស្សា​។ នេះ​ជា​ផ្នែក​មួយ​នៃ​វប្បធម៌ និង​អរិយធម៌​ ដ៏​ពិសិដ្ឋ​របស់​កម្ពុជា​។​

-​ ចុចអាន៖ ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទ​អង្គរវត្ត​ ចាំង​ពន្លឺ​ចូល​រន្ធ​មួយ បង្កប់​អាថ៌កំបាំង​ដ៏​អស្ចារ្យ​​​​

-​ ចុចអាន៖ ២ កន្លែង​នៅកម្ពុជាទេស​ភាព​ស្អាតបំផុត មិន​ចាញ់​បរទេស​ តែមិនទាន់អភិវឌ្ឍជាតំបន់ទេសចរណ៍

-​ ចុចអាន៖ ជាង ២០ឆ្នាំ សៀមរាប​មាន​សណ្ឋាគារ​រីក​ដូច​ផ្សិត

អត្ថបទ​៖ រស់ សុជាតិ​

អត្ថបទពេញនិយម
អត្ថបទថ្មី