ខ្លះៗ​ពី​​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង អាច​បាញ់​ដល់​អាមេរិក​

  • 2017-07-07 04:07:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​បាន​​ល្បី​ឈ្មោះ​សារ​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​ប្រទេស​កូរ៉េ​ខាង​ជើង​បាន​សាក​ល្បង​បាញ់​គ្រាប់​មីស៊ីល (ហៅ​កាត់​ ICBM) ​នេះ​បាន​សម្រេច​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ។ តទៅ​នេះ​នឹង​បង្ហាញ​ជូន​ខ្លះៗ​អំពី​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​របស់​កូរ៉េ​ខាង​ជើង ដែល​បាន​បង្ក​ការ​ព្រួយ​បារម្ភ​ដល់​ប្រទេស​មហាអំណាច​ជា​ច្រើន៖

១. អ្វី​ទៅ​ជា​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប?

រូបបង្ហាញលម្អិតពីមីស៊ីល Hwasong-14

​វា​ជា​រ៉ុកកែត​ ដែល​ជា​ធម្មតា​​មាន​សណ្ឋាន​ជា​រ៉ុកកែត​ពី​នៅ​ពី​លើ​គ្នា រចនា​ឡើង​ដើម្បី​ផ្ដាច់​ខ្លួន​ចេញ​ពី​គ្នា​តាម​ដំណាក់​កាល។ វា​មាន​សមត្ថភាព​អាច​​ផ្ទុក​អាវុធ​មួយ​បាន​ក្នុង​រយៈ​ចម្ងាយ​​លើស​​ ៨ ៨៥០ គ.ម។​​​​

​​​​​​​២. ​ហេតុអ្វី​​ត្រូវ​ខ្វល់​ពី​វា?

ដោយ​សារ​តែ​វា​អាច​នាំ​យក​អាវុធ​នុយក្លេអ៊ែរ​បាន​ដល់​មុខ​ផ្ទះ​របស់​អ្នក។ ប៉ុន្តែ​មាន​ប្រទេស​តែ ៧ ប៉ុណ្ណោះ​ក្នុង​ពិភពលោក​ដែល​ធ្លាប់​បង្កើត​បាន​បច្ចេកវិទ្យា​នេះ​រួម​មាន​ សហរដ្ឋអាមេរិក, សហភាព​សូវៀត (បច្ចុប្បន្ន​ជា​ប្រទេស​​​រុស្សី), ចិន, បារាំង, អ៊ីស្រាអ៊ែល, ឥណ្ឌា និង កូរ៉េ​ខាង​ជើង។ មាន​មូលហេតុ​ ៣ ដែល​​មាន​ប្រទេស​តិច​តួច​ផលិត​បច្ចេកវិទ្យា​នេះ​ ទី​មួយ​​​គឺ​​ពិបាក​ផលិតផល​​ ទីពីរ​ ប្រទេស​មួយ​ត្រូវ​ការ​បច្ចេកវិទ្យា​នេះ​ប្រសិន​បើ​ពួក​គេ​មាន​អាវុធ​នុយក្លេអ៊ែរ​ និង មាន​ហេតុផល​យុទ្ធសាស្ត្រ​ដើម្បី​ប្រើ​វា និង ទី​បី​ ការ​បំពាក់​គ្រឿង​ផ្ទុះ​​ធម្មតា​ដែល​មិន​មែន​ជា​​អាវុធ​នុយក្លេអ៊ែរ ជា​មួយ ​នឹង​ ICBM បាន​ក្លាយ​ជា​វិធី​សាស្ត្រ​​គ្មាន​ប្រសិទ្ធភាព​ក្នុង​ការ​ធ្វើ​សង្គ្រាម។

៣. ហេតុអ្វី​ ICBM ពិបាក​ផលិត?

ការ​ផលិតផល​ ICBM ពិបាក​ព្រោះ​​កម្លាំង​ដែល​​ត្រូវ​ការ​ដើម្បី​រុញ​វត្ថុ​ទំហំ​ធំ​​ចេញ​ពី​បរិយាកាស​គឺ​ច្រើន​លើស​លប់ ហើយ​ដើម្បី​បាញ់​បញ្ជូន​វា​ក៏​ទាមទារ​ឲ្យ​មាន​​សមត្ថភាព​វិស្វកម្ម​ដ៏​ស្មុគស្មាញ​ទៀត​ផង។ ក្បាល​នុយក្លេអ៊ែរ​គឺ​មាន​ទម្ងន់​ធ្ងន់​ ហើយ​ដោយ​សារ​តែ​វា​ត្រូវ​ហោះ​នៅ​រយៈ​ចម្ងាយ​ឆ្ងាយ បញ្ហា​គឺ​កាន់​តែ​រីក​ធំ​បើ​ធៀប​នឹង​ប្រព័ន្ធ​មីស៊ីល​រយៈ​ចម្ងាយ​ជិត។

៤. សមត្ថភាព​ផលិត​ ICBM របស់​កូរ៉េ​ខាង​ជើង​ខ្លាំង​កម្រិត​ណា?

គួរ​រំលឹក​ថា​មីស៊ីល​ Redstone របស់​អាមេរិក​បាន​បរាជ័យ​ចំនួន​ ៩ ដង ក្នុង​ចំណោម​ការ​សាក​ល្បង​ ១០ ដង។ ចំណែក​ឯ​កូរ៉េ​ខាង​ជើង​វិញ​មាន​កំណត់​ត្រា​​​បរាជ័យ និង ជោគជ័យ​លាយ​បញ្ចូល​​គ្នា​លើ​ការ​ផលិត​មីស៊ីល​ដោយ​ខ្លួន​ឯង។ កាល​ពី​ឆ្នាំ ២០០០ ជន​បង្កប់​របស់​អាមេរិក​បាន​ព្យាករណ៍​ថា​កូរ៉េ​ខាង​ជើង​អាច​នឹង​មាន​ ICBM ត្រឹម​ឆ្នាំ​ ២០១៥ ប៉ុន្តែ​ប្រទេស​នេះ​បាន​ពន្យារពេល​ការ​សាក​ល្បង​មីស៊ីល​របស់​ខ្លួន​ជា​ច្រើន​លើក។

៥. កូរ៉េ​ខាង​ជើង​អាច​ផលិត​ ICBM ពិត​ប្រាកដ​មួយ​បាន​ឬ​នៅ?

ការ​ដែល​មីស៊ីល​កូរ៉េ​ខាង​ជើង​សាក​ល្បង​បាញ់​សាក​ល្បង​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ អាច​បាញ់​ឡើង​ដល់​កម្ពស់​ដ៏​ខ្ពស់​មួយ អំឡុង​ពេល​នៃ​ការ​បាញ់​រយៈ​ពេល​ ៣៩ នាទី​ គេ​អាច​កំណត់​បាន​យ៉ាង​ច្បាស់​ថា​ Hwasong-14 (ជា​ឈ្មោះ​មីស៊ីល) ជា​មីស៊ីល​ឆ្លង​ទ្វីប​ដែល​អាច​បាញ់​​ដល់​រដ្ឋ​អាឡាស្កា​ សហរដ្ឋអាមេរិក។ Han Min-koo ​មន្ត្រី​​ក្រសួងការពារជាតិ​នៃ​កូរ៉េ​ខាង​ត្បូង​បាន​និយាយ​ថា​ការ​សាក​ល្បង​​នេះ​មិន​បាន​ផ្ដល់​ភស្តុតាង​ច្បាស់​លាស់​ថា​កូរ៉េ​ខាង​ជើង​ខ្លាំង​លើ​បច្ចេកវិទ្យា​នេះ​នៅ​ឡើយ​ទេ៕

ចុចអាន៖

ប្រភព៖ QZ   ប្រែ​សម្រួល៖ សុខហេង