សេង ពិសិដ្ឋ៖ រៀបការ​ពេល​មាន​លុយ​ខ្លួន​ឯង​ទើប​មាន​មោទនភាព

  • 2017-07-15 04:39:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"នៅ​ពេល​ដែល​យើង​រៀបការ​មោទនភាព​របស់​យើង​មួយ គឺ​យើង​មាន​លុយ​រៀបចំ​ខ្លួន​ឯង ដោយ​រំខាន ឫ​ពឹងពាក់​ឪពុកម្ដាយ​តិចតួច​បំផុត"។ នេះ​ជា​ការ​លើក​ឡើង​របស់​របស់​ សេង ពិសិដ្ឋ នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អនុស្សារ​រៀបចំ​ពិព័រណ៍ និយាយ​មក​កាន់​ Sabay ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​កម្មវិធី​ពិព័រណ៍​អាពាហ៍ពិពាហ៍​។

នាយក​ប្រតិបត្តិ​វ័យ​ក្មេង​រូប​នេះ បន្ត​ទៀត​ថា ក្នុង​មួយ​ជីវិត​ឪពុក​ម្ដាយ​ គឺ​ធ្វើ​អ្វីៗ​ដើម្បី​កូន​លះ​បង់​គ្រប់​បែប​យ៉ាង ជួន​កាល​ លោក​ទាំង​ពីរ​មិន​ទាន់​ទាំង​មាន​អ្វី​ដុំ​កំភួន​ផង ដូចជា​ដី ផ្ទះ​រស់​នៅ​សមរម្យ ស្រាប់​តែ​ត្រូវ​រៀបចំ​មង្គលការ​ឱ្យ​កូន​អស់​ពី​ខ្លួន​ទៀត​។ លោក បន្ថែម​ទៀត​ថា ​ស្ទើរ​ពេញ​មួយ​ជីវិត​របស់​ឪពុកម្ដាយ ខំ​សន្សំ​លុយ​ទុក​ខ្លះ តែ​ចុង​ក្រោយ​អស់​ដោយសារ​កូន។ ដូច្នេះ​ហើយ មិន​គួរ​រៀបការ​ទាំង​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រាន់​បែប​នេះ​ទេ ព្រោះ​ក្រោយ​រៀបការ​ហើយ​ជីវិត​ក៏​មិន​អាច​រស់​នៅ​ស្រួល​ដែរ។​

លោក​ សេង ពិសិដ្ឋ និយាយ​ថា យុវជន​គួរ​រៀន​សន្សំ​លុយ​ទាំង​ពីរ​នាក់ ​បើ​សិន​ជា​មាន​គម្រោង​ចង់​រៀបការ​ជាមួយ​គ្នា ហើយ​រៀបចំ​ឱ្យ​សម​ល្មម​តាម​លទ្ធភាព មិន​បាច់​ទៅ​ហក់​លោត​ដូច​គេ​ទេ ព្រោះ​ជីវិត​ប្ដី​ប្រពន្ធ​រស់​នៅ​មាន​សុភមង្គល​មិន​មែន​អាស្រ័យ​លើ​មង្គលការ​តូច ឬ​ធំ​ឡើយ។ ជា​ពិសេស​ខាង​ស្រី​ក៏​មិន​ត្រូវ​ពឹង​ផ្អែក​ទាំង​ស្រុង​លើ​ខាង​ប្រុស​ដែរ ត្រូវ​ជួយ​គ្នា​សន្សំ​លុយ និង​រៀបចំ​ផែនការ​ឱ្យ​បាន​ច្បាស់​លាស់​មុន​សម្រេច​ចិត្ត​ចូល​រោង​ការ។

"មាន​អ្វី​ជា​លំនឹង​ក្នុង​ជីវិត​សិន​ចាំ​រៀបការ ហើយ​សួរ​ថា​បាន​លុយ​មក​ពី​ណា​ការ​ខ្លួន​ឯង? ចម្លើយ​តែ​មួយ​គត់​គឺ​ការ​សន្សំ កាត់​បន្ថយ​ការ​ចំណាយ​មិន​ចាំបាច់ កុំ​ប្រើ​របស់​ប្រេន​អត់​ប្រយោជន៍ យក​លុយ​ទៅ​រកស៊ី​ បង្កើន​ចំណូល​ នោះ​ហើយ​ទើប​ជា​ជម្រើស​ល្អ​បំផុត ចំពោះ​អ្នក​មាន​គម្រោង​ចង់​រៀបការ។" លោក​ សេង ពិសិដ្ឋ និយាយ​បន្ថែម​។

ចុង​ក្រោយ​ស្ថាបនិក​ក្រុមហ៊ុន អនុស្សារ​រៀបចំ​ពិព័រណ៍​និយាយ​ថា រៀបការ​នៅ​ពេល​មាន​អ្វី​គ្រប់​យ៉ាង មិន​រំខាន​ឪពុក​ម្ដាយ ហើយ​រៀបការ​មិន​មែន​មក​ពី​កាលៈទេសៈ រៀបការ​ដោយ​មាន​ផែន​ការ ជជែក​ពិភាក្សា​គ្នា​ច្បាស់​លាស់ នោះ​ទើប​​ជា​មង្គលការ​ដ៏​មាន​ន័យ​បំផុត៕​​

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទពេញនិយម