ស៊យ​ធំ​ហើយ! ​បើ​គិត​ថា​រៀប​ចំ​មុខ​ផ្ទះ​ស្ដុក​រញ៉េរញ៉ៃ​ពេក​ អាច​រក​ស៊ី​ឡើងនោះ

  • 2017-07-17 07:40:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​ឲ្យ​រក​ស៊ី​មាន​បាន អ្នក​មិន​ត្រូវ​រៀប​ចំ​ទីធ្លា​មុខ​ផ្ទះ​ស្ដុក​ពេក ឬ​មាន​របស់​របរ​ច្រើន​ពេក​នោះ​ទេ។ នេះ​បើ​តាម​សម្ដី ឡុង ណាលី អ្នកគ្រូ​ហុងស៊ុយ​លេច​មុខ​ជា​ប្រចាំ​នៅ​ទូរទស្សន៍ PNN និយាយ​ក្នុង​កម្មវិធី​ជួប​ជុំ​កូន​សិស្ស​នៃ​ស្ថាប័ន ម៉ាស្ទ័រ ណាលី ហុងស៊ុយ នៅ​ល្ងាច​ថ្ងៃ​ទី​១៥ កក្កដា សណ្ឋាគារ​ភ្នំពេញ។

ក្នុង​ពិធី​ជួបជុំ​នេះ​មាន​ការ​ចូលរួម​ពី​កូន​សិស្ស​ជំនិតៗ​ប្រមាណ ១០០ នាក់ ដែល​ជា​អ្នក​រក​ស៊ី​តូច​ធំ ព្រម​ទាំង​តារាៗ​មួយ​ចំនួន​ផង​ដែរ ដោយ​ក្នុង​នោះ​មាន​អ្នក​ខ្លះ​មក​ពី​ខេត្ត​ដើម្បី​ចូល​រួម​តែ​ម្ដង ព្រោះ​ក្រៅ​ពី​ការ​ញ៉ាំ​អាហារ រាំ​លេង​សប្បាយ ក៏​បង្រៀន​បង្ការ​ស៊យ និង​មូលដ្ឋាន​គ្រឹះ​ហុងស៊ុយ​ផង​ដែរ។

គ្រូ​ហុងស៊ុយ​វ័យ ៣៨ឆ្នាំ ជា​អគ្គនាយក​ស្ថាប័ន​ម៉ាស្ទ័រ ណាលី ហុងស៊ុយ ដែល​បញ្ចប់​ការ​សិក្សា​ពី​បរទេស​នេះ បាន​ប្រាប់​ពី​វិធី​បង្ការ​ស៊យ​ថា កត្តា​មនុស្ស​រួម​ចំណែក ៣០% កត្តា​ព្រហ្មលិខិត(ថ្ងៃ​ខែ​ឆ្នាំ​កំណើត) ៣០% កត្តា​ហុងស៊ុយ ៣០% និង​កត្តា​លេខ​ទូរសព្ទ ១០% ហើយ​ស៊យ​កើត​មាន​បើ​កត្តា​ណា​មួយ​អន់​ថយ។ ដូចនេះ បើ​ដឹង​ថា​កត្តា​ណា​ធ្លាក់​ចុះ​ហើយ​នោះ អ្នក​គួរ​ធ្វើ​អ្វី​ឲ្យ​កត្តា​ទាំង ៣ ផ្សេង​ទៀត​ឡើង​ខ្លាំង ដើម្បី​ជួយ​យោង​គ្នា។

យ៉ាង​ណា​ក្ដី អ្នក​គ្រូ​ក៏​បាន​រំលឹក​ថា មុន​នឹង​ឈាន​ទៅ​កែ​ព្រហ្ម​លិខិត ឬ​ហុងស៊ុយ អ្នក​គួរ​តែ​កែ​កត្តា​មនុស្ស គឺ​ខ្លួន​ឯង​ជាមុន​សិន ព្រោះ​ទោះ​បី​ជា​កត្តា​ទាំង ២ នេះ​ល្អ​ប៉ុណ្ណា​ក៏​ដោយ បើ​ខ្លួន​ឯង​មិន​ធ្វើ​អី មិន​ចេះ​អី​នោះ​ក៏​មិន​អាច​នាំ​លាភ​សំណាង​មក​បាន​ដែរ៕

អត្ថបទ៖ វិទូ