កីឡាករ Muangthong ​ស៊ុត​៣​គ្រាប់​ម្នាក់​ឯង​យប់មិញ ​ប្រៀបធៀប​១០​នាក់​ដំបូងនិង ១០នាក់ចុងក្រោយរបស់កម្ពុជា

  • 2017-07-17 02:11:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Leandro Assumpcao ​ដែល​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ក្នុង​ជ័យ​ជម្នះ ៤-០ ​លើ​ក្រុម Cambodia All Stars ​កាល​ពី​យប់មិញ​នេះ ​បាន​និយាយ​ថា​ក្រុម​ឈុត​ទី​២​ដែល​ចូល​លេង​គឺ​ល្អ​ជាង​ឈុត​ដំបូង​សម្រាប់​ក្រុម​តំណាង​កម្ពុជា។

ខ្សែ​ប្រយុទ្ធ​ Leandro Assumpcao

Cambodia All Stars ​ដាក់​កីឡាករ​ឱ្យ​ចូល​លេង​បាន​ទាំង​អស់​គ្នា ពោល​គឺ​ចាប់​ផ្ដើម​ដំបូង​មាន​កីឡាករ​បរទេស​និង​ខ្មែរ​ខ្លះ ប៉ុន្តែ​ក្រោយ​ពី​គេ​ស៊ី​បាន​៣​គ្រាប់​ហើយ ​លោក Leonardo Vitorino ​បាន​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​ដល់​ទៅ​១០​នាក់​ចេញ ដើម្បី​ដាក់​កីឡាករ​ថ្មី​ចូល។ កីឡាករ​ចំណូល​ថ្មី​ទាំង​១០​នាក់​នោះ​ហើយ ​បាន​ធ្វើ​ឱ្យ​ក្រុម SCG Muangthong United ​ពិបាក​ក្នុង​ការ​គ្រប់គ្រង​បាល់​បន្ដិច ព្រោះ​ពួកគេ​មាន​ចង្វាក់​លេង​លឿន ខុស​ពី​ក្រុម​ឈុត​ទី១។

ឈុតទី១កម្ពុជា

ទាក់ទង​ទៅ​នឹង​ការ​ផ្លាស់ប្ដូរ​នេះ​ដែរ ខ្សែ​ប្រយុទ្ធ Leandro ​បាន​បង្ហាញ​ចំណាប់​អារម្មណ៍​ក្រោយ​ប្រកួត​ថា​៖ “ក្រុម​កីឡាករ​កម្ពុជា ​មាន​សមត្ថភាព​ទាំង​អស់ ពួកគេ​លេង​បាន​ល្អ។ ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ ​គឺ​ក្រុម​ចូល​លេង​លើក​ទី​២ ​ល្អ​ជាង​លើក​ទី​១ ព្រោះ​ពួកគេ​មាន​ការ​ដណ្ដើម​បាល់​លឿន​”។

ចំពោះ​លោក Leonardo ​វិញ ​បាន​ប្រាប់​មូលហេតុ​ដែល​ធ្វើ​ការ​ផ្លាស់ប្ដូរ​កីឡាករ​ច្រើន​យ៉ាង​នេះ​ថា​មក​ពី​លោក​ចង់​ឃើញ​កីឡាករ​កម្ពុជា​ដែល​ត្រូវ​ចូល​លេង​ពាន U23 ​នា​ថ្ងៃ​១៩​ខាង​មុខ​នេះ ​បាន​បង្ហាញ​សមត្ថភាព។ លោក ​មិន​គិត​ត្រឹម​ប្រកួត​មិត្តភាព​មួយ​នេះ​ទេ ប៉ុន្តែ​លោក​គិត​ដល់​ប្រកួត​ផ្លូវការ​ 2018 AFC U-23 Championship qualification ដោយ​កម្ពុជា​ស្ថិត​ក្នុង​ពូល​ជាមួយ​ក្រុម​ខ្លាំង​ៗ​ដូចជា U23 ជប៉ុន ​ចិន ​និង​ហ្វីលីពីន។

ក្រុម Cambodia All Stars ​កាល​ពី​យប់មិញ ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម SCG Muangthong United ​ក្នុង​លទ្ធផល ៤-០ ​ដោយ​កីឡាករ Leandro Assumpcao ​រក​បាន​៣​គ្រាប់​និង​កីឡាករ​ Ratchapol ​១​គ្រាប់៕

អត្ថបទ៖ មុន្នីរម្យ

អត្ថបទថ្មី