១១ សំណួរ-ចម្លើយ អ្នក​គួរដឹង​អំពី​ការ​ពត់​ធ្មេញ

  • 2017-07-07 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនោរ​នៃ​ការ​ពត់​ធ្មេញ​នៅ​កម្ពុជា មាន​ស្ទុះឡើង​ខ្លាំង ក្នុង​រយៈ​ពេល​​បួន​ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ ដូច្នេះ​ Sabay សូមលើក​យក​ចំណុច​សំខាន់​ខ្លះៗ ដែល​ប្រិយមិត្ត​គួរ​យល់​ដឹង តាម​រយៈ​ការ​លើក​ឡើង​ របស់​លោក​វេជ្ជបណ្ឌិត Amir Teymoortashloo ជនជាតិ​អ៊ីរ៉ង់។ អ្នក​ឯកទេស​ពត់​ធ្មេញ​ មក​ពី​មន្ទីរពេទ្យ​ព្យាបាល​ធ្មេញ​បស្ចិម​រូប​នេះ ថ្លែង​យ៉ាង​ដូច្នេះ​ថា៖

១. តើ​ត្រូវ​ពិនិត្យ​លើ​អ្វី​ខ្លះ​មុន​ពត់​ធ្មេញ? ពិគ្រោះ​យោបល់ ថត X-ray មើល​ទម្រង់​មុខ ធ្មេញ និង​ថ្គាម
ជាដើម។

២. ការ​ពត់​ធ្មេញ​គិត​ពី​អាយុ​​ដែរ​ឬទេ? មិន​គិត​អាយុ​ទេ ខណៈ​អ្នក​ជំងឺ​របស់​លោក Amir មាន​ចាប់​ពី​អាយុ ៧ឆ្នាំ (លើកលែង​ក្មេង​មិន​អាច​ធ្វើ​បាន) ដល់ ៦០​ឆ្នាំ ឱ្យ​តែ​អ្នកជំងឺ​មាន​សុខភាព​មាត់​ធ្មេញ​ល្អ។

៣. ធ្មេញ​ចន្លោះ​ខ្មោច​ប្រើ​ពេល​ពត់​ប៉ុន្មាន​ខែ? ធ្មេញ​ចន្លោះ​ខ្មោច ប្រើ​រយៈ​ពេល ១ឆ្នាំ ទៅ ១ឆ្នាំ​បី​ខែ ឬ​លើស​ អាស្រ័យ​តាម​ប្រភេទ​ធ្មេញ។

៤. ការ​ពត់​ធ្មេញ​ប្ដូរ​ទម្រង់​មុខ​ដែរ​ឬទេ? ពិត​ធ្វើ​ឱ្យ​ផ្លាស់​ប្ដូរ​ទម្រង់​មុខ ដូច្នេះ​ហើយ​មន្ទីរពេទ្យ​មួយ​ចំនួន តម្រូវ​ឱ្យ​អ្នកជំងឺ ពាក់​ប្រដាក់​ទប់​ធ្មេញ ២៤ម៉ោង រី​ឯ​ខ្លះ​ទៀត​​ពាក់​តែ​ពេល​យប់ ដើម្បី​កុំ​ឱ្យ​ធ្មេញ​ដើរ ប៉ុន្តែ​ត្រូវ​មក​ជួប​អ្នកឯកទេស​រាល់ ២ខែ​ម្ដង។

៥. ស្ត្រី​មាន​ផ្ទៃពោះ​អាច​ពត់​ធ្មេញ​ដែរ​ឬទេ? មិន​អាច​ទេ ព្រោះ​ត្រូវ​អាច​ប្រើ X-ray ដែល​អាច​ប៉ះពាល់​ដល់​កូន​ក្នុង​ផ្ទៃ ប៉ុន្តែ​​ស្ត្រី​អាច​មាន​ផ្ទៃពោះ អំឡុង​ពេល​ពត់​ធ្មេញ​បាន ដោយ​គ្មាន​បញ្ហា​អ្វី​ឡើយ។

៦. ត្រូវ​តប់​អ្វី​ខ្លះ? ស្វាយ​ខ្ចី ផ្លែប៉ោម ការ៉ុត ត្រសក់ ពុទ្រា របស់​រឹង។ បើ​ចង់​អោយ​ធ្មេញ ស ដូច​ធម្មជាតិ កុំ​ពិសា​ភេសជ្ជៈ​ពណ៌ ដូចជា Cocacolaនិង Pepsi។

៧. ពត់​ធ្មេញ​ធ្វើ​ឱ្យ​ធ្មេញ ស ដែរ​ឬ​ទេ? មិន​ធ្វើ​ឱ្យ​ធ្មេញ ស ឡើយ តែ​អាច​ប្រើ Baking Soda ដុះ​ជា​រង្វង់ ២​ដង​ក្នុង​១សប្ដាហ៍។ បើ​ប្រើ​​ច្រើន​ពេក នឹង​ធ្វើ​ឱ្យ​ធ្មេញ​ពុក។

៨. ពេល​ពត់​មាន​អ្វី​ចូល​ធ្មេញ​ដែរ​ឬ​ទេ? មាន! ត្រូវ​ដុស​ធ្មេញ​ឱ្យ​បាន​យូរ និង​ច្រើន​ដង​ជាង​សព្វដង។ ឱ្យ​អ្នកឯកទេស​ជួយ​សម្អាត​បន្ថែម ដើម្បី​ឱ្យ​​សុខភាព​មាត់​ធ្មេញ​ល្អ ព្រោះ​ដុស​ខ្លួន​ឯង មិន​ស្អាត​ល្អ​នោះ​ទេ។

៩. ធ្មេញ​ទន្សាយ​អាច​ពត់​បាន​ទេ? បើ​មាន​ត​ធ្មេញ​ទន្សាយ ត្រូវ​ឈូស​ចោល ឬ​ឈូស​ចោល​បន្តិច ដើម្បី​មើល​ទ្រង់ទ្រាយ​ធ្មេញ​ជាក់​ស្ដែង។ ​

១០. បើ​មាន​ធ្មេញ​ចំទើស ត្រូវ​ដក់​ចេញ​ឬ​យ៉ាងណា? ធ្មេញ​​គ្មាន​សណ្ដាប់​ធ្លាប់ ​កើត​ឡើង​ដោយសារ ទទួល​ហ្សែន​ពី​ឪពុក​ម្ដាយ។ មន្ទីរពេទ្យ​ខ្លះ តម្រូវ​ឱ្យ​ដក​ធ្មេញ​យ៉ាងតិច​៤ ដើម្បី​ពត់​ធ្មេញ​ឱ្យ​ស្មើ​វិញ ប៉ុន្តែ​មន្ទីរពេទ្យ​ខ្លះ មិន​តម្រូវ​នោះ​ទេ។

១១. ការ​ពត់​ធ្មេញ​មាន​អត្ថប្រយោជន៍​អ្វី​ខ្លះ? ស្រួល​ទំពា​​អាហារ ស្រួល​សំអាត ​សុខភាព​មាត់​ធ្មេញ​ល្អ និង​មាន​ស្នាម​ញញឹម ពោរពេញ​ដោយ​ភាព​ជឿជាក់។

១២. ពត់តម្លៃប៉ុន្មាន? អាស្រ័យ​លើ​បញ្ហា​របស់​អ្នក​ជំងឺ ឬ​តាម​សេវា​ផ្សេងៗ។ ការ​ចំណាយ​ប្រហែល​ខ្ទង់ ៨០០ ដុល្លារ ដល់​ជាង ៣ពាន់​ដុល្លារ​អាមេរិក៕

អត្ថបទ៖ អ៊ុ សុភក្តិ