យប់​នេះ ជើង​ខ្លាំង ផល សោភ័ណ្ឌ ឃ្លាត​ពី​អ្នក​គាំទ្រ​ទៅ​សម្រួច​វិជ្ជា​គុន​នៅ​ថៃ​មួយ​ខែ​

  • 2017-07-14 08:55:18
  • ចំនួនមតិ

ចន្លោះមិនឃើញ

​យប់​​ថ្ងៃ​សុក្រ​ទី​១៤ កក្កដា​នេះ ​ជើង​ខ្លាំង​ ផល សោភ័ណ្ឌ ត្រូវ​ឃ្លាត​ឆ្ងាយ​ពី​អ្នក​គាំទ្រ​ប្រដាល់​សេរី​​គុន​ខ្មែរ​រយៈ​ពេល​១​ខែ​​ដើម្បី​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​សម្រាប់​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​នៅ​ប្រទេស​ម៉ាឡេស៊ី។ ការ​ចេញ​ទៅ​ហ្វឹកហាត់​នេះ ក៏​មាន​អ្នក​ប្រដាល់​វ័យ​ក្មេង ពេជ្រ ​ម្ទេសខ្មាំង​ និងកីឡាករ​​ ហ្វីលីក មីលីនម៉ាទីន ​​​​ផង​ដែរ។​

ផល សោភ័ណ្ឌ និង​កីឡាករ ព្រម​ទាំង​គ្រូ

​លោក​គ្រូ​ វ៉ែន​ សុផល​ ​ប្រាប់​ថា​ ដើម្បី​បង្កើនសមត្ថភាព ​កីឡាករ​៣រូប​នេះ​ សហព័ន្ធ​ប្រដាល់​សកល​កម្ពុជា​បាន​សហការ​គ្នា​ជា​មួយ​សហព័ន្ធ​ប្រដាល់​សកល​​​​ថៃ​ក្នុង​ការ​នាំ​យក​កីឡាករ​ទាំង​៣រូប​ទៅ​ហ្វឹកហាត់​បច្ចេកទេស​ និង​កម្លាំង​បន្ថែម​ទៀត​រ។​ សម្រាប់​ការ​ស្នាក់​នៅ​ក៏​ដូច​ជា​ការ​ហូប​ចុក​នោះ​គឺ​ភាគី​ខាង​ថៃ​ជា​អ្នក​រាប់រងទាំង​អស់។​

ពេជ្រ ម្ទេសខ្មំាង

គ្រូ​ជម្រើស​ជាតិ​រូប​នេះ​បន្ត​ថា​ ការ​ចេញ​​ទៅ​ហ្វឹកហាត់​នៅ​ថៃ​នេះ​ ជា​ការ​ល្អ​មួយ​សម្រាប់​កីឡាករ​កម្ពុជា​ ​ពី​ព្រោះ​​នៅ​កន្លែង​ហ្វឹកហាត់​ថ្មី​មាន​បរិយាកាស​ប្លែក។​ ​របៀប​នៃ​​ការ​ហ្វឹកហាត់​ក៏​ក៏​ពិសេស​​ប្លែក​ខុស​ពី​កម្ពុជា​។​ ប្រទេស​ថៃ​ជា​ប្រទេស​មួយ​មាន​ការ​ជឿនលឿន​ខ្លាំង​ខាង​វិស័យ​ប្រដាល់​សកល​ ដូចនេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​កីឡាករ​កម្ពុជា​យក​បទពិសោធ​ថ្មីៗ​ក្នុង​ការ​ពង្រឹង​សមត្ថភាព​ខ្លួន​ឯង​ឈាន​ទៅ​យក​មេដាយ​ស៊ីហ្គេម​នា​ពេល​ខាង​មុខ។​

រូបសហព័ន្ធ

លោក​គ្រូ​ វ៉ែន​ សុផល​ រួម​និង​កីឡាករ​ ផល​ សោភ័ណ្ឌ​ ពេជ្រ ​ម្ទេសខ្មាំង​ ហ្វីលីក​ មីលីនម៉ាទីន​ ត្រូវ​ចេញ​ដំណើរយប់​ថ្ងៃ​ទី១៤​ ខែ​កក្កដា​ ឆ្នាំ​២០១៧​ រហូត​ដល់​ថ្ងៃ​ទី១៤​ ខែ​សីហា​ ទើប​វិល​ត្រលប់​មក​កម្ពុជា​វិញ៕​

ស្រាបៀរ​អង្គរ​មាន​មោទនភាព​គាំទ្រ​អត្តពលិក​ជាតិ​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម ២០១៧ #ឆន្ទៈ​យើងបេះ​ដូង​យើង


អត្ថបទ៖ នួន ស៊ីណា​