ភាពយន្ត​រក​លុយ​បាន​ច្រើន​ ឆ្នាំ ២០១៤ នឹង​ត្រូវ​យក​មក​ចាក់​បញ្ចាំង​ម្ដង​ទៀត ឆាប់ៗនេះ​

  • 2017-07-10 02:35:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ មាន​ព័ត៌មាន​ធ្លាយ​ចេញ​មក​ថា ភាពយន្ត​ខ្មែរ​រឿង "ស្បែក​គង់" ដែល​ជា​ភាពយន្ត​យក​ចំណូល​បាន​ច្រើនជាង​គេ​កាល​ពី​ឆ្នាំ ២០១៤ ត្រៀម​នឹង​បង្ហាញ​វត្តមាន​បញ្ចាំង​ជូន​ប្រិយមិត្ត​ទស្សនា​ជា​ថ្មី​ម្ដង​ទៀត។

តាម​ប្រភព​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​មួយ គឺ​ថា រឿង "ស្បែក​គង់" ផលិត​ដោយ​ផលិតកម្ម​អង្គរ​ភិចឈ័រ​នោះ នឹង​ត្រូវ​ចាក់​បញ្ចំង​ជូន​បង​ប្អូន​បាន​ទស្សនា​ជា​ថ្មី​ម្ដង​ទៀត​ហើយ នៅ​ក្នុង​រង្វង់​ចុង​សប្ដាហ៍​ខែ​កក្កដា​នេះ។ កាន់​តែ​ពិសេស​ជាង​នេះ​ទៀត គឺ​ភាពយន្ត​ដែល​មាន​ឈុត​អាក្រាត​របស់​កញ្ញា ឌុច លីដា នេះ នឹង​​ត្រូវ​បញ្ចាំង​ដោយ​មិន​លក់​សំបុត្រ​ថែម​ទៀត​ផង។

ឈុតមួយក្នុងរឿង «ស្បែកគង់»

“នេះ​ខ្ញុំ​លឺ ពី​ខាង​អ្នក​ផលិត​កម្ម​មក​វិញ​ទេ​ណា គឺ​គេ​អត់​បញ្ចាំង​លក់​សំបុត្រ​ដូច​មុន​ទេ ដោយ​យក​ទៅ​ចាក់​បញ្ចាំង​លើក​កញ្ចក់​ទូរទស្សន៍​ឲ្យ​មើល Free តែ​ម្ដង គឺ​កញ្ចក់​ទូរទស្សន៍​ថោន គឺ​ប្រហែល​ជា​អាច​ថ្ងៃ​ ២៤-២៥ អីហ្នឹង"។ ប្រភព​បញ្ជាក់។

តាម​ប្រភព​ដដែល ការ​ដែល​ភាពយន្ត​ខ្នាច​ធំ​មួយ​នេះ​របស់​ខ្មែរ នឹង​ត្រូវ​ចាក់​បញ្ចាំង​លើ​កញ្ចក់​ទូរទស្សន៍ ដើម្បី​ឲ្យ​ប្រិយមិត្ត​បាន​ទស្សនា​ដោយ​ឥត​គិត​ថ្លៃ​នេះ គឺ​ដើម្បី​អបអរ​ការ​ចាប់​ដំណើរ​ការ​ផ្សាយ​ផ្លូវ​ការ​របស់​ទូរទស្សន៍​ថោន​ផង ដែល​ជា​ទូរទស្សន៍​កូន​ពៅ​គេ​គិត​ត្រឹម​ថ្ងៃ​នេះ​។ "បើ​តាម​តែ​​ដឹង​នោះ គឺ​មិន​មែន​តែ​រឿង "ស្បែក​គង់" នេះ​ទេ គឺ​ដូច​ជា​មាន​រឿង "ចន្ទ្រា" មួយ​ទៀត ក៏​ត្រូវ​យក​មក​បញ្ចាំង​ដែរ តែ​ខ្ញុំ​មិន​ច្បាស់​១០០%​ទេ"។

ជុំវិញ​បញ្ហា​នេះ លោក ប៉ុល វិបូ ហៅ​នីត ដែល​ជា​ផលិត​កររឿង "ស្បែក​គង់" បាន​ប្រាប់​ក្រុម​ការងារ​យើ​ងតាម​ទូរសព្ទ​ឲ្យ​ដឹង​ថា ព័ត៌មាន​ដែល​លេច​ឮខាង​លើ គឺ​ជា​ការ​ពិត ដោយ​លោក​បញ្ជាក់​ថា ប្រិយមិត្ត​អាច​រង់​ចាំ​តាម​ដាន​ទាំង​អស់​គ្នា​នៅ​ថ្ងៃ​ទី ២៤ ខែ​កក្កដា​នេះ។ លោក​ថា ទាំង​រឿង "ស្បែក​គង់" និង​រឿង "ចន្ទ្រា" របស់​លោក គឺ​នឹង​ត្រូវ​ដាក់​បញ្ចាំង​បន្ត​បន្ទាប់​នៅ​វេលា​ម៉ោង ៧:០០ ដល់​ម៉ោង ៩:០០យប់​។

ក្រៅ​ពី​នេះ លោក នីត ដែល​បច្ចុប្បន្ន​ក៏​កំពុង​កាន់​តំណែង​ជា​នាយក​ចាត់​ការ​ទូទៅ​ក្នុង​ស្ថានីយ​ទូរទស្សន៍​ថោន ក៏​បាន​បញ្ជាក់​ដែរ​ជុំ​វិញ​ព័ត៌មាន​ថា ភាពយន្ត​ទាំង​ពីរ​រឿង​លើ ចាក់​បញ្ចាំង​គឺ​អបអរ​នៃ​ការ​ចាប់​ដំណើរ​ការ​ចាក់​ផ្សាយ​កម្មវិធី​របស់​ខ្លួន​ជា​ផ្លូវ​ការ​ពិត​មែន។ ប៉ុន្តែ​កាល​បរិច្ឆេទ​សម្ពោធ​ផ្លូវ​ការ មិន​ទាន់​កំណត់​បាន​នោះ​ទេ។

"ស្បែក​គង់" គឺ​ជា​រឿង​ខ្មែរ​ដ៏​ល្បី​មួយ​កាល​ពី​ឆ្នាំ​២០១៤ ដោយ​ក្នុង​នោះ​តាម​ផលិតករ​ លោក ប៉ុល វិបូ ហៅ នីត ធ្លាប់​បាន​ប្រាប់​សារ​ព័ត៌មាន​ថា កាល​ណោះ​នោះភាពយន្ត​នេះរក​ចំណូល​សរុប​បាន ៣០​ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។ តួលេខ​នេះ លោក ប្រាប់​ថា មិន​បាន​បូក​បញ្ចូល​ចំណូល​ពី​ការ​ចាក់​បញ្ចាំង​នៅ​ក្រៅ​ស្រុក​ដូច​ជា កូរ៉េ និង​អាមេរិក​ផង៕

អត្ថបទៈ ស៊ុនហួត