កោះដ៏ស្រស់ស្អាត គេបោះបង់ចោល៧៥ឆ្នាំ គ្មានអ្នកហ៊ានចូល ព្រោះប្រវត្តិសាស្ត្រ និងអាថ៌កំបាំងដ៏ខ្មៅងងឹត

  • 2017-07-17 09:16:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​លើ​ពិភពលោក​យើង​នេះ មាន​កោះ​ជា​ច្រើន​ដែល​គ្មាន​មនុស្ស​រស់នៅ។ កោះ​មួយ​ចំនួន​មិន​អាច​រស់​នៅ​បាន ដោយសារតែ​ស្ថិត​នៅ​ដាច់​ស្រយាល​ពេក ខណៈ​ខ្លះ​ទៀត មក​ពី​ហេតុផល​បរិស្ថាន។

កោះ Gruinard Island

ប៉ុន្តែ មាន​កោះ​មួយ​ពោរពេញ​ទៅ​ដោយ​ប្រវត្តិសាស្ត្រ និង​អាថ៌កំបាំង​ខ្មៅ​ងងឹត ធ្វើ​ឲ្យ​មនុស្ស​មិន​ហ៊ាន​ចូល​ទៅ​លើ​កោះ​នោះ​ឡើយ។ វា​មាន​ឈ្មោះ Gruinard Island គឺ​កោះ​តូច​មួយ ស្ថិត​នៅ​ប្រហែល ០,៦ គីឡូម៉ែត្រ​ពី​ភាគ​ពាយព្យ នៃ​ប្រទេស​ស្កុតឡែន។

នៅ​ក្នុង​អំឡុង​សង្គ្រាម​លោក​លើក​ទី ២ ចក្រភពអង់គ្លេស បាន​ភ័យ​ខ្លាច​ការ​វាយប្រហារ​ដោយ​សារធាតុគីមី។ ដូច្នេះ​ហើយ ពួកគេ​បាន​សម្រេចចិត្ត​ធ្វើ​ការ​សាកល្បង អាវុធ​គីមី​របស់​ពួកគេ ដែល​មាន​ឈ្មោះ​ថា «Anthrax»។ នៅ​ក្នុង​ឆ្នាំ ១៩៤២ កោះ​ដែល​មាន​សន្តិភាព​ខាង​លើ បាន​ក្លាយ​ជា​ទីតាំង​ធ្វើ​តេស្ត​សង្គ្រាម​ជីវសាស្ត្រ ដោយ​កងកម្លាំង​អង់គ្លេស។

ក្រុម​អ្នក​ស្រាវជ្រាវ បាន​នាំ​យក​សត្វ​ចៀម ចំនួន ៨០ ក្បាល​ទៅ​លើ​កោះ Gruinard Island រួច​សាកល្បង​ធ្វើ​តេស្ត​សារធាតុ​គីមី​ម្យ៉ាង​ហៅថា «Vollum 14578»។ រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក សត្វ​ចៀម​ទាំង​អស់ ដែល​ប៉ះពាល់​នឹង​សារធាតុ​គីមី បាន​ចាប់ផ្ដើម​ងាប់​ដោយសារ​តែ​ការ​ឆ្លង​មេរោគ។

យោង​តាម​ក្រុម​អ្នក​វិទ្យាសាស្ត្រ បាន​ឲ្យ​ដឹង​ថា ការ​បញ្ចេញ​សារធាតុគីមី​ខាងលើ មិន​ត្រឹមតែ​អាច​សម្លាប់​ប្រជាជន​អាល្លឺម៉ង់​ទាំង​អស់​នោះ​ទេ ប៉ុន្តែ​ថែមទាំង​ធ្វើ​ឲ្យ​ពួកគេ មិន​អាច​រស់​នៅ​បាន​ជា​ច្រើន​ទសវត្ស​ទៀត​ផង។

ក្រោយ​ពេល​សង្គ្រាម​បាន​បញ្ចប់ នៅ​ឆ្នាំ ១៩៤៥ ម្ចាស់​ដើម ចង់​ទិញ​កោះ​នោះ​ត្រលប់​មក​វិញ ប៉ុន្តែ​រដ្ឋាភិបាល​បាន​និយាយ​ថា វា​មាន​ភាព​កខ្វក់​ពេក (ចម្លង​មេរោគ)។ កោះ​នោះ​ត្រូវ​តែ​សម្អាត និង​ប្រកាស​ថា​មាន​សុវត្ថិភាព​ជា​មុន​សិន មុន​ពេល​មនុស្ស និង​សត្វ​រស់​នៅ។

ទោះ​បី​ជា​យ៉ាង​ណា ដោយសារ​តែ​វា​មាន​គ្រោះថ្នាក់​ខ្លាំង​ពេក ហើយ​ត្រូវ​ចំណាយ​ច្រើន​ក្នុង​ការ​កម្ចាត់​សារធាតុគីមី ដែល​អាច​ចម្លង​រោគ​ចេញ ដូច្នេះ​កោះ​នោះ​ត្រូវ​បាន​រដ្ឋាភិបាល​បិទ​ចោល និង​ហាម​មិន​ឲ្យ​សាធារណជន​ចូល អស់​រយៈពេល​ជាង ៥០ ឆ្នាំ។ ប៉ុន្តែ​នៅ​ឆ្នាំ ១៩៨១ ក្រុម​សកម្មជន​ផ្នែក​ជីវសាស្ត្រ​មួយ​ក្រុម មក​ពី​សកលវិទ្យាល័យ​ចំនួន ២ បាន​ចាប់ផ្ដើម​បេសកកម្ម​មួយ​ហៅ​ថា «Operation Dark Harvest» ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល កម្ចាត់​សារធាតុគីមី​នៅ​លើ​កោះ​នោះ​ចោល​ភ្លាមៗ។

នៅទីបំផុត កោះ Gruinard Island ត្រូវ​បាន​គេ​បន្សាប និង​បាន​ប្រកាស​ថា​គ្មាន​សារធាតុ​គីមី នៅ​ថ្ងៃ​ទី ២៤ ខែ មេសា ឆ្នាំ ១៩៩០។ ចំណែក​ឯ អ្នក​ស្នង​ដំណែង​នៃ​ម្ចាស់​ដើម ក៏​អាច​ទិញ​កោះ​នោះ​មក​វិញ ក្នុង​តម្លៃ​ដើម ចំនួន ៥០០ ផោន នៅ​ថ្ងៃ​ទី ១ ខែ ឧសភា ឆ្នាំ ១៩៩០ ផង​ដែរ។

យ៉ាងណាក៏ដោយ អ្នក​បុរាណ​វិទូ លោក​វេជ្ជបណ្ឌិត Brian Moffat មិន​បាន​ជឿជាក់​ថា កោះ​នោះ​គ្មាន​សារធាតុគីមី​ទាំង​ស្រុង និង​អាច​រស់នៅ​បាន​ឡើយ។ «ខ្ញុំ​នឹង​មិន​ដើរ​លើ​កោះ Gruinard ឡើយ»។ លោក​វេជ្ជបណ្ឌិត​បាន​ប្រាប់​ឲ្យ​ដឹង​យ៉ាង​ដូច្នេះ៕

ប្រភព៖ wereblog   ប្រែ​សម្រួល៖ សេង ឡុង