ក្រុម SCG Muangthong United នឹង​មក​ដល់​កម្ពុជា​ស្អែក

  • 2017-07-13 03:08:47
  • ចំនួនមតិ

ចន្លោះមិនឃើញ

ក្រុម​​បាល់ទាត់ SCG Muangthong United ​នឹង​មក​ដល់​ទឹក​ដី​កម្ពុជា​វេលា​ម៉ោង ៤:២០​នាទីល្ងាច​ស្អែក​នេះ​​ ដើម្បី​ត្រៀម​តទល់​ជា​មួយ​ក្រុម Cambodian All Stars ​នា​ថ្ងៃ​ទី​១៦ ខែ​កក្កដា ឆ្នាំ​២០១៧ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​វេលា​ម៉ោង ៦:០០​នាទីល្ងាច។ ​នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​។

ដោយ​ឡែក​ស្អែក​នេះ ​ការ​មក​ដល់​នឹង​បែងចែក​ជា​២​ផ្នែក ពោល​គឺ​ខាង​គ្រូ​បង្វឹក​និង​កីឡាករ Charyl Chappuis ​នឹង​ធ្វើ​ដំណើរ​មក​មុន ​វេលា​ម៉ោង​​៨:៥០​នាទី​ព្រឹក ដើម្បី​ឱ្យ​ទាន់​ចូល​រួម​ធ្វើ​សន្និសិទកាសែត​វេលា​ម៉ោង ១១:៣០​នាទី។ ខណៈ​ដែល​ក្រុម​កីឡាករ​វិញ ​នឹង​ធ្វើ​ដំណើរ​មក​ពេល​ល្ងាច វេលា​ម៉ោង​៤:២០​នាទី ដល់​ព្រលានយន្ដហោះ​នៅ​កម្ពុជា។

ក្រុម SCG Muangthong United

ការ​ប្រកួត​នេះដែរ ​លោក ​Pramote Techasupatkul ​ទីប្រឹក្សា​របស់​ប្រធាន​ក្រុមហ៊ុន​ SCG​ ​បាន​លើក​ឡើង​ដូច្នេះ​ថា​៖ “ដោយសារ​តែ​អ្នក​គាំទ្រ ៤៥ ០០០​នាក់​កាល​ពី​ឆ្នាំ​មុន ​ទើប​យើង​សម្រេច​រៀប​ចំ​ការ​ប្រកួត​ SCG Muangthong United ASEAN Tour ​ម្ដង​នៅ​ទៀត​នៅ​កម្ពុជា​ឆ្នាំ​នេះ។ SCG ​ជឿ​ជាក់​ថា ​បាល់ទាត់​ជា​កីឡា​ពេញ​និយម ​សម្រាប់​ប្រជាជន​នៅ​តំបន់​អាស៊ាន។ វា​មិន​ត្រឹម​តែ​នាំ​មក​នូវ​ការ​លើក​ទឹក​ចិត្ត​ដល់​យុវជន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​បាន​ជួយ​ឱ្យ​ជីវិត​ល្អ​ប្រសើរ​ផង​ដែរ”។

មួយ​វិញ​ទៀត រាក់​បាន​ពី​ការ​ប្រកួត​ទាំង​អស់ គឺ​ SCG Muangthong United ​នឹង​ផ្ដល់​ជូន​ខាង​កម្ពុជា ដើម្បី​ជួយ​អភិវឌ្ឍ​វិស័យ​បាល់ទាត់​យុវជន​ទូទាំង​ប្រទេស​កម្ពុជា៕


អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​