រឿងរ៉ាវគួរឲ្យចាប់អារម្មណ៍ ទាំង១៥ ពីទីក្រុងឌូបៃ មនុស្សភាគច្រើន មិនធ្លាប់ដឹង

  • 2017-07-19 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឌូបៃ គឺ​ជា​រដ្ឋធានី​មួយ ក្នុង​ចំណោម​រដ្ឋ​ទាំង ៧ របស់​ប្រទេស​អារ៉ាប់រួម (United Arab Emirates)។ វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា ទីក្រុង​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​ឆើតឆាយ សម្បូរ​បែប និង​រីករាយ ព្រមទាំង​ជា​ទីក្រុង​ដែល​មាន​សេដ្ឋកិច្ច​ល្អ​បំផុត​មួយ នៅ​សតវត្ស​ទី​២១ នេះ​ទៀត​ផង។

ខាង​ក្រោម​នេះ​គឺ​ជា​រឿងរ៉ាវ​គួរ​ឲ្យ​ចាប់អារម្មណ៍ ទាំង ១៥ ពី​ទីក្រុង​ឌូបៃ ដែល​មនុស្ស​ភាគ​ច្រើន មិន​ធ្លាប់​បាន​ដឹង​ពី​មុន​មក៖

#១ ឌូបៃ ផលិត​ប្រេង ស្មើ​នឹង​ទំហំ​អាង​ហែលទឹក​អូឡាំពិក ចំនួន ៤,៥ ក្នុង​មួយ​ថ្ងៃ

#២ ៣៩ ភាគរយ នៃ​អគារ Burj Al Arab ទំនេរ​ចោល

សណ្ឋាគារ​លំដាប់​ផ្កាយ ៧ និង​ជា​សណ្ឋាគារ​ខ្ពស់​បំផុត​លំដាប់​ទី ៤ នៅ​លើ​ពិភពលោក អគារ Burj Al Arab មាន​កន្លែង​ទំនេរ​ចោល ចំនួន ៣៩ ភាគរយ ដែល​មិន​អាច​នៅ​បាន។ វា​ដោយ​សារ​តែ ពួកគេ​មិន​ខ្វល់​ពី​ការ​ផ្ទុក​មនុស្ស​ច្រើន នៅ​ក្នុង​អគារ​តែ​មួយ​ឡើយ ប៉ុន្តែ​ពួកគេ​បាន​ផ្ដោត​លើ​ស្ថាបត្យកម្ម​វិញ។

#៣ ឌូបៃ មាន​សួន​កម្សាន្ត​ផ្ទាល់​ខ្លួន ឈ្មោះ​ថា Dubailand

បន្ទាប់​ពី​ក្រុមហ៊ុន Disney បដិសេធ​មិន​ព្រម​សាងសង់ សួន​កម្សាន្ត Disneyland នៅ​ក្នុង​ទីក្រុង​ឌូបៃ ពួកគេ​បាន​សម្រេច​ចិត្ត​សាងសង់ សួន​កម្សាន្ត Dubailand ដែល​មាន​ទំហំ​ធំ​ជាង សួន​កម្សាន្ត Disneyland ២ ដង​ឯណោះ។ វា​ត្រូវ​ចំណាយ​អស់​ប្រហែល ៦៤,៣ ពាន់​លាន​ដុល្លារ ក្នុង​ការ​សាងសង់។

#៤ បរិមាណ​មាស​ជួញដូរ​នៅ​ទីក្រុង​ឌូបៃ ក្នុង​ឆ្នាំ ២០១៣ មាន​ចំនួន ៤០ ភាគរយ

មាស​ចំនួន ៤០ ភាគរយ ដែល​ត្រូវ​បាន​ជួញដូរ នៅ​លើ​ពិភពលោក ក្នុង​ឆ្នាំ ២០១៣ បាន​ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ ហើយ​វា​មាន​ទម្ងន់​ប្រមាណ​ជា ២ ២៥០ តោន ឬ​ស្មើ​នឹង​សត្វ​ដំរី ៣៥៤ ក្បាល។

#៥ អគារ Burj Khalifa អាច​មើល​ឃើញ​ពី​ចម្ងាយ ៩៥ គីឡូម៉ែត្រ

#៦ ឌូបៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ទីក្រុង ដែល​មាន​សុវត្ថិភាព​បំផុត​មួយ នៅ​លើ​ពិភពលោក

ជាមួយ​នឹង​អត្រា​បទ​ឧក្រិដ្ឋកម្ម ស្ទើរ​តែ​ស្មើ​សូន្យ​ភាគរយ ឌូបៃ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា ទីក្រុង​ដែល​មាន​សុវត្ថិភាព​បំផុត​មួយ នៅ​លើ​ពិភពលោក ដោយសារតែ ច្បាប់​តឹងតែង ហើយ​ប្រជាជន​មាន​សីលធម៌​ខ្ពស់។

#៧ ពន្ធ​លើ​ប្រាក់​ចំណូល នៅ​ឌូបៃ គឺ សូន្យ​ភាគរយ

#៨ ការ​ស្ទូច​ចំនួន ២០ ភាគរយ​នៅ​លើ​ពិភពលោក ធ្វើ​ឡើង​នៅ​ទីក្រុង​ឌូបៃ

#៩ ផ្សារ Dubai Mall មាន​កន្លែង​ជិះ​ស្គី​ទឹកកក នៅ​ខាង​ក្នុង​នោះ

ផ្សារ Dubai Mall មាន​ឧទ្យាន​ទឹកកក​ខាង​ក្នុង ធំ​ជាង​គេ​បំផុត​នៅ​លើ​ពិភពលោក ជាមួយ​នឹង​ផ្ទៃ​ក្រឡា ៣ ០០០ ម៉ែត្រការ៉េ និង កន្លែង​ជិះ​ស្គី​ទឹកកក​ដ៏​អស្ចារ្យ​មួយ​ផង​ដែរ។

#១០ Dubai Mall គឺ​ជា​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​លើ​ពិភពលោក

Dubai Mall គឺ​ជា​គោលដៅ​ដ៏​ល្អឥតខ្ចោះ សម្រាប់​អ្នក​ចូលចិត្ត​ដើរ​ទិញ​ឥវ៉ាន់ ដោយសារតែ​អ្នក​អាច​រក​អ្វី​គ្រប់ នៅ​ក្រោម​ដំបូល​តែ​មួយ ជាមួយ​នឹង​ហាង​ចំនួន ១ ២០០។

#១១ ស្ថានីយ​រថភ្លើង​ក្រោម​ដី ត្រូវ​បាន​សាងសង់​ឡើង ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ

ស្ថានីយ​រថភ្លើង​ក្រោម​ដី នៅ​ក្នុង​ទីក្រុង​ឌូបៃ បាន​បើក​ដំណើរការ​នៅ​ឆ្នាំ ២០០៩ ដោយ​មាន ៤២ ស្ថានីយ ហើយ​ត្រូវ​បាន​សាងសង់​ឡើង ក្នុង​រយៈពេល​ត្រឹមតែ ១៨ ខែ​ប៉ុណ្ណោះ។

#១២ ឌូបៃ មាន​អត្រា​កំណើន​ប្រជាជន​ខ្ពស់​បំផុត

នៅ​ក្នុង​ឆ្នាំ ១៩៧៥ ប្រជាជន​ទីក្រុង​ឌូបៃ មាន​ចំនួន​ប្រហែល ១៨៣ ០០០ នាក់​ប៉ុណ្ណោះ ប៉ុន្តែ​សព្វ​ថ្ងៃ វា​បាន​កើន​ឡើង​រហូត​ដល់​ទៅ ១,៦៧ លាន​នាក់។

#១៣ ឌូបៃ មាន​កន្លែង​កប់​ខ្មោច​រថយន្ត​ប្រណីត

រថយន្ត​ប្រណីត​ជា​ច្រើន ត្រូវ​បាន​គេ​បោះបង់ចោល នៅ​ទូទាំង​ទីក្រុង​ឌូបៃ ដោយសារ​តែ​វិបត្តិ​ហិរញ្ញ​វត្ថុ ព្រោះ​ការ​ពិត​រថយន្ត​ភាគ​ច្រើន ត្រូវ​បាន​ទិញ​នៅ​ពេល​សេដ្ឋកិច្ច​ផ្ទុះ​ឡើង។

#១៤ Palm Jumeirah គឺ​ជា​កោះ​សិប្បនិម្មិត​ធំ​បំផុត​លើ​ពិភពលោក

Palm Jumeirah អាច​មើល​ឃើញ​ពី​លំហ​អាកាស។ វា​មាន​ប្រវែង ៥,៤ គីឡូម៉ែត្រ ហើយ​ថែម​ទាំង​មាន​សណ្ឋាគារ ចំនួន ២៨ នៅ​លើ​នោះ​ទៀត​ផង។

#១៥ Princess Tower គឺ​ជា​អគារ​ស្នាក់​នៅ​ខ្ពស់​បំផុត​លើ​ពិភពលោក

វា​មាន ១០១ ជាន់ និង​កម្ពស់ ៤១៤ ម៉ែត្រ។ វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា អគារ​ស្នាក់​នៅ​ខ្ពស់​បំផុត​លើ​ពិភពលោក និង ខ្ពស់​បំផុត​លំដាប់​ទី ២ នៅ​ទីក្រុង​ឌូបៃ បន្ទាប់​ពី​អគារ Burj Khalifa៕

សូម​ទស្សនា​វីដេអូ​ខាងក្រោម៖

ចុចអាន៖

ប្រភព៖ Alux   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី