ឃួន​ ឡាបូរ៉ាវី៖​ ចាញ់​យប់​មិញ​កម្រិត​កីឡាករ​កម្ពុជា​មិន​ទាន់​ដល់​គេ​ទេ

  • 2017-07-17 07:30:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​របស់​ Cambodia All Stars​ ឃួន​ ឡាបូរ៉ាវី​ ថា​ក្រុម​កម្ពុជា​ចាញ់​យប់មិញ​នេះ​ ព្រោះ​កម្រិត​សមត្ថភាព​នៅ​មិន​ទាន់​​ដល់​ក្រុម​ភ្ញៀវ​ SCG Muangthong United​ ទេ​ ពួកគេ​មាន​បច្ចេកទេស​ខ្ពស់​និង​រួម​ផ្សំ​កីឡាករ​បរទេស​ល្អ​ច្រើន​ទៀត​ផង។​

ខ្សែ​ប្រយុទ្ធ​ ឃួន​ ឡាបូរ៉ាវី​

ខ្សែ​ប្រយុទ្ធ​មក​ពី​ក្រុម​បឹងកេត​ ឃួន​ ឡាបូរ៉ាវី​ បាន​ឲ្យ​ដឹង​ក្រោយ​ការ​ប្រកួត​ថា​ ក្រុម​ភ្ញៀវ​ SCG Muangthong United​ ពួកគេ​ជា​ក្រុម​ខ្លាំង​មួយ​របស់​ថៃ​ ហើយ​ក្រុម​នេះ​កម្រិត​របស់​គេ​លេង​ក្នុង​ពាន​រង្វាន់ AFC Champions League​ ទៀត​ផង។​ សម្រាប់​ការ​ប្រកួត​លើក​នេះ​ខុស​ពី​ឆ្នាំ​មុន​ខ្លាំង​ បើ​ទោះ​ជា​ពួក​គេ​មិន​នាំ​កីឡាករ​មក​ច្រើន​ក្ដី​ តែ​គេ​មាន​កីឡាករ​បរទេស​៥រូប​ដែល​លេង​នេះ​គឺ​ល្អ​ខ្លាំង​ ហើយ​តាម​ការ​សម្គាល់​និង​ចាប់​អារម្មណ៍​ជាង​គេ​គឺ​កីឡាករ​លេខ៧​តែ​ម្ដង​ ទាំង​ការ​អូស​បាល់​ និង​ចែក​បាល់​ឲ្យ​ដៃ​គូ​ពិត​ជា​ល្អ។​

Cambodia All Stars
SCG Muangthong United

កីឡាករ​ជើង​ចាស់​រូប​នេះ​បន្ត​ថា​ ការ​ប្រមូល​ផ្ដុំ​ហ្វឹកហាត់​ខាង​កម្ពុជា​នេះ​ក៏​មាន​រយៈពេល​តិច​ពេក​ ដូច​នេះ​ជា​ហេតុ​លេង​ទៅ​មិន​សូវ​យល់​ចិត្ត​គ្នា​ ប៉ុន្តែ​នៅ​ពេល​ដែល​ដាក់​យុវជន​ក្រោយ​នេះ​ហាក់​លេង​ល្អ​និង​យល់​ចិត្ត​គ្នា​ឡើង​វិញ​ ព្រោះ​ពួក​គេ​បាន​ហ្វឹកហាត់​ជា​មួយ​គ្នា​រយៈ​ពេល​យូរ។​

កីឡាកររបស់ SCG Muangthong United

ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ Cambodia All Stars​ និង​ SCG Muangthong United​ យប់​មិញ​នេះ​ ក្រុង​ភ្ញៀវ​យក​ឈ្នះ​ដោយ​លទ្ធផល​ ៤-០​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​