បាងកក​ ជា​ទីក្រុង​មាន​អ្នក​លេង Facebook ច្រើន​ជាង​គេ​លើ​លោក

  • 2017-07-16 07:14:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​​​​​​​​​​​​​​​Facebook បាន​បញ្ចេញ​របាយការណ៍​ថ្មី​ចុង​ក្រោយ​មួយ​បង្ហាញ​ពី​ស្ថិតិ​​មួយ​​ចំនួន​ពី​អ្នក​ប្រើ​បណ្ដាញ​សង្គម​នេះ​នៅ​លើ​ពិភពលោក។

របាយការណ៍​​ដែល​គិត​ត្រឹម​ខែ​កក្កដា​បង្ហាញ​ថា​ប្រទេស​ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់ Facebook គឺ​ប្រទេស​ឥណ្ឌា​ដែល​មាន​សរុប​ ២៤១ លាន​នាក់ តាម​ពី​ក្រោយ​ដោយ​សហរដ្ឋអាមេរិក​មាន​ចំនួន​អ្នក​ប្រើ​ ២៤០ លាន​នាក់។ នៅ​រយៈពេល​ ៦ ខែ​កន្លង​ទៅ​នេះ​អ្នក​ប្រើ Facebook សរុប​នៅ​ប្រទេស​ឥណ្ឌា​កើន​ឡើង ២៧% (៥០ លាន​នាក់) ចំណែក​ឯ​អាមេរិក​កើន​ឡើង​ ១២% (២៦ លាន​នាក់)។ ហេតុ​នេះ​ធ្វើ​​ឲ្យ​សហរដ្ឋអាមេរិក​ធ្លាក់​មក​នៅ​លេខ​ ២ ចំណែក​ឥណ្ឌា​​ចេញ​​ពី​​តំណែង​លេខ​ ២ ​ទៅ​គ្រង​តំណែង​លេខ​ ១ វិញ​ម្ដង។

​​​​​​បើ​ក្រឡេក​មើល​ទិន្នន័យ​ប្រចាំ​ទីក្រុង​វិញ​ឃើញ​ថា​ទីក្រុង​បាងកក​ស្ថិត​នៅ​លំដាប់​កំពូល​ដោយ​មាន​អ្នក​ប្រើ​សរុប​ ៣៥ លាន​នាក់​ឯណោះ ស្រប​ពេល​ដែល​​ប្រជាជន​សរុប​ប្រចាំ​ទីក្រុង​នេះ​មាន​មិន​ដល់ ១០ លាន​នាក់​ផង។ នេះ​មាន​ន័យ​ថា​អ្នក​ប្រើ​ប្រាស់​ម្នាក់​​អាច​មាន​គណនី​​លើស​ពី​ ១។ ចំណែក​​លំដាប់​ទីពីរ​គឺ​ទីក្រុង​ហ្សាកាតា​​ប្រទេស​ឥណ្ឌូណេស៊ី​ដែល​មាន​អ្នក​ប្រើ​ប្រាស់​​សរុប​ ២៦ លាន​នាក់។ ក្នុង​នោះ​ក៏​ឃើញ​វត្តមាន​ទីក្រុង​ហូជីមិញ​នៅ​លំដាប់​ថ្នាក់​ទី ១០ ជា​មួយ​អ្នក​ប្រើ​ប្រាស់​សរុប​ ១៤ លាន​នាក់​ផង​ដែរ។

រំលឹក​ថា​​កាល​ពី​ប៉ុន្មាន​សប្ដាហ៍​មុន​ Facebook បាន​ប្រកាស​ពី​សមិទ្ធផល​ដ៏​ធំ​មួយ​ដែល​ទើប​ទទួល​បាន​ ដោយ​ចំនួន​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​សង្គម​យក្ស​នេះ​ បាន​កើន​ឡើង​ដល់​ ២ ពាន់​លាន​នាក់៕​​​​​​

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ សុខហេង