ពិធីចម្រើនព្រះជន្មផ្លូវការ របស់ស្តេចម៉ាឡេស៊ី ត្រូវផ្លាស់ប្តូរកាលបរិច្ឆេទ ជាលើកទី២ ដោយសារ...

  • 2017-07-16 07:11:41
  • ចំនួនមតិ

ចន្លោះមិនឃើញ

យោង​តាម​សេចក្ដីថ្លែងការណ៍ ដែល​បាន​ចេញ​ផ្សាយ​ដោយ​នាយកដ្ឋាន​នាយករដ្ឋមន្ត្រី កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ កន្លង​ទៅ​នេះ បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​យល់​ព្រម​ផ្លាស់ប្ដូរ កាលបរិច្ឆេទ​នៃ​ការ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​ស្ដេច Yang di-Pertuan Agong Sultan Muhammad V ពី​ថ្ងៃ​សៅរ៍ ទី​២៩ ខែ​កក្កដា ឆ្នាំ​២០១៧ ទៅ ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កញ្ញា ឆ្នាំ​២០១៧ វិញ។

ស្ដេចម៉ាឡេស៊ី Yang di-Pertuan Agong Sultan Muhammad V

នេះ​គឺ​ជា​លើក​ទី​២ ហើយ​នៅ​ឆ្នាំ​នេះ ដែល​កាលបរិច្ឆេទ​នៃ​ពិធី​ចម្រើន​ព្រះជន្ម​ជា​ផ្លូវការ​របស់​ស្ដេច​ម៉ាឡេស៊ី​អង្គ​នេះ ត្រូវ​បាន​ផ្លាស់ប្ដូរ។ គួរ​រំលឹក​ថា កាល​ពី​ខែ​មេសា ការ​ផ្លាស់ប្ដូរ​លើក​ទី​១ ត្រូវ​បាន​គេ​ប្រកាស​ថា ពិធី​ចម្រើន​ព្រះជន្ម​ជា​ផ្លូវការ នឹង​ត្រូវ​ផ្លាស់ប្ដូរ​ពី​សៅរ៍​ដំបូង​នៃ​ខែ​មិថុនា ទៅ​ថ្ងៃសៅរ៍​ចុងក្រោយ​បង្អស់​នៃ​ខែ​កក្កដា វិញ។

វិសោធនកម្ម​នេះ​នឹង​មាន​សុពលភាព សម្រាប់​រយៈពេល ៥ ឆ្នាំ ក្រោម​ការ​គ្រប់គ្រង​របស់​ស្តេច Yang di-Pertuan Agong Sultan Muhammad V ពី​ឆ្នាំ​២០១៧ ដល់ ឆ្នាំ២០២១។

គួរ​បញ្ជាក់​ថា វិសោធនកម្ម​នេះ​ត្រូវ​បាន​គេ​សម្រេច​ឡើង ដោយសារ​តែ​ថ្ងៃ​សៅរ៍​ដំបូង​នៃ​ខែ​មិថុនា នៅ​ក្នុង​ឆ្នាំ​២០១៧ , ២០១៨ និង ២០១៩ សុទ្ធតែ​ស្ថិត​នៅ​ក្នុង​ខែ​រ៉ាម៉ាដាន (Ramadan) ដែល​ជា​ខែ​ទី ៩ នៃ​ប្រតិទិន​អ៊ីស្លាម។

ទោះ​បី​ជា​យ៉ាង​ណា ជាមួយ​នឹង​ការ​ធ្វើ​វិសោធនកម្ម​នេះ ការ​ប្រារព្ធ​ពិធី​ចម្រើន​ព្រះជន្ម​របស់​ស្ដេច Yang di-Pertuan Agong Sultan Muhammad V អាច​ត្រូវ​បាន​ប្រារព្ធ​ឡើង​រួមគ្នា​ជាមួយ​សាធារណជន៕


ប្រភព៖ Asiaone ប្រែ​សម្រួល៖ សេង ឡុង