ណូម័រ ជិះ Range Rover បាន ១អាទិត្យ បង្ខំលក់យ៉ាងតក់ក្រហល់
- 2017-07-06 03:34:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ណូម័រ ជិះ Range Rover បាន ១អាទិត្យ បង្ខំលក់យ៉ាងតក់ក្រហល់
ចន្លោះមិនឃើញ
រថយន្ត Range Rover ស៊េរីឆ្នាំ ២០១២ ដែលកញ្ញា អន រ៉ាស៊ីសុមេត្តា ហៅ ណូម័រ ទិញកាលពីពេលថ្មីៗនេះបានលក់ចេញវិញហើយ បន្ទាប់ពីតារាស្រីរូបនេះជិះបានត្រឹមតែ១សប្ដាហ៍។ ការលក់យ៉ាងតក់ក្រហល់បែបនេះ ណូម័រ បញ្ជាក់ប្រាប់ថា ក៏ព្រោះតែខ្លួនភ័យខ្លាំងពេក ត្បិតអីក្នុងអារម្មណ៍ហាក់ដូចជាមានអ្នកតាមរហូត។
"អត់ដែលជិះអាស៊េរីខ្ពស់អ៊ីចឹង ដល់ពេលជិះទៅដូចភ័យៗដូចជាមានអ្នកតាមពីក្រោយម៉េចមិនដឹងទេ ខ្ញុំទៅណាមកណាតែ២នាក់ម៉ាក់ផង អ៊ីចឹងបងអើយលក់វិញទៅ" ណូម័រ ថ្លែងមកកាន់ Sabay។ រថយន្ត Range Rover នោះនាងទិញក្នុងតម្លៃ ៥១ ០០០ដុល្លារ ហើយលក់ចេញវិញនាងប្រាប់ថា ខាតតិចតួច។
ដោយសារមិនហ៊ានជិះស៊េរីខ្ពស់ដូចបានលើកឡើងដូចនេះ ណូម័រ បានសម្រេចចិត្តទិញ Lexus RX300 ក្នុងក្នុងតម្លៃជាង ១ម៉ឺនដុល្លារ ហើយសល់ប្រាក់នាងសន្សំទុកដើម្បីទិញផ្ទះវិញ។
ចាប់តាំងពីបោះជំហានចូលសិល្បៈតារាសម្តែង ណូម័រ ប្រាប់ថា ខ្លួនបានប្ដូររថយន្តអស់ ៣គ្រឿងមកហើយ ដោយរថយន្តដែលនាងជិះដំបូងគេ ម៉ាកកូរ៉ូឡា តម្លៃជាង ៥ពាន់ដុល្លារ។
ណូម័រ ទើបតែបោះជំហានចូលសិល្បៈជាង ៣ឆ្នាំនេះទេ ប៉ុន្តែតារាសម្ដែង និងជាពិធីការិនីតូចច្រឡឹងរូបនេះហាក់ដូចជារាសីឡើងខ្លាំងគួរឲ្យកត់សម្គាល់។ មុនទិញឡាន ណូម័រ ទើបតែទិញផ្ទះ១ល្វែងកាលពីជាង១ឆ្នាំមុន។ នាងបានបញ្ជាក់ថា ប្រាក់ទាំងអស់នោះមិនមានអ្នកណានៅពីក្រោយខ្នងឡើយ គឺកើតចេញពីកម្លាំងញើសឈាមក្នុងសិល្បៈ និងការរកស៊ីបន្តិចបន្តួចរបស់នាងប៉ុណ្ណោះ៕
រូបភាពៈ ផ្តល់ឲ្យ