សត្វ​ឆ្កែ​ចូលចិត្ត​ហាល​ថ្ងៃ​ តាម​ពិត​ព្រោះ​ចង់​ស្រូប​វីតាមីន D

  • 2017-07-16 07:58:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រហែល​ជា​ចាប់​អារម្មណ៍​ហើយ​ថា​សត្វ​ឆ្កែ​ចូលចិត្ត​ដេក​ហាល​ថ្ងៃ​ណាស់ ទោះ​បី​ជា​​ម៉ោង ១២ ថ្ងៃ​ត្រង់​ដែល​ពេល​ក្ដៅ​បំផុត​ក៏​សត្វ​ចិញ្ចឹម​មួយ​នេះ​​​​ ពេល​ខ្លះ​ទៅ​​ដេក​ក្រោម​កម្ដៅ​ថ្ងៃ​ដែរ។ តាម​ពិត​សត្វ​ឆ្កែ​ចូលចិត្ត​ដេក​ហាល​ថ្ងៃ ដោយ​សារ​វា​មាន​អារម្មណ៍​ល្អ អាច​ស្រូប​យក​វីតាមីន D ហើយ​កម្ដៅ​ថ្ងៃ​អាច​ជួយ​សម្រួល​ដល់​សីតុណ្ហភាព​ខ្លួន​វា​។ ​

អត្ថប្រយោជន៍​នៃ​វីតាមីន D សម្រាប់​សត្វ​ឆ្កែ

​ វីតាមីន D អាច​​ចាត់​ទុក​ជា​អ័រម៉ូន​ហើយ​ក៏​ជា​វីតាមីន​ដែរ ព្រោះ​សត្វ​ឆ្កែ​មិន​អាច​ស្រូប​យក​កាល់ស្យូម​បាន​ឡើយ​បើ​​គ្មាន​​វីតាមីន​ D ហើយ​រាងកាយ​របស់​​សត្វ​ឆ្កែ​មាន​​​ប្រតិកម្ម​យ៉ាង​ល្អ​ជា​មួយ​ពន្លឺ​ព្រះអាទិត្យ​។ វីតាមីន D ត្រូវ​បាន​រក្សា​ទុក​ក្នុង​ជាលិកា​ខ្លាញ់ និង​ថ្លើម​។ វា​ជួយ​ធ្វើ​អោយ កាល់ស្យូម និង​ហ្វូស្វ័រ​មាន​តុល្យភាព​ក្នុង​រាងកាយ​។ វីតាមីន D ក៏​សំខាន់​ផង​ដែរ សម្រាប់​ការ​លូតលាស់​ឆ្អឹង សាច់ដុំ និង​សរសៃ​ប្រសាទ​។ ភាគ​ច្រើន​សត្វ​ឆ្កែ​ទទួល​វីតាមីន D ​បាន​ពី​របប​អាហារ និង​ពន្លឺ​ព្រះអាទិត្យ។

សត្វ​ឆ្កែ​ពេល​ដេក​ហាល​ថ្ងៃ

​ ពេល​មនុស្ស​ស្ថិត​ក្រោម​ព្រះអាទិត្យ​ដោយ​ផ្ទាល់​ខ្លាញ់​លើ​ស្បែក​នឹង​មាន​ប្រតិកម្ម​ជា​មួយ​កាំរស្មី UV ដោយ​បំបែក​សមាសធាតុ​គីមី ហើយ​បង្កើត​បាន​វីតាមីន D3។ បន្ទាប់​មក​វា​នឹង​ចូល​ក្នុង​រាងកាយ និង​ឈាម តាម​រន្ធ​ញើស ​ដោយ​​ចំណាយ​ពេល​ប្រហែល ១៥ នាទី ទៅ ២០ នាទី។

សត្វ​ឆ្កែ​ក៏​មាន​ប្រតិកម្ម​​សារធាតុ​គីមី​លើ​ស្បែក​ដូច​នឹង​មនុស្ស​ដែរ ដែល​អាច​បម្លែង​ទៅ​ជា​វីតាមីន D3 ក្រោម​ពន្លឺ​ព្រះអាទិត្យ​។ ប៉ុន្តែ​វីតាមីន D3 មិន​អាច​ចូល​ក្នុង​រាងកាយ​របស់​វា​បាន​ពេញ​លេញ ដោយ​សារ​​វា​​តែ​​រោម ​ប៉ុន្តែ​វា​អាច​យក​វីតាមីន​ D3 តាម​តាម​រយៈ​ការ​លិឍ​រោម និង​ខ្លួន​របស់​វា។ 

យ៉ាងណាក្ដី​ប្រភព​វីតាមីន​ D ដ៏​សំខាន់​របស់​សត្វ​ឆ្កែ​មិន​មែន​ជា​ពន្លឺ​ព្រះអាទិត្យ​ឡើយ ប្រភព​ដ៏​សំខាន់​នោះ​តាម​របប​អាហារ​។ ពេល​ក្រោយ ពេល​អ្នក​ឃើញ​សត្វ​ឆ្កែ​​លិឍ​សំអាត​ខ្លួន វា​មិន​មែន​ធ្វើ​អោយ​មើល​​​នោះ​ទេ តែ​វា​កំពុង​ទទួល​យកវីតាមីន D ផង​ដែរ។ 

បើ​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក អាច​ប៉ះពាល់​ដល់​សត្វ​ឆ្កែ​អត់​?

សត្វ​ឆ្កែ​ងាយ​នឹង​គ្រោះ ពេល​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​ខ្លាំង​ពេក ដែល​អាច​រលាក​ស្បែក និង​មហារីក​ស្បែក ជា​ពិសេស​ពូជ​ឆ្កែ​ដែល អត់​រោម រោម​ខ្លី និង​រោម​ដែល​មាន​ពណ៌​ស និង​ខ្មៅ។ ដូច្នេះ​អ្នក​ត្រូវ​ប្រាកដ​ថា វា​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​សម​ល្មម ឬ​កុំ​ស្ថិត​ក្រោម​ពន្លឺ​ព្រះអាទិត្យ​យូរ​ពេក៕

ប្រភព៖ PuppyLeaks   ប្រែសម្រួល ៖ ប៊ុន ធឿន