កោះ​សង្សារ​​ដែល​គេ​ល្បី​ថា​ជា​ ម៉ាល់ឌីវ​ ទី​២ មាន​​ចំណុច​ពិសេស​​ជា​ច្រើន​គួរ​ឲ្យ​ចាប់​អារម្មណ៍​

  • 2017-07-06 02:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះ​សង្សារ​ ត្រូវ​បាន​គេ​ប្រសិទ្ធ​នាម​ថា​ជា​កោះ​ម៉ាល់ឌីវ ទី២​ ដែល​​លេច​រូប​រាង​ឡើង​នៅ​លើ​ទឹក​ដី​ខេត្ត ព្រះសីហនុ។ កោះ​ដ៏​ស្រស់​ស្អាត​មួយ​នេះ​ ស្ថិត​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​នោះ​ពី​ កោះ​រុង ហើយ​ប្រសិន​បើ​​ជិះ​កប៉ាល់​​​ចេញ​ពី​​ទី​​រួម​ខេត្ត​ ប្រិយ​មិត្ត​ត្រូវ​ចំណាយ​ពេល​ប្រមាណ​ជា​ ៣០ ទៅ ៤០នាទី ដើម្បី​ទៅ​ដល់​ទីកន្លែង​ហាក់​បី​ដូច​ជា​ឋានសួគ៌​នេះ។

១២​ ចំណុច​ខាង​ក្រោម​នេះ​​ជា​ចំណុច​សំខាន់ៗ​របស់ កោះ​សង្សារ៖​​​​

១. ភោជនីយដ្ឋាន​លើ​ទឹក៖ ទី​នេះ​គឺ​ជា​ចំណុច​ដែល​បាន​ឃើញ​មុន​គេ​បង្អស់ ហើយ​វា​ជា​ទីតាំង​ដែល​គេ​​ប្រើ​សម្រាប់​ទទួល​ទាន​អាហារ​ទាំង​៣​ពេល​របស់​ភ្ញៀវ ដែល​បាន​ទៅ​លេង​ទីនោះ​ទាំងអស់។ ​​​

២. ស្ពាន​តំណាង​កោះ​សង្សារ៖ អ្នក​ដែល​បាន​ទៅ​ទី​នោះ​មិន​អាច​រំលង​ស្ពាន​ខ្វាត់​ខ្វែង​ចេញ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ​ទៀត​បាន​ឡើយ ហើយ​វា​ក៏​ជា​និមិត្ត​រូប​សម្រាប់​កោះ​នេះ​ផង​ដែរ បើ​តាម​ការ​អះអាង​របស់​អ្នក​តំណាង​កោះ​នោះ។ ​

៣. កន្លែង​អង្គុយ​មើល​ថ្ងៃ​រះ​និង​ថ្ងៃ​លិច៖ ភោជនីយដ្ឋាន​លើ​ទឹក​មិន​ត្រឹម​តែ​ជា​កន្លែង​ទទួល​ទាន​អាហារ​តែ​មួយ​មុខ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ទីតាំង​អំណោយ​ផល​បំផុត​សម្រាប់​មើល​សម្រស់​ថ្ងៃ​រះ​និង​ថ្ងៃ​លិច​ផង​ដែរ។

៤. វីឡា​ស្នាក់​នៅ​ទាំង​៣​ប្រភេទ៖ អ្នក​ដែល​​​មាន​បំណង​ទៅ​លេង​នៅ​ទី​នោះ​អាច​ពិចារណា​ទៅ​លើ​ផ្ទះ​ទាំង​៣​ប្រភេទ​របស់​ កោះ​សង្សារ​បាន គឺ​​វីឡា​លើ​ទឹក វីឡា​​លើ​ភ្នំ និង​ប្រភេទ​វីឡា​មើល​ទេសភាព​សមុទ្រ ដែល​វីឡា​ទាំង​៣​ប្រភេទ​សរុប​ចូល​គ្នា​មាន​ចំនួន​ ២៧​ខ្នង។​

៥. កន្លែង​មើល​ផ្កា​ថ្ម និង ត្រី​ដ៏​ស្រស់​ស្អាត៖ ដែន​សមុទ្រ​ជុំវិញ​កោះ​ ២៥០​ម៉ែត្រ​ ត្រូវ​បាន​អភិរក្ស​យ៉ាង​ខ្ចប់​ខ្ជួន​ ដោយ​មាន​ការ​ចូល​រួម​ជ្រោមជ្រែង​ពី​រាជរដ្ឋាភិបាល​។ ផ្កា​ថ្ម​ទាំង​អស់​ត្រូវ​បាន​រក្សា​ក្នុង​ទ្រង់​ទ្រាយ​ដើម ភ្ញៀវ​ដែល​ចុះ​ទៅ​មើល​ផ្កា​ថ្ម និង​សត្វ​សមុទ្រ​ទាំង​អស់​មិន​អាច​ទម្លាក់​ ឬ​យក​អ្វី​​ចេញ​ពី​ទឹក​សមុទ្រ​បាន​ឡើយ។​

៦. កោះ​អូន និង កោះ​បង៖ កោះ​សង្សារ គឺ​​ឈ្មោះ​ដែល​រួម​បញ្ចូល​គ្នា​រវាង​កោះ​បង និង​កោះ​អូន។ កោះ​បង ត្រូវ​បាន​ប្រើ​ប្រាស់​ជា​កន្លែង​​ឡើង​ភ្នំ​មើល​ធម្មជាតិ​សម្រាប់​ដែល​ចូល​ចិត្ត​ផ្សងព្រេង​​និង ឡើង​ភ្នំ ចំណែក​ឯ​កោះ​អូន​ គឺ​ជា​ទីតាំង​មូលដ្ឋាន​​​​សម្រាប់​​សកម្មភាព​ប្រចាំ​ថ្ងៃ​របស់​​ភ្ញៀវ​ដូចជា ការ​ស្នាក់​នៅ ការ​ទទួល​ទាន​អាហារ ការ​ហាត់​កីឡា ធ្វើ​យូហ្គា ជាដើម។​​​​

កោះអូន
កោះបង

​​៧. អំពី​ភ្ញៀវ​មក​ស្នាក់​នៅ៖ បើ​តាម​ការ​អះអាង​របស់​អ្នក​តំណាង​ បាន​បញ្ជាក់​ថា​ភ្ញៀវ​ដែល​មក​ស្នាក់​នៅ​ទីនេះ​ភាគ​ច្រើន​គឺ អាមេរិក អូស្ត្រាលី និង អង់គ្លេស សម្រាប់​អាស៊ី​វិញ​គឺ​តិច​តួច​បំផុត ឬ​ស្ទើរ​តែ​មិន​មាន​សោះ។

៨. តម្លៃ​បន្ទប់​ក្នុង​ការ​ស្នាក់​នៅ៖ អាស្រ័យ​ទៅ​លើ​រដូវ​ខ្ពស់​និង រដូវ​ទាប​ (Hight Seasonនិង Low Season) ប៉ុន្តែ​ជាទូទៅ​តម្លៃ​ប្រមាណ​ជាង​១ពាន់​ដុល្លារ​ឡើង​ទៅ។ សម្រាប់​វីឡា​​លើ​ភ្នំ​មាន​តម្លៃ​ទាប​ជាង​គេ​បំផុត បន្ទាប់​មក​ប្រភេទ​វីឡា​មើល​ទេសភាព​សមុទ្រ និង​ថ្លៃ​បំផុត​នោះ​គឺ វីឡា​លើ​ទឹក។​​

៩. ភាព​ផ្ទាល់​ខ្លួន​និង​ស្ងប់​ស្ងាត់៖ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ភាព​ផ្ទាល់​ខ្លួន​ទីនោះ​គឺ​សក្ដិសម​បំផុត ព្រោះ​ទី​នោះ​ស្ងប់​ស្ងាត់​ពោរពេញ​ទៅ​សម្រស់​ធម្មជាតិ។​​

១០. ឆ្នេរ​ខ្សាច់​ស​ក្បុស៖ សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​ងូត​ទឹក​សមុទ្រ​ធានា​ថា​ទៅ​ដល់​ទី​នោះ​ប្រាកដ​ជា​ជក់​ចិត្ត​ដិត​អារម្មណ៍​ជាមួយ​ឆ្នេរ​ខ្សាច់​ដ៏​ស្រស់​ត្រកាល​លាក់​ខ្លួន​នៅ​ឆ្នេរ​កោះ​សង្សារ​នេះ​តែ​ម្ដង។

​​​

១១. ល្វែង​ម៉ោង៖ សម្រាប់​ល្វែង​ម៉ោង​ត្រូវ​បាន​កំណត់​ឲ្យ​ដើរ​ខុស​គ្នា​ចំនួន​១​ម៉ោង។ ឧទាហរណ៍៖ នៅ​ដី​គោក​ម៉ោង ៦​ព្រឹក នៅ​កោះ​សង្សារ​គឺ​ម៉ោង​៧​ព្រឹក។ ​

១២. អាហារ​ពេល​ល្ងាច៖ ជារឿយៗ​ទីតាំង​សម្រាប់​ទទួល​ទាន​​អាហារ​ពេល​ល្ងាច​របស់​ភ្ញៀវ​​ត្រូវ​បាន​ផ្លាស់​ប្ដូរ​​ពី​ទីតាំង​មួយ​ទៅ​ទីតាំង​មួយ​ទៀត​​នៅ​​លើ​កោះ​ ដែល​​បាន​រៀប​ចំ​ដោយ​ផ្ទាល់​ពី កោះ​សង្សារ តែ​ម្ដង។ ការ​ធ្វើ​បែប​នេះ​ក្នុង​គោលបំណង​ឲ្យ​ភ្ញៀវ​ទាំង​អស់​ទទួល​បាន​អារម្មណ៍​ប្លែក​ក្នុង​ការ​ទទួល​ទាន៕​​​​

អត្ថបទ៖ Samedy

អត្ថបទពេញនិយម