អ្នកទេសចរសន្លប់ធំ ក្រោយធ្វើ​បែក​កងដៃ​ដ៏ថ្លៃមិន​នឹកស្មាន ពេលព្យាយាម​ពាក់​លមើល៍

  • 2017-06-29 03:42:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្នក​ទេសចរ​ជនជាតិ​ចិន បាន​សន្លប់​ឈឹង​​ពេល​​ល​កង​ដៃ រួច​របូត​ធ្លាក់​លើ​ឥដ្ឋ
  • ម្ចាស់ហាងថា ​កង​នេះ​តម្លៃ ៤,៤​ម៉ឺន​ដុល្លារ
  • ខាង​​គ្រួសារ​​អ្នក​ទេសចរ​​​​មាន​លទ្ធភាព​​​សង​បាន​តែ ១ ៥០០​ដុល្លារ​ តែ​​ម្ចាស់​ហាង​ទារ ២៥ ០០០​ដុល្លារ

អ្នក​ទេសចរ​ជនជាតិ​ចិន បាន​សន្លប់​ទន់​ដៃ​ទន់​ជើង​ចាប់​មិន​ចង់​ជាប់ ​បន្ទាប់​ពី​យក​កង​ដៃ​​ដ៏​មាន​តម្លៃ​មក​ពាក់​ល​សាក​មើល៍ ​តែ​បែរ​​ជា​ធ្វើ​ឲ្យ​បែក​ជា​ពីរ​កំណាត់​ទៅ​វិញ។

​តាម​សេចក្ដី​រាយការណ៍ ស្ត្រី​​រូប​នេះ​រស់​​នៅ​ភាគ​ខាង​កើត ខេត្ត​​ជាំងស៊ី ​បាន​ព្យាយាម​ល​កង​ដៃ​ថ្លើម​ថ្ម​ក្នុង​ហាង​មួយ​នៅ​ទីក្រុង​ Ruili ខេត្ត​យូណាន ​ក្បែរ​ព្រំដែន​​ប្រទេស​មីយ៉ាន់ម៉ា។ អ្នក​ស្រី​បាន​ឃើញ​កង​ដៃ​នេះ​ស្អាត ​ហើយ​​បាន​យក​មក​ពាក់​លើ​.ក​ដៃ ស្រាប់​តែ​វា​រអិល​ចេញ​ពី​ដៃ​​ធ្លាក់​ទៅ​លើ​កម្រាល​ឥដ្ឋ​បែក​ជា​​ពីរ​តែម្ដង។

​កង​​ដៃ​ថ្លើម​ថ្ម​នេះ មាន​​តម្លៃ​ប្រមាណ ៤៤ ០០០​ដុល្លារ​អាមេរិក។ ​ក្រោយ​ធ្វើ​ឲ្យ​បែក​ដោយ​អចេតនា អ្នក​ទេសចរ​ដដែល​ត្រូវ​ម្ចាស់​ហាង​ប្រាប់​ធ្វើ​ចិត្ត​ឲ្យ​ស្ងប់ កុំ​ភិត​ភ័យ ​​តែ​យ៉ាង​ណា​គាត់​ប្រែ​ជា​ស្លេក​ស្លាំង​ខ្លាំង​​ ពេល​ដឹង​តម្លៃ​របស់​វា​។ គ្រួសារ​របស់​អ្នក​ស្រី​​សុខ​ចិត្ត​បង់​ថ្លៃ​ខូច​ខាត​​ប្រមាណ ១ ៥០០​ដុល្លារ ​តែ​​ខាង​ម្ចាស់​ហាង​មិន​ព្រម​យក​ ទាល់​តែ​ ២៥ ០០០​ដុល្លារ​។ បន្តិច​ក្រោយ​មក​ គាត់​ប្រែ​​ជា​​សន្លប់​​បាត់​បង់​ស្មារតី​​នៅ​មុខ​អ្នក​លក់​តែម្ដង។

​ប៉ូលិស​​បាន​ចេញ​មក​អន្តរាគមន៍​ ប៉ុន្តែ​មិន​អាច​សម្រុះ​សម្រួល​​​ភាគី​ទាំង​ពីរ​បាន រហូត​ខាង​ម្ចាស់​ហាង​​ត្រៀម​នឹង​​ប្ដឹង​ទៅ​តុលាការ។ ទោះ​យ៉ាង​ណា​ អ្នក​ជំនាញ​ខាង​ត្បូង​បាន​ប្រាប់​សារព័ត៌មាន​ចិន​ Sina ថា​ កង​ដៃ​បែប​នេះ​មិន​អាច​មាន​តម្លៃ​ដល់​ ៤​ម៉ឺន​ដុល្លារ​ទេ ត្រឹម​តែ ២៦ ០០០​ដុល្លារ​ប៉ុណ្ណោះ៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ឡេង ភារុណ