អាវុធ​ដ៏​ខ្លាំង​របស់​ Nokia ​នឹង​បង្ហាញ​ខ្លួន​ឆាប់ៗ​ តម្លៃ​ក្រោម ៦០០ ដុល្លារ

  • 2017-07-16 01:56:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ហាង​លក់​រាយ​មួយ​កន្លែង​នៅ​តំបន់​ ​​​​Scandinavian ​នៃ​សហភាព​អឺរ៉ុប​បាន​បង្ហើប​ព័ត៌មាន​ថ្មី​មួយ​ថា​ Nokia 8 ស្មាតហ្វូន​កម្លាំង​ខ្លាំង​របស់​ Nokia នឹង​បង្ហាញ​ខ្លួន​នា​ថ្ងៃ​ទី ៣១ ខែ​កក្កដា​នេះ​ហើយ។ មិន​តែ​ប៉ុណ្ណោះ​ហាង​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ក៏​បាន​បង្ហាញ​ពី​តម្លៃ​លក់​​ផង​ដែរ​គឺ​ ៥៨៩ អឺរ៉ូ ដែល​មាន​ន័យ​ថា​នៅ​សហរដ្ឋអាមេរិក​​តម្លៃ​អាចក្រោម​ ៦០០ ដុល្លារ។

Nokia 3, Nokia 5 និង Nokia 6 ដែលបង្ហាញ​ខ្លួនកន្លងមក

​Nokia 8 ដែល​គ្រោង​នឹង​បង្ហាញ​ខ្លួន​មាន​លេខ​តួ​ម៉ូដែល​ TA-1004 ដោយ​ពី​មុន​មាន​ការ​លើក​ឡើង​ថា​​លេខ​តួ​ម៉ូដែល​នេះ​ជា​ Nokia 9 ប៉ុន្តែ​ប្រភព​ខាង​លើ​បញ្ជាក់​ថា​ឈ្មោះ​ពិត​គឺ Nokia 8។ Nokia 8 រំពឹង​ថា​មាន​បំពាក់​ RAM ទំហំ​ 4 GB, ឈីប​ Snapdragon 835, ប្រើ​ស៊ីម​ពីរ និង មាន​មេមូរី​ក្នុង​ម៉ាស៊ីន 64 GB។ ចំពោះ​អេក្រង់​វិញ​អាច​នឹង​មាន​ទំហំ​ ៥,៣ អ៊ីញ ដែល​បង្ហាញ​រូបភាព​ក្នុង​កម្រិត QuadHD 1440 x 2560។

រំលឹក​ថា​កាល​ពី​ប៉ុន្មាន​ខែ​មុន​មាន​ការ​លេច​ធ្លាយ​វីដេអូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​មួយ​របស់​ Nokia ដោយ​ក្នុង​វីដេអូ​ឃើញ​មាន​ស្មាតហ្វូន​​មួយ​ម៉ូដែល​មិន​ទាន់​បាន​បង្ហាញ​ខ្លួន​​នៅ​ឡើយ ដែល​គេ​សង្ស័យ​ថា​ជា​ Nokia 8។ តាម​វីដេអូ​បង្ហាញ​ថា​ Nokia 8 មាន​បំពាក់​ប្រព័ន្ធ​កាមេរ៉ា​ភ្លោះ។

យ៉ាងណា​​​ព័ត៌មាន​ពី​លក្ខណៈ​សម្បត្តិ​ខាង​លើ​មិន​ទាន់​អាច​ទទួល​យក​នៅ​ឡើយ​ទេ មាន​តែ​ចាំ​ដល់​ពេល​ Nokia 8 បង្ហាញ​ខ្លួន​ក្នុង​អំឡុង​ពេល ២ សប្ដាហ៍​ទៀត៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី