មកស្គាល់រណ្តៅទឹក និងបឹងមរណៈទាំង១០ គ្រោះថ្នាក់បំផុត លើពិភពលោក

  • 2017-07-16 01:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មនុស្ស​ភាគច្រើន​ចូលចិត្ត​ដើរ​លេង​កម្សាន្ត​នៅ​តំបន់​ដែល​មាន​ទឹក​ខ្លាំង​ណាស់ ដូចជា ទឹកទន្លេ ឬ សមុទ្រ ជាដើម។ ប៉ុន្តែ ទឹក នៅ​លើ​ភព​ផែនដី​របស់​យើង​ខ្លះ អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់ នឹក​ស្មាន​មិន​ដល់។

ខាងក្រោម​នេះ​គឺ​ជា​រណ្ដៅ​ទឹក និង​បឹង​មរណៈ​ទាំង ១០ គ្រោះថ្នាក់​បំផុត​លើ​ពិភពលោក៖

#១០ រណ្ដៅ​ទឹក Great Blue Hole នៅ​ប្រទេស​បេលី (Belize)

ជំនោរ​ទឹក​បាន​ប្រែ​ក្លាយ​រណ្តៅ​ទឹក​មួយ​នេះ ទៅ​ជា​លំហ​ដ៏​ធំ​មួយ ដែល​ស្រូប​យក​អ្វី​គ្រប់​យ៉ាង នៅ​លើ​ផ្ទៃ​របស់​វា។

#៩ រណ្តៅ​ទឹក Jacob’s Well នៅ​រដ្ឋ Texas សហរដ្ឋអាមេរិក

រណ្ដៅ​ធម្មជាតិ​ជម្រៅ ២៦ ម៉ែត្រ ដែល​មាន​ទឹក​ថ្លាឆ្វង់​នេះ គឺ​ជា​កន្លែង​មុជ​ទឹក​ដ៏​គ្រោះថ្នាក់​បំផុត​មួយ​នៅ​លើ​ពិភពលោក។ នៅ​បាត​រណ្ដៅ មាន​ច្រក​ចូល​ជា​ច្រើន ភ្ជាប់​ទៅ​កាន់​រូង​ភ្នំ ដែល​មនុស្ស​ជា​ច្រើន ចូល​ហើយ​មិន​អាច​ចេញ​មក​វិញ​បាន។

#៨ បឹង Lake Michigan នៅ​សហរដ្ឋអាមេរិក

វា​មាន​ឈ្មោះ​ល្បីល្បាញ មិន​ចាញ់​តំបន់​ត្រីកោណ Bermuda Triangle ប៉ុន្មាន​ឡើយ ព្រោះ​វា​បង្ក​ឲ្យ​កើត​មាន​ហេតុការណ៍​ធ្លាក់​យន្តហោះ​ដ៏​រន្ធត់ ដោយ​គ្មាន​ហេតុផល​សមរម្យ​ឡើយ។ បឹង​នេះ​ពិត​ជា​បង្ក​គ្រោះថ្នាក់​ណាស់ ដោយសារ​តែ​ការ​បង្កើត​ចរន្ត​ទឹក​ភ្លាមៗ ដ៏​ចម្លែក​របស់​វា។

#៧ បឹង Lake Natron នៅ​ប្រទេស​តង់ហ្សានី (Tanzania)

វា​ជា​បឹង​ទឹក​ប្រៃ​បំផុត​មួយ​នៅ​លើ​ផែនដី​នេះ ដែល​គ្រប​ដណ្ដប់​ទៅ​ដោយ​សំបក​អំបិល​ពណ៌​ក្រហម។ សីតុណ្ហភាព​ទឹក​ឡើង​ដល់ ៥០ អង្សា​សេ នៅ​កន្លែង​ខ្លះ ដែល​គ្រប់គ្រាន់​អាច​ឆក់​យក​ជីវិត​មនុស្ស​បាន។

#៦ រណ្ដៅ​ទឹក Blue Hole នៅ​ទីក្រុង Dahab ប្រទេស​អេហ្ស៊ីប

វា​ប្រហែល​ជា​កន្លែង​គ្រោះថ្នាក់​បំផុត​នៅ​លើ​ពិភពលោក សម្រាប់​ការ​ជ្រមុជ​ទឹក ដោយសារ​តែ​អ្នក​មុជ​ទឹក​ជា​ច្រើន​បាន​ស្លាប់ នៅ​ក្នុង​រណ្ដៅ​ទឹក​ជម្រៅ ១២០ ម៉ែត្រ​នោះ។

#៥ បឹង Horseshoe Lake នៅ​សហរដ្ឋអាមេរិក

កាបូនឌីអុកស៊ីត ដែល​បញ្ចេញ​ពី​ជញ្ជាំង​នៅ​បាត​បឹង​មួយ​នេះ គឺ​មាន​គ្រោះថ្នាក់​បំផុត​ដល់​អ្វីៗ​ទាំង​អស់។ បឹង​ខាង​លើ​នេះ​ធ្លាប់​បង្ក​ឲ្យ​មនុស្ស ចំនួន ៤ នាក់​ស្លាប់ និង​ងាប់​ដើម​ឈើ​ដែល​ដុះ នៅ​ជុំវិញ​វា ១០០ ហិតា ទៀត​ផង។

#៤ បឹង Boiling Lake នៅ​ប្រទេស​ដូមីនីកា (Dominica)

បឹង​ទឹក​ពុះ​នេះ​អាច​កើន​កម្ដៅ​រហូត​ដល់​ទៅ ៩២ អង្សា​សេ ដោយសារ​តែ​ខ្យល់​ក្ដៅ​ពី​ក្រោម​ដី។

#៣ ទន្លេ Rio Tinto នៅ​ប្រទេស​ព័រទុយហ្គាល់-អេស្ប៉ាញ

ការ​ជីក​ហ្វូស៊ីល ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្បាល​ទន្លេ អស់​រយៈពេល​ជាង ៣ ០០០ ឆ្នាំ បាន​នាំ​ឲ្យ​វា​ជ្រួតជ្រាប​ជា​មួយ​នឹង ស្ពាន់ ដែក និង លោហៈ​ធ្ងន់ៗ​ជាច្រើន។ មិនតែប៉ុណ្ណោះ ទន្លេ​ខាងលើ​ថែមទាំង​មាន​បាក់តេរី ដែល​រួម​បញ្ចូល​គ្នា​ជាមួយ​លោហធាតុ ធ្វើ​ឲ្យ​ទឹក​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ភ្លឺ​ទៀត​ផង។

#២ សមុទ្រ​ទឹកកក Drake Passage

ផ្ទាំង​ទឹកកក​ជាច្រើន បូករួម​ទាំង​ល្បឿន​ខ្យល់​រហូត​ដល់​ទៅ ១៣០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ហើយ​មាន​ចរន្តទឹក​ហូរ​ខ្លាំង និង ភាព​ស្រអាប់ គឺ​ជា​ផ្នែក​មួយ​នៃ​ឧបសគ្គ ដែល​នាវា​ជាច្រើន​ត្រូវ​ឆ្លងកាត់​សមុទ្រ​ទឹកកក​ខាងលើ។

#១ បឹង Lake Kivu

បឹង​មួយ​នេះ​មាន​ស្រទាប់​ឧស្ម័ន​កាបូនិក និង​មេតាន ចំនួន ៥៥ ពាន់​លាន​ម៉ែត្រ​គូប​នៅ​បាត​បឹង។ សូម្បី​តែ​ការ​រញ្ជួយ​ដី​តែ​បន្តិច ក៏​អាច​បណ្តាល​ឲ្យ​កើតមាន​ការ​ផ្ទុះ​ដ៏​ធំ​មួយ​ដែរ៕

ប្រភព៖ Brightside   ប្រែ​សម្រួល៖ សេង ឡុង