កើតជំងឺឲ្យពេទ្យណាព្យាបាល​ក៏មិនជា បែរជួបគ្រូម្នាក់​ឲ្យធ្វើរឿង​សាមញ្ញមួយ​ទើបភ្ញាក់ខ្លួន

  • 2017-07-13 05:00:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​បុរស​អ្នក​ជំនួញ​​ម្នាក់ ជា​មនុស្ស​មាន​ចិត្ត​ល្អ និង​តែង​តែ​ជួយ​អ្នក​ដទៃ ហើយ​គ្រប់​គ្នា​ស្រលាញ់​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់​ខ្លាំង​ណាស់ ប៉ុន្តែ​គាត់​មាន​ចំណុច​អវិជ្ជមាន​​មួយ គឺ​ខ្ជិល​មិន​សូវ​ខ្វាយ​ខ្វល់​ពី​សុខភាព។

រូប​តំណាង

ទោះ​គាត់​មាន​​ជំនួញ​ផ្ទាល់​ខ្លួន​ តែ​គាត់​ចាប់​ផ្ដើម​​ខ្ជិល​ទៅ​ធ្វើ​ការ​​ដោយ​បញ្ជា​ពី​ផ្ទះ​ទៅ និង​ចំណាយ​​​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​មួយ​ថ្ងៃ​ៗ​តែ​​នៅ​លើ​គ្រែ​គេង មិន​ចេញ​ទៅ​ណា​ទាំង​អស់ សូម្បី​ហាត់​ប្រាណ​ដើម្បី​សុខភាព​ខ្លួន​ឯង។

​មិន​យូរ​ប៉ុន្មាន ​គាត់​ប្រែ​ជា​​មនុស្ស​ធាត់​ខ្លាំង និង​ធ្វើ​ការងារ​ឆាប់​​ហត់​អស់​កម្លាំង។ ពេល​​វេលា​ចេះ​តែ​​ដើរ​ទៅ​មុខ ទម្លាប់​​ខ្ជិល​ច្រអូស​មិន​បាន​កែ​ប្រែ ធ្វើ​ឲ្យ​ខ្លួន​គាត់​មិន​អាច​ផ្លាស់​ទី​បាន​ស្រួល។ គ្រួសារ និង​​មិត្តភ័ក្ដិ​​របស់​គាត់ ​បាន​កើត​ក្ដី​ព្រួយ​បារម្ភ រួច​ព្យាយាម​ទាក់​ទង​គ្រូពេទ្យ​ជា​ច្រើន​នាក់ ​មក​ជួយ​ព្យាបាល​ឲ្យ​មាន​រូប​រាង​ និង​សុខភាព​ដូច​ដើម តែ​គ្មាន​ប្រសិទ្ធភាព​​​​សោះ។

ថ្ងៃ​មួយ​គ្រួសារ​របស់​លោក​បាន​ទទួល​ដំណឹង​ថា ​មាន​គ្រូ​ពូកែ​ម្នាក់​បាន​​មក​​លេង​​ទីក្រុង​ពួក​គេ​រស់​នៅ។ បន្ទាប់​មក ពួក​គេ​បាន​ទៅ​រក​បុរស​​ជា​គ្រូ​នោះ​ឲ្យ​ជួយ​។ ក្រោយ​ស្ដាប់​ដំណើរ​ដើម​ទង​នៃ​ជំងឺ​​រួចរាល់​ហើយ​ គ្រូ​ប្រាប់​ថា ​ជំងឺ​នេះ​ងាយ​ស្រួល​ព្យាបាល​បំផុត។ ពេល​ឮ​ដូចនេះ គ្រួសារ​អ្នក​ជំនួញ​​ត្រេក​អរ​ជា​ខ្លាំង ហើយ​ក៏​ចង់​អញ្ជើញ​គ្រូ​នោះ​មក​ព្យាបាល​ដល់​ផ្ទះ​បុរស​អ្នក​មាន​ដែរ​ ប៉ុន្តែ​​គ្រូ​បដិសេធ។

គ្រូ​និយាយ៖ "​ខ្ញុំ​នឹង​ព្យាបាល​ជំងឺ​​ឲ្យ​គាត់​ជា​ដាច់ ​ប៉ុន្តែ​ដើម្បី​ព្យាបាល​បាន បុរស​អ្នក​មាន​​ត្រូវ​ដើរ​មក​ព្យាបាល​នៅ​កន្លែង​​ខ្ញុំ ព្រោះ​ជា​ត្រណម"។ នៅ​ថ្ងៃ​បន្ទាប់ បុរស​អ្នក​មាន​ត្រូវ​គ្រួសារ​នាំ​ទៅ​ផ្ទះ​គ្រូ ដើម្បី​ព្យាបាល​។ គ្រូ​​នោះ​សរសើរ​បុរស​អ្នក​មាន​ថា គាត់​ជា​មនុស្ស​ចិត្ត​ល្អ និង​ចេះ​ជួយ​អ្នក​ដទៃ ហើយ​ដើម្បី​ឲ្យ​ជីវិត​ស្រស់​ស្រាយ គាត់​ត្រូវ​តែ​មាន​សុខភាព​ល្អ​ឡើង​វិញ។

បុរស​អ្នក​មាន​រំភើប​ចិត្ត​ខ្លាំង ​និង​យល់​ព្រម​ធ្វើ​តាម​គ្រូ​សព្វ​បែប​យ៉ាង។ ​គ្រូ​បាន​សុំ​ឲ្យ​បុរស​អ្នក​មាន​ ដើរ​មក​​កន្លែង​របស់​គាត់​​ដើម្បី​ព្យាបាល​នៅ​ថ្ងៃ​បន្ទាប់ ទោះ​​ត្រូវ​ចំណាយ​ពេលវេលា​យូរ​ប៉ុណ្ណា​ក៏​ដោយ​។ មុន​ដំបូង​ គាត់​មិន​អាច​ដើរ​ខ្លួន​ឯង​បាន​ទេ​ គឺ​ត្រឹម​តែ​ពីរ​បី​ជំហាន​ប៉ុណ្ណោះ និង​មាន​គ្រួសារ​ជួយ​គ្រា​រាល់​ថ្ងៃ រហូត​គាត់​អាច​ដើរ​បាន​តិច​ៗ​ខ្លួន​ឯង។

នៅ​ថ្ងៃ​បន្ទាប់​គ្រូ​មិន​នៅ​កន្លែង​ទេ គឺ​បាន​ចេញ​ទៅ​ក្រៅ​បាត់ តែ​មាន​កូន​សិស្ស​​គ្រូ​ប្រាប់​ឲ្យ​បុរស​អ្នក​មាន​មក​ថ្ងៃ​ស្អែក​ទៀត​ កុំ​ឲ្យ​អាក់​ខាន​ឲ្យ​សោះ។ បុរស​អ្នក​មាន ចាប់​ផ្ដើម​កើត​​អារម្មណ៍​មិន​សប្បាយ​ចិត្ត ព្រោះ​តែ​ខំ​មក​យ៉ាង​លំបាក​បែរ​​ជា​មិន​ជួប​គ្រូ។ ទោះ​​យ៉ាង​ណា គាត់​បន្ត​ដើរ​មក​ដដែល​​នៅ​ថ្ងៃ​បន្ទាប់ ហើយ​មិន​បាន​ជួប​គ្រូ​ជា​លើក​ទី​២។

ការ​មក​​ដល់​ មិន​បាន​​ជួប​គ្រូ​​អស់​រយៈពេល​ជា​ច្រើន​ថ្ងៃ ធ្វើ​ឲ្យ​បុរស​អ្នក​មាន​ប្រែ​ជា​ខក​ចិត្ត​ម្ដង​ជា​ពីរ​ដង។ ប៉ុន្តែ​អ្វី​ដែល​ប្រែ​ប្រួល​គួរ​ឲ្យ​កត់​សម្គាល់ គឺ​គាត់​អាច​ដើរ​ទៅ​រក​គ្រូ​ដោយ​ខ្លួន​ឯង។ ពេល​ត្រលប់​មក​ផ្ទះ​វិញ បុរស​អ្នក​មាន​ដឹង​ថា ​ខ្លួន​ឯង​ហាក់​ស្រួល​ខ្លួន​ជាង​មុន ដូច​ជា​អាច​ដើរ​បាន​ខ្លះ​ និង​ស្រក​ទម្ងន់​ជាង​មុន​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​ចុង​ក្រោយ​។

ឥឡូវ​បុរស​​អ្នក​មាន​ទើប​យល់​ច្បាស់​ពី​គោល​បំណង​របស់​គ្រូ និង​សារៈសំខាន់​ពី​ការ​ដើរ​ក៏​ដូច​ជា​ការ​ហាត់​ប្រាណ​នានាដើម្បី​សុខភាព​។ ​បុរស​អ្នក​មាន​កាន់​តែ​ធូរស្បើយ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ដោយ​គ្រូ​​មិន​បាន​ព្យាបាល​សូម្បី​ម្ដង តែ​គាត់​បាន​អរគុណ​គ្រូ​ព្រោះ​គាត់​ទទួល​បាន​សុខភាព​ល្អ​ឡើង​វិញ។ ចំណែក​ក្រុម​គ្រួសារ និង​​មិត្តភ័ក្ដិ ត្រេក​អរ​ជា​ខ្លាំង ក្រោយ​ឃើញ​បុរស​អ្នក​មាន​ត្រលប់​មក​រក​ភាព​ដើម ដោយ​មិន​ចំណាយ​ប្រាក់កាស​អស់​មួយ​សេន៕

តម្លៃ​អប់​រំ​រឿង៖ យើង​គ្រប់គ្នា​ត្រូវ​ដឹង​ថា មាន​ទ្រព្យ​សម្បត្តិ​លុយ​កាក់​ច្រើន​ប៉ុណ្ណា ក៏​មិន​អាច​ធ្វើ​ឲ្យ​ជីវិត​​​ល្អ​ប្រសើរ​បាន​ដែរ ​ប្រសិន​បើ​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខភាព​ជា​អាទិភាព។ ទោះ​រវល់ និង​ប្រឹង​ប្រែង​​ជា​មួយ​ការងារ​ច្រើន ​ក៏​ត្រូវ​មាន​ពេល​ខ្លះ​ថែទាំ​សុខភាព​ដែរ ព្រោះ​បើ​សុខភាព​យ៉ាប់យ៉ឺន​មុន​​ហើយ អ្វី​ៗ​នឹង​ត្រូវ​រលាយ​តាម​ក្រោយ​ជាក់​ជា​មិនខាន៕

ចុចអាន៖

ប្រភព៖ បរទេស ប្រែ​សម្រួល៖ ឡេង ភារុណ