​ចប់​ត្រឹម​បាក់ឌុប ប្រើ​ដើម​ទុន​ ៣៥​ដុល្លារ​ រកស៊ី​ចំណេញ​រាប់ពាន់​ក្នុង១​ខែ

  • 2017-07-07 02:45:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រៀនចប់ត្រឹមបាក់ឌុប ចេញធ្វើការឱ្យគេជាច្រើនកន្លែងរហូតបែកគំនិតចង់រកស៊ី

  • ចាប់ផ្ដើមដំបូង ប្រើដើមទុនត្រឹម ៣៥ដុល្លារទិញសម្ភារៈរៀបចំដេគ័រ

  • ផ្ដើម​ពី​ការ​រៀន​សូត្រ ការ​សង្កេត ពីរបៀប​រកស៊ី ​តាម​រយៈ​ការងារ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​ ហ៊ានប្រថុយទើបអាចរកស៊ីបាន

"បាទ​និយាយ​ឱ្យ​អស់​ទៅ​ចាប់​ផ្ដើម​រកស៊ី​ដំបូង​ខ្ញុំ​ត្រៀម​លុយ​ ១០០​ដុល្លារ ​តែ​ជាក់​ស្ដែង​អស់​តែ ៣៥​ទេ​​​រហូត​ជោគជ័យ​មក​ដល់​សព្វ​ថ្ងៃ"។ នេះ​ជា​សម្ដី​របស់​ម្ចាស់​អាជីវកម្ម​វ័យ​ក្មេង ឈួន ស៊ីរ៉ា​ដួង​ភិរម្យ ហៅ​ ឆាង​ម៉ាង និយាយ​មក​កាន់​ Sabay ទាំង​ញញឹម​ញញែម​។

យុវជន​មាន​ស្រុក​កំណើត​នៅ​រាជធានី​ភ្នំពេញ​រូប​នេះ ប្រាប់​ថា លោក​រៀន​ចប់​ត្រឹម​ថ្នាក់​បាក់​ឌុបប៉ុណ្ណោះ ក្នុង​ឆ្នាំ ២០០៣ តែ​ដោយ​សារ​ជា​មនុស្ស​តែង​សង្វាត​ចង់​បាន​លុយ លោក​បាន​បន្ត​ការ​សិក្សា​​ថ្នាក់​បរិញ្ញាបត្រ​ជិត​មួយ​ឆ្នាំ​ក៏​ចេញ​រក​ការងារ​ធ្វើ ហើយ​សម្រេចចិត្តបញ្ចប់ការសិក្សា​តែម្ដង។ ស៊ីរ៉ា​ដួង​ភិរម្យ ប្រាប់​ថា ការងារ​អ្វី​ក៏​លោក​ធ្វើ​ដែរ​មិន​រើស​នោះ​ទេ ទាំង​ជា​បុគ្គលិក​ផ្នែក​លក់ ផ្នែក​ដឹក​ជញ្ជូន អ្នក​លក់​ស៊ីម​កាត​ជាដើម​។ ក្រោយ​មក​ទៀត​ លោក​ក៏​បាន​ចូល​បម្រើ​ការងារ​ជា​មេការ​ក្នុង ហាង​ខារ៉ា​អូខេ​មួយ ហើយ​ក៏​ជា​ចំណុច​ចាប់​ផ្ដើម​ដែល​លោក ចាប់​ផ្ដើម​បែក​គំនិត​រកស៊ី​នៅ​ពេល​នោះ ជា​អ្នក​ដេគ័រ​ក្នុង​កម្មវិធី​ខួប​កំណើត​។

ដោយសារ​មាន​ឧបនិស្ស័យ​ចូលចិត្ត​ភាព​ច្នៃ​ប្រឌិត​តុបតែង និង​មាន​លុយ​ក្នុង​ដៃ​ ១០០​ដុល្លារ​ផង ស៊ីរ៉ា​ដួង​ភិរម្យ ក៏​ប្រថុយ​ចាប់​ផ្ដើម​ទិញ​របស់​របរ​ដើម្បី​បង្កើត​អាជីវកម្ម​ដែលធ្លាប់បានសិក្សាពីគេខ្លះៗ។ មក​ដល់​ចំណុច​នេះ​លោក​និយាយ​ថា ពី​ដំបូង​តាម​ការ​មើល​គេ​រៀបចំ​កន្លង​មក​ លោក​គិត​ថា ប្រហែល​ត្រូវ​ប្រើ​ដើមទុន អស់​រាប់​ពាន់​ដុល្លារ ហើយ​ប៉ុន្តែ​នៅ​ពេល​ចាប់​ផ្ដើម​អស់​ត្រឹម ៣៥​ដុល្លារ​ប៉ុណ្ណោះ។ ស៊ីរ៉ា​ដួង​ភិរម្យ និយាយ​ថា៖ "បាទ​កាល​ហ្នឹង​ខ្ញុំ​ទិញ​តុ​មួយ​តែ ១០​ដុល្លារ​ទេ ស្បៃ​ក្រណាត់​សារូ​មួយ​អស់​តែ ៣៥០០​រៀល ថូ​ផ្កា ២ ប៉ោងៗ​មួយ​កញ្ចប់​ ១​ដុល្លារ យាយ​ទៅ​លុយ​ខ្ញុំ​ត្រៀម​ ១០០​ដុល្លារ​ប្រើ​អស់​តែ ៣៥​ដុល្លារ​ទេ"។

យុវជន​មាន​មាន​គំនិត​ជា​សហគ្រិន​ភាព​តាំង​ពី​វ័យ​ក្មេង​រូប​នេះ​ប្រាប់​បន្ត​ទៀត​ថា ចាប់​ផ្ដើម​ដំបូង​លោក​សុំ​អនុញ្ញាត​ម្ចាស់​ហាង​ខារ៉ា​អូខេ ដែល​លោក​កំពុង​តែ​ធ្វើ​ការ​រៀប​ចំ ហើយ​ចែក​ភាគ​លាភ​គ្នា តែ​ក្រោយ​មក ដោយ​សារ​ថ្វី​ដៃ​នៃ​ការ​តុប​តែង​លម្អ​របស់​លោក​មាន​ភាព​ទាក់ទាញ ទើប​មាន​អតិថិជន​ទាក់ទង​ទៅ​រៀបចំ​ជា​បន្ត​បន្ទាប់​។ បន្ទាប់​មក​ភ្ញៀវ​រត់​មក​រក​លោក​ជា​ហូរហែ ទើប​លោក​សម្រេច​ចិត្ត លា​ឈប់​ពី​កន្លែង​ការងារ​ហើយ​ចាប់​ផ្ដើម​អាជីវកម្ម​ដេគ័រ​នេះ​មួយ​ទំហឹង​ចាប់ពីពេលនោះ។

ស្ថាបនិក Chang Decor រូបនេះប្រាប់ថា ចំពោះ​ការ​ឈាន​ជើង​ចូល​ទីផ្សារ​ដំបូង លោក​គិត​តម្លៃ​មួយ​កម្មវិធី​ត្រឹម ៤០​ដុល្លារ ឬ​៣៥​ដុល្លារទេ ពោល​គឺ​ឱ្យ​តែ​មាន​អតិថិជន។ បន្ទាប់​ពី​កើន​ប្រាក់​ចំណូល ស៊ីរ៉ា​ដួង​ភិរម្យ ចាប់​ផ្ដើម​ទិញ​សម្ភារៈ​ដេគ័រ​បន្ថែម​រហូត និង​រៀប​ចំ​ឱ្យ​កាន់​តែ​ស្អាត​ និងទ្រង់ទ្រាយធំជាងមុន ដើម្បី​អាច​បានថ្លៃ​បាន​ខ្ពស់។ ជា​ការ​ពិត​ពី​មួយ​រោង​បាន​ថ្លៃ​ត្រឹម​ ៤០​ដុល្លារ រហូត​កើន​ដល់​ ១០០​ដុល្លារ ទៅ​ ១៥០​ដុល្លារ​ក្នុង​ការរៀបចំម្ដងៗ។ ក្នុង​នោះ​ប្រាក់​ចំណេញ​យ៉ាង​តិច​ណាស់ ៨០​ដុល្លារ​ដែរ​ក្នុង​មួយ​រោង​។ មក​ដល់​បច្ចុប្បន្ន​នេះ លោក​អាច​រក​ប្រាក់​ចំណេញ​បានពី ១០០០​ដុល្លារ ទៅ​ ១៥០០​ដុល្លារ​ក្នុង​មួយ​ខែៗ​។

ពី​សិស្ស​រៀន​ចប់​ត្រឹម​បាក់ឌុប និង​អ្នក​ធ្វើ​ការ​មិន​រើស​មុខ ស៊ីរ៉ា​ដួង​ភិរម្យ ប្រាប់​ថា ចំណុច​ដែល​លោក​ឈាន​មក​ដល់​សព្វថ្ងៃ​រហូត​មាន​ជីវភាព​ធូរធារ គឺ​ផ្ដើម​ពី​ការ​រៀន​សូត្រ ការ​សង្កេត ពី​របៀប​រកស៊ី ​តាម​រយៈ​ការងារ​ពី​មួយ​កន្លែង​ទៅ​មួយ​កន្លែង​នេះ​ហើយ​។ ជា​ពិសេស​គឺ​ការ​ហ៊ាន​ប្រថុយ ហ៊ាន​ចាប់​ផ្ដើម និង​គំនិត​ច្នៃ​ប្រឌិត ក៏​ជា​រឿង​មិន​អាច​ខ្វះ​បាន​។ នេះ​ជា​មតិ​ចុង​ក្រោយ​ទៅ​កាន់​យុវជន ពី​អ្នក​ធ្វើ​អាជីវកម្ម​ផ្ដើម​ពី​លុយ ៣៥​ដុល្លារ​៕​

ចុចអានអត្ថបទពាក់ព័ន្ធ៖

​ ​​

អត្ថបទ៖ វឌ្ឍនៈ