វិទីនី​ ​ប្រាប់​ចំណុច​​ពិសេស​របស់​ខ្លួន​ដែល​អាច​ថត​កុន​បាន

  • 2017-07-17 01:51:42
  • ចំនួនមតិ

ចន្លោះមិនឃើញ

កីឡា​ការិនី​ហែល​ទឹក​ជម្រើស​ជាតិ​កម្ពុជា​ ហែមថុន​ វិទីនី​ បាន​បើក​ភ្លើង​ខៀវ​ឲ្យ​បណ្តាល​ផលិតកម្ម​ និង​ទូរទស្សន៍​​នានា​​ដើម្បី​ទាក់ទង​នាង​យក​ទៅ​ថត​​ខ្សែ​ភាពយន្ត​ បន្ទាប់​ពី​ឱកាស​ពីរ​បី​​លើក​កន្លង​មក​នាង​បាន​បដិសេធ។

កញ្ញា ហែមថុន វិទីនី

​កញ្ញា​ ហែមថុន វិទីនី​បាន​និយាយ​ថា​ ផលិតករ​ភាព​យន្ត​ខ្លះ​​បាន​ទាក់ទង​នាង​ឲ្យ​ថត​ភាពយន្ត​នៅ​ពេល​នាង​​ជាប់​រវល់​សិក្សា​ និង​ចេញ​ទៅ​ហាត់​នៅ​​ប្រទេស​ថៃ​រយៈ​ពេល​១​ឆ្នាំ​កន្លង​មក​ធ្វើ​ឲ្យ​នាង​មិន​អាច​ទទួល​យក​សំណើ​ទាំង​នោះ​បាន។ សំណើ​ពីរ​បី​លើក​កន្លង​មក​ធ្វើ​ឲ្យ​នាង​មាន​ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង។ ទោះ​ជា​បី​ជា​យ៉ាង​ណា​ បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​ និង​​មិន​បាន​ចេញ​ទៅ​ហ្វឹកហាត់​​ហាត់​ក្រៅ​ប្រទេស​ ក៏​ដូច​ជា​មិន​សូវ​មាន​កម្មវិធី​ប្រកួត​ច្រើន​​ក្នុង​រយៈ​ពេល​នេះ​​បាន​​ជំរុញ​ឲ្យ​​​នាង​ចង់​ប្រឡូក​ចូល​សិល្បៈ​ និង​ពិចារណា​ជុំ​វិញ​សំណើ​របស់​ផលិតករ​ភាពយន្ត។

វិទីនី​និយាយ​ថា ៖«តាម​ពិត​ឱកាស​មាន​ច្រើន​ដែល​គេ​ទាក់​ទង​ថត​ខ្សែ​ភាពយន្ត​។ ឲ្យ​ខ្ញុំ​ថត​ដូច​ជា​តួ​ប៉ូលិស​ ឬ​តួ​បាញ់​បោះ​លោត​ពី​លើ​ឡាន​អី​ជា​ដើម​ ​តែ​ចំណាយ​ពេល​៣​ខែ​​ដើម្បី​ទៅ​ថត​នៅ​តាម​ដង​ភ្នំក្រវាញ។ អីចឹង​ខ្ញុំ​បដិសេធ​ម្តង​ហើយ​ ហើយ​លើក​ទី​ពីរ​ ក៏​គេ​​ហៅ​ទៀត។ កាល​ហ្នឹង​ខ្ញុំ​ជាប់​រៀន​ ​រៀន​គ្រូ​កីឡា​​​ព្រឹក​ល្ងាច។ មក​ក្រោយ​ទៀត​ ខ្ញុំ​ជាប់​ហាត់​នៅ​ថៃ​ អីចឹង​ទៅ​ខ្ញុំ​ពិត​ជា​សោក​ស្តាយ​ដែល​បាត់​បង់​ឱកាស​ ពី​ព្រោះ​ខ្ញុំ​គិត​ថា​ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​មាន​សមត្ថភាព​ ឬ​សម្រស់​ស្រស់​ស្អាត​​​ដែល​អាច​លេង​កុន​ឈុត​ស្នេហា​ផ្អែម​ល្ហែម​អី​ទេ​ តែ​​ខ្ញុំ​គិត​ថា​ ​បើ​សិន​ជា​ខ្ញុំ​​សម្ដែង​លក្ខណៈ​វ៉ៃ​ដំ​ ទាត់​ធាក់​ ឬ​ក៏​ជា​រឿង​អី​ដែល​ទាក់ទង​ជា​មួយ​ទឹក​ណា​បង។ ខ្ញុំ​គិត​ថា​ សមត្ថភាព​ខ្ញុំ​មាន​ ហើយ​សប្បាយ​ចិត្ត​នឹង​ធ្វើ។ ខ្ញុំ​អត់​សូវ​​ខ្លាច​ទេ​។ ខ្ញុំ​ចូល​ចិត្ត​ខាង​ហ្នឹង។ ខ្ញុំ​មាន​ពេល​វេលា​អាច​ធ្វើ​បាន​ខ្លះ​ៗ​ហើយ​បង។ បើ​មាន​ក្រុម​ហ៊ុន​ណា​ទាក់ទង​ ខ្ញុំ​នឹង​គិត​ពិចារណា​​ថា​តើ​ ឈុត​ឆាក​ហ្នឹង​ខ្ញុំ​អាច​ធ្វើ​បាន​អត់? ខ្ញុំ​នឹង​សម្រេច​ធ្វើ»។

កញ្ញា ហែមថុន វិទីនី

​កីឡា​ការិនី​ដែល​មាន​រូប​សម្បត្តិ​ស្រស់​ស្អាត​ និង​បទ​ពិសោធន៍​ហែល​ទឹក​ច្រើន​ឆ្នាំ​បន្ថែម​ថា​ ក្រៅ​ពី​មាន​ពេល​វេលា​អាច​ចូល​សិល្បៈ​បាន​ និង​លក្ខណៈ​ពិសេស​​របស់​ខ្លួន​ដែល​អាច​សម្តែង​ភាព​យន្ត​បាន​ ក៏​មាន​កូន​សិស្ស​ហែល​ទឹក​ជា​ច្រើន​ដែល​ជា​​អ្នក​សិល្បៈ​បាន​ជំរុញ​ឲ្យ​រូប​នាង​ចូល​សិល្បៈ​ដែរ។ នេះ​ក៏​ជា​ផ្នែក​មួយ​ដែល​ជំរុញ​ឲ្យ​នាង​ចង់​ប្រឡូក​ចូល​​វិស័យ​សិល្បៈ៕

ស្តាប់​ការ​លើក​ឡើង​របស់ ហែមថុន វិទិនី


អត្ថបទ៖ ជាន ចាន់រ៉ា