អាជ្ញាធរ​​សៀមរាប គ្រោងដាក់​កាមេរ៉ា​សុវត្ថិភាព ៣០ បន្ថែម​ជុំវិញ​តំបន់​ផាប់ស្ទ្រីត

  • 2017-07-17 03:58:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយក​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប លោក នួន ពុទ្ធារ៉ា បាន​ឲ្យ​ Sabay ​ដឹង​ថា អាជ្ញាធរ​ខេត្តសៀម​រាប​គ្រោង​នឹង​បង្កើន​​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៣០​បន្ថែម​ទៀត លើ​កាមេរ៉ា​ចំនួន ២៣ ដែល​មាន​ស្រាប់​កំពុង​ដាក់​នៅ​តាម​ទីតាំង​សំខាន់ៗ​ជុំវិញ​តំបន់​ផាប់ស្ទ្រីត។

ថតដោយ រស់ សុជាតិ

ការ​ដាក់​បន្ថែម​កាមេរ៉ា​សុវត្ថិភាព​ឲ្យ​កើន​សរុប​ដល់ ៥៣​​ទីតាំង​ គឺ​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​សន្តិសុខ និង​សណ្ដាប់ធ្នាប់​នៅ​តំបន់ ដែល​មាន​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិ​សាសន៍ ទៅ​លេង​កម្សាន្ត​នា​ពេល​រាត្រី​មួយ​នេះ។

អ្នកស្រី ដួង ថាវរី ស្នងការ​រង​នគរបាល​ខេត្ត​សៀមរាប ទទួល​បន្ទុក​ប្រធាន​ក្រុម​ទី៧ នៃ​ទី​បញ្ជាការ​ស្រាល​ឈរ​ជើង​នៅតំបន់​ផាប់ស្ទ្រីត បាន​ឲ្យ​ដឹង​ថា ការ​ដាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​ជុំវិញ​តំបន់​ផាប់ស្ទ្រីត​ពិត​ជា​មាន​​សារៈសំខាន់​សម្រាប់​ការងារ​គ្រប់គ្រង​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​តំបន់​នេះ ព្រោះ​កងកម្លាំង​ប្រចាំ​ការ​អាច​ស្រាវជ្រាវ​ឡើងវិញ​នូវ​រឿងហេតុ​ដែល​កើតឡើង ឬ​ការ​បាត់​បង់ទ្រព្យ​សម្បត្តិ​របស់​ភ្ញៀវ​ទេសចរ​ជាដើម។ ជា​មួយ​គ្នា កាមេរ៉ា​សុវត្ថិភាព ក៏បាន​ផ្ដល់​ភាព​ងាយស្រួល​ក្នុង​ការ​បញ្ជូន​ព័ត៌មាន​ពី​ការ​កកស្ទះ​ចរាចរណ៍​ផង​ដែរ។

គួរ​​បញ្ជាក់​ថា ក្នុង​មួយ​រាត្រី​មាន​ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ទៅ​លេង​កម្សាន្ត​នៅ​តំបន់​ផាប់ស្ទ្រីត​​ចន្លោះពី៣ ទៅ៥ពាន់នាក់ ហើយ​ប្រសិន​បើ​ថ្ងៃ​បុណ្យទាន​ធំៗ ចំនួន​ភ្ញៀវ​ទៅលេង​តំបន់​ភ្លើង​ចម្រុះ​ពណ៌​នេះ​នឹង​កើន​ឡើង​ដល់​ច្រើន​ម៉ឺននាក់​។ នេះ​បើ​តាម​ការ​បញ្ជាក់​បន្ថែម​ពី​លោក នួន ពុទ្ធារ៉ា នាយក​រដ្ឋបាល​សាលា​ខេត្ត​សៀមរាប៕

អត្ថបទ៖ រស់ សុជាតិ